កសិករ សឹម ណេម ទម្លាប់ដាំដុះបន្លែចម្រុះមុខបង្កើតភាពស្រស់ស្អាតដល់ភូមិស្ថាន

ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 213
1

ខេត្តតាកែវ - ក្រោមដំណក់ភ្លៀងតូចៗកំពុងបង្អុលស្រក់ជាប់គ្នាមិនដាច់បែកផ្សែងជាភ្លៀងរលឹមដើមរដូវវស្សា លោក សឹម ណេម អាយុ ៦១ឆ្នាំកំពុងដើរចងទងតាសក់ក្នុងចំការនៅព័ទ្ធជុំវិញផ្ទៃរបស់ខ្លួនលើផ្ទៃដីប្រមាណជាង ៨០០ម៉ែត្រការ៉េ ។ លោកជាកសិករដាំដុះបន្លែចម្រុះមុខជាលក្ខណៈគ្រួសាររស់នៅភូមិធ្លកដំណាក់ហ្លួង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ។ ផ្ទៃដីដាំត្រសក់ ១០០ម៉ែត្រការ៉េលោក សឹម ណេម ប្រមូលផលបានចន្លោះពី ៧០ ទៅ ៨០គីឡូក្រាម ហើយលក់បានតម្លៃ ១៧០០ រៀលក្នុងមួយគីឡូក្រាម ។

 

 

 

របរដាំតាសក់ និងបន្លែចម្រុះមុខជាលក្ខណៈគ្រួសារ លោក សឹម ណេម ចាប់ផ្តើមដាំតាំងពីឆ្នាំ២០១៩ ហើយរយៈពេលជិត ៥ឆ្នាំកន្លងទៅនេះ គ្រួសារលោកអាចមានចំណូលជាប្រចាំថ្ងៃពីមុខរបរដាំដុះដាំណាំជុំវិញផ្ទះ ។ នៅតាមរងតាសក់នីមួយៗ មានដាំពោតជាជួរ នៅក្បែរទ្រើងតាសក់មានបន្លែស្ទឹកដូចជា ស្លឹកបាស់ ម្ទេស ផ្ទី ស្លឹកគ្រៃ ននោង ត្រឡាច ត្រាវ អំពៅ ចេក និងជុំវិញផ្ទះមានដំណាំឈើហូបផ្លែគួបផ្សំមួយចំនួន ដូចជា ដូង ខ្នុង និងស្វាយជាដើម ។  

 

លោក សឹម ណេម បាននិយាយថា របរដាំដុះបន្លែចម្រុះមុខជាលក្ខណៈគ្រួសារនេះ មិនមែនជាមុខរបស់ធំដែលដាំដុះជាអាជីវកម្មនោះទេ តែជារបរស្លស្លុកជាលក្ខណៈគ្រួសារ និងចែកជូនអ្នកភូមិទទួលទានតាមរយៈការលក់ដូរបន្តិចបន្តួចតែប៉ុណ្ណោះ ។ ថ្វីត្បិតលោកយល់ដូច្នេះមែន ប៉ុន្តែបើស្តាប់ហេតុផលនៃការដាំដុះនិងលក់បន្លែបង្ការបស់លោក គ្រួសារនេះអាចរកចំណូលបានចន្លោះ ៤ម៉ឺនទៅ ៨ម៉ឺនរៀលក្នុងមួយថ្ងៃ ។ 

 

 

លោក សឹម ណេម បានបញ្ជាក់ថា ៖ខ្ញុំពេញចិត្តធ្វើការងារនេះ (ដាំបន្លែ) ដោយសារខ្ញុំបាននៅផ្ទះជុំគ្រួសារ ហើយមានរបស់របរ (បន្លែ) ហូបចុកផ្ទាល់ខ្លួនមិនចំណាយលុយកាក់ទៅទិញបន្លែខពីផ្សារ ! គឺមានតែដាំហើយគេទិញពីខ្ញុំ បើខ្ញុំមិនបានយកទៅលក់នៅផ្សារ ក៏មានគេមករកទិញដល់ផ្ទះដែរ ! នៅស្រុកស្រែមានអី មានដាំដុះតិចតួចហ្នឹង ឱ្យតែយើងទម្លាប់ដាំដុះបន្លែចម្រុះមុខអ៊ីចឹង ផ្ទះយើងក៏ស្អាតដែរ មើលទៅសុទ្ធតែបន្លែតែម្តង 

 

និយាយដល់ចំណុចត្រង់នេះ លោក សឹម ណេម ជាកសិករដែលបានចូលរួមក្នុងគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រនៅក្នុងកម្មវីធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសាររបស់អង្គការហេឡែន ខេលល័រ អន្តរជាតិកម្ពុជា ។ លោកទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដាំដុះបន្លែពីគ្រូបង្គោលសហគមន៍ គ្រាប់ពូជ និងជីសរីរាង្គពីគម្រោង ។ 

 

បើតាមលោក សឹម ណេម ទោះបីគម្រោងបានបញ្ចប់យ៉ាងណាក្តី ប៉ុន្តែលោកនៅតែបន្តដាំដំណាំបន្តទៀត ដើម្បីផ្គត់ផ្គង់ស្បៀងអាហារជាលក្ខណៈគ្រួសារ និងអាចរកចំណូលពីការងារកសិកម្មនេះ ។ 

 

សូមជម្រាបថា គម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្ររបស់អង្គការហេឡែនខេលល័រ អន្តរជាតិកម្ពុជា គាំទ្រដោយគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ហៅកាត់ថា MUSEFO របស់អង្គការ GIZ ដែលបានអនុវត្តរយៈពេលពីរឆ្នាំនៅខេត្តតាកែវ កំពត និងកំពង់ធំ ចាប់ពីឆ្នាំ២០២២ ដល់ពាក់កណ្តាលឆ្នាំ២០២៤ ៕

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង