អ្នកស្រី ង៉ែត ម៉ាល់ ជនបង្គោលកសិកម្មឃុំអង្គតាសោម ចង់ឃើញកសិករដាំដុះបន្លែសុវត្ថិភាព
ខេត្តតាកែវ - ភារកិច្ចចម្បងមួយរបស់អ្នកស្រី ង៉ែត ម៉ាល់ គឺធ្វើដំណើរចុះតាមខ្នងផ្ទះកសិករ ដើម្បីផ្ទៀងផ្ទាត់ពិនិត្យព័ត៌មានកសិកម្មរបស់កសិករសមាជិកសហគមន៍កសិកម្មឃុំអង្គតាសោម ។ អ្នកស្រីបានក្លាយជាភ្នាក់ងារដ៏សំខាន់ផ្សារភ្ជាប់ទំនាក់ទំនងរវាងកសិករទៅនឹងអង្គការស្ថាប័នផ្សេងៗ ដែលធ្វើការងារលើកកម្ពស់វិស័យកសិកម្មនៅក្នុងឃុំអង្គតាសោមទាំងមូល ។ គោលដៅតែមួយគត់ដែលស្ត្រីជើងឯកជំរុញកសិកម្មរូបនេះចង់បាន គឺចង់ឱ្យកសិករក្នុងឃុំអង្គតាសោមចេះផលិតបន្លែសុវត្ថិភាពសម្រាប់ទទួលទានជាលក្ខណៈគ្រួសារ និងលក់ផលិតផលកសិកម្មដែលមានសុវត្ថិភាពដល់អ្នកប្រើប្រាស់។
ថ្វីត្បិតមានវ័យ ៦១ ឆ្នាំទៅហើយក្តី ក៏ប៉ុន្តែអ្នកស្រី ង៉ែត ម៉ាល់ មិនដែលត្អូញត្អែរបង្ហាញពីភាពនឿយហត់ក្នុងការងារលើកកម្ពស់កសិកម្មឡើយ ។ អ្នកស្រីជឿជាក់ថា ការផលិតបន្លែសុវត្ថិភាពចេញពីសហគមន៍ដែលអ្នកស្រីកំពុងចូលរួមដឹកនាំ នឹងជួយលើកកម្ពស់ជីវភាពប្រជាកសិករឱ្យកាន់តែប្រសើរ ព្រមទាំងបង្កើតបានបន្លែសុវត្ថិភាពសម្រាប់អ្នកទទួលទាន ។ អ្នកស្រីបានបញ្ជាក់បន្ថែមថា កសិករគោលដៅក្នុងឃុំចំនួន ៣២គ្រួសារត្រូវការចំណេះដឹងកសិកម្មចាំបាច់បំផុត ដើម្បីបង្កើនផលិតភាពដាំដុះបន្លែ ព្រមទាំងពង្រឹងគុណភាពបន្លែសុវត្ថិភាពពីអ្នកជំនាញកសិកម្ម ។
អ្នកស្រី ង៉ែត ម៉ាល់ បានបញ្ជាក់ថា ការទទួលទានបន្លែដែលមានសុវត្ថិភាពជួយដល់សុខភាពអ្នកប្រើប្រាស់ ។ ប្រសិនបើកសិករកាន់តែច្រើនឡើងយល់ដឹងពីបច្ចេកទេសដាំដុះបន្លែប្រកបដោយសុវត្ថិភាព នោះមានន័យថា កសិករចូលរួមចំណែកយ៉ាងសំខាន់ដើម្បីលើកកម្ពស់សុវត្ថិភាពស្បៀងអាហារ ។ បន្ថែមលើនេះ កសិករចាំបាច់ត្រូវចេះប្រើប្រាស់ជីសរីរាង្គ ផលិតថ្នាំសម្លាប់សត្វល្អិតផ្សំពីធម្មជាតិ ព្រមទាំងយល់ដឹងពីប្រភេទដំណាំដែលត្រូវដាំដុះតាមរដូវកាល ។
សូមជម្រាបថា អ្នកស្រី ង៉ែត ម៉ាល់ មានបទពិសោធន៍ធ្វើកសិកម្ម និងដំាដុះបន្លែជាលក្ខណៈគ្រួសារជាង ៣០ឆ្នាំ ។ អ្នកស្រីជាកសិករឆ្នើមមួយនៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ក្រៅពីការងារដាំដុះបន្លែជាលក្ខណៈគ្រួសារ អ្នកស្រីជាគ្រូបង្គោលកសិកម្មដែលទទួលបានការបណ្តុះបណ្តាលពីគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្ររបស់អង្គការហេឡែនខេលល័រ អន្តរជាតិកម្ពុជា គាំទ្រដោយគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ហៅកាត់ថា MUSEFO របស់អង្គការអាឡីប៉ង់ GIZ ៕