កសិករ រ៉ាត់ សារី ៖ អង្គការហេឡែនខេលល័រផ្តល់ចំណេះដឹងដាំដុះបន្លែជួយបង្កើនចំណូលគ្រួសារ

ថ្ងៃពុធ ទី១០ ខែកក្កដា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 148
1

ខេត្តតាកែវ -  ម៉ោង ៨ព្រឹកនេះ លោក រ៉ាត់ សារី កំពុងបើកគោយន្តភ្ជូរដីដាំដុះដំណាំឡើងវិញ បន្ទាប់ពីប្រមូលផលតាសក់ និងសណ្តែកួររួចរាល់ បានរយៈពេលមួយសប្តាហ៍ ។ ដាំដំណាំម្តងនេះ លោកត្រូវហាសដីឱ្យមានដង្ហើមរយៈពេលមួយសប្តាហ៍ទៀតបន្ទាប់ពីភ្ជួរ និងពូនរងរួច មុនចាប់ផ្តើមដាំដុះគ្រាប់ពូជតាសក់ និងសណ្តែកកួរសារជាថ្មី ។ ដាំណាំតាសក់ និងសណ្តែកកួរនេះ លោក រ៉ាត់ សារី អាចប្រមូលផលនៅចន្លោះចុងខែទី២ និងខែទី៣ ក្រោយពេលដាំដុះរួច ។ គិតជាមធ្យមលោក រ៉ាត់ សារី អាចរកចំណូលបានចន្លោះពីបីម៉ឺនរៀលទៅប្រាំម៉ឺនរៀលក្នុងមួយថ្ងៃពីការងារដាំបន្លែ ។

 

 

ដីចំការតាសក់ខាងមុខផ្ទះទំហំ ២០០ម៉ែត្រការ៉េ ហើយនៅខាងក្រោយផ្ទះមានទំហំ ៤០០ម៉ែត្រការ៉េទៀតកំពុងប្រមូលផលសណ្តែកកួរ និងតាសក់រាល់ថ្ងៃ ។ លើភូមិស្ថានក្បែរផ្លូវចូលផ្ទះ លោកដាំត្រប់វែងជាជួរ នៅពីមុខរងត្រប់មានដាំស្ពៃ និងផ្ទី អមដោយត្រកួនពេញរងកំពុងកាត់បណ្តើរៗ ។ ការងារកសិកម្មលក្ខណៈគ្រួសារនេះ លោក រ៉ាត់ សារី ទទួលបានចំណេះដឹងបន្លែមពីគ្រូបង្គោលរបស់គម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ ដែលបានអនុវត្តដោយអង្គការហេឡែនខេលល័រ អន្តរជាតិកម្ពុជា ។

 

សង្គមខ្មែរយើងកន្លងទៅធ្លាប់ឃើញតែស្ត្រីនៅផ្ទះដាំដុះបន្លែបង្កា និងធ្វើកិច្ចការជើងក្រានឆ្នាំង ប៉ុន្តែសម្រាប់គ្រួសារកសិកររស់នៅភូមិ ត្រពាំងស្រង៉ែ ស្រុកត្រាំកក់ ខេត្តតាកែវនេះវិញ បុរសជាស្វាមីជាអ្នកនៅផ្ទះធ្វើកិច្ចការសព្វមុខ និងដាំដុះបន្លែចម្រុះមុខ ចំណែកភរិយាចេញទៅធ្វើការរោងចក្រតាំងពីព្រឹកព្រលឹមរហូតដល់ល្ងាចទើបត្រឡប់មកផ្ទះវិញ ។ 

 

 

លោក រ៉ាត់ សារី កសិកររស់នៅភូមិ ត្រពាំងស្រង៉ែ ស្រុកត្រាំកក់ ខេត្តតាកែវ ៖ដាំបន្លែចម្រុះអ៊ីចឹងស្រួលយើងលក់ដូរ អ្នកភូមិចេញចូលទៅមករាល់ថ្ងៃហ្នឹង ដោយសារផ្ទះយើងមានបន្លែហូប ! ដំណាំទាំងអស់ហ្នឹង ដូចជា សណ្តែកកួរ ត្រប់ តាសក់ ស្ពៃអស់ហ្នឹង ដាំម្នាក់ឯង ព្រោះប្រពន្ធគាត់រវល់ធ្វើការងាររោងចក្រ ដល់ដាំចឹងយើងមានចំណូលខ្លះ ចំណូលប្រពន្ធមកទៀត ចឹងជីវភាពក៏ធូរធារបានច្រើនតាមហ្នឹង ! និយាយទៅចំណូលទ្វេរ ពីនេះបន្តិចនោះបន្តិច

 

បន្លែមពីលើប្រាប់ចំណូលដែលរកបានពីការងារដាំបន្លែ លោក រ៉ាត់ សារី បានបញ្ជាក់បន្ថែមថា ការងារដាំដុះបន្លែចម្រុះមុខបានជួយឱ្យគ្រួសាររបស់លោកមានបន្លែសុវត្ថិភាពទទួលទានគ្រប់គ្រាន់ ហើយបន្លែមួយចំណែកក្រៅពីលក់ដូរ លោកតែងចែករំលែកទៅកាន់អ្នកភូមិដោយមិនគិតថ្លៃ ។ ជាមធ្យម លោក រ៉ាត់ សារី អាចរកចំណូលបានចន្លោះពីបីម៉ឺនរៀលទៅប្រាំម៉ឺនរៀលក្នុងមួយថ្ងៃ ។

 

គួរបញ្ជាក់ដែរថា លោក រ៉ាត់ សារី ជាកសិករដាំដុះបន្លែសុវត្ថិភាព ដោយលោកប្រើប្រាស់វិធីសាស្ត្រដាំបន្លែតាមបច្ចេកទេសត្រឹមត្រូវ ដូចជា ការថែទាំងដំណាំដោយប្រើថ្នាំសម្លាប់សត្វល្អិតផ្សំចេញពីធម្មជាតិ ប្រើប្រាស់ជីវសរីរាង្គផ្សំពីធម្មជាតិ ព្រមទំាងចេះប្រើប្រាស់ដីដាំដុះឱ្យមានគុណភាពជាដើម ។ 

 

លោក រ៉ាត់ សារី បានទទួលចំណេះដឹងដាំដុះបន្លែបន្ថែមពីគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្ររបស់អង្គការហេឡែនខេលល័រ អន្តរជាតិកម្ពុជា គាំទ្រដោយគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ហៅកាត់ថា MUSEFO របស់អង្គការ GIZ ។ ថ្វីត្បិតគម្រោងកសិកម្មរបស់អង្គការហេឡែនខេលល័រ អន្តរជាតិកម្ពុជា បានបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤ ទៅហើយក្តី ប៉ុន្តែលោក រ៉ាត់ សារី មានបំណងចង់ឱ្យគម្រោងបន្តដំណាក់កាលទី២ បន្តទៀត ដើម្បីផ្តល់បច្ចេកទេសដាំដុះដល់កសិករផ្សេងៗ ព្រមទាំងគាំទ្រគ្រាប់ពូជដាំណាំដល់កសិករ ៕   

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង