កសិករកម្ពុជា ៤ពាន់គ្រួសារមានសមត្ថភាពធ្វើកសិកម្មឆ្លាតវៃបន្សាំទៅនឹងអាកាសធាតុប្រែប្រួល

ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 78
1

ភ្នំពេញ - កសិករកម្ពុជាក្នុងខេត្តបី រួមមានខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពត ចំនួន ៤០២១គ្រួសារ បានទទួលការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មឆ្លាតវៃ ដើម្បីបន្សាំទៅនឹងអាកាសធាតុប្រែប្រួល តាមរយៈការអនុវត្តគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រនៅក្នុងកម្មវីធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសាររបស់អង្គការហេឡែន ខេលល័រ អន្តរជាតិកម្ពុជា ។ 

 

លោក សួស សុខា ប្រធានគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ នៃអង្គការហេឡែនខេលល័រ អន្តរជាតិកម្ពុជា មានប្រសាសន៍ថា អង្គការហេឡែនខេលល័រ អន្តរជាតិកម្ពុជា បានបណ្តុះបណ្តាលបច្ចេកទេសកសិកម្មឆ្លាតវៃ ដើម្បីបន្សាំទៅនឹងអាកាសធាតុប្រែប្រួល ដែលមានវិសាលភាពគ្របដណ្តប់លើឃុំចំនួន៩០ នៃស្រុកចំនួន ១៩ ក្នុងខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពត ។

 

លោក សួស សុខា បានបញ្ជាក់បន្ថែមថា គម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ បានចូលរួមបណ្តុះបណ្តាល បច្ចេកទេសកសិកម្មឆ្លាតវៃដល់គ្រូបង្គោលកសិកម្មសរុបចំនួន ៣០០នាក់ (បីនាក់ក្នុងមួយសហគមន៍), ផ្តល់គ្រាប់ពូជបន្លែចំនួន ១៤មុខដល់គ្រួសារសរុបចំនួន ១៤៣៥ គ្រួសារ, ផ្តល់គ្រាប់ពូជស្រូវផ្ការំដួល និងសែនក្រអូបទម្ងន់ ៥០គីឡូក្រាមក្នុងមួយគ្រួសារ សរុបចំនួន ២៥៨៦ គ្រួសារ, ផ្តល់ជីសរីរាង្គទម្ងន់ ៥០គីឡូក្រាមក្នុងមួយគ្រួសារ ដល់គ្រួសារកសិករសរុបចំនួន ៤១២១គ្រួសារ, ផ្តល់ផ្ទះសំណាញ់ចំនួន ១០ (ទំហំ ១០ម x ២៥មសម្រាប់ការដាំដុះបន្លែសាកល្បង, និងផ្តល់ម៉ាស៊ីនដាំគ្រាប់ស្រូវជាជួរចំនួន ១០គ្រឿង ។

 

 

ទន្ទឹមគ្នានេះដែរ គម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្ររបស់អង្គការហេឡែនខេលល័រ អន្តរជាតិកម្ពុជា បានផ្តល់ប្រព័ន្ធសូឡាចំនួន ៦៨គ្រឿងដល់មណ្ឌលសុខភាព និងសាលាឃុំក្នុងគោលបំណងឱ្យសមាជិកសហគមន៍ទទួលបានព័ត៌មានស្តីពីអាហារូបត្ថម្ភនៅពេលពួកគាត់ទៅរកសេវាតាមមណ្ឌលសុខភាព និងសាលាឃុំទាំងនោះ ។ គម្រោងក៏បានផ្តល់ការគាំទ្របច្ចេកទេសយ៉ាងទៀងទាត់ដល់កសិករគោលដៅ រៀបចំទស្សនកិច្ចសិក្សា និងការឆ្លុះបញ្ចាំងជាមួយការកាត់ត្រាទិន្នផលស្រូវ និងបន្លែរៀងរាល់ខែ ។ 

 

សូមជម្រាបថា គម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្ររបស់អង្គការហេឡែនខេលល័រ អន្តរជាតិកម្ពុជា គាំទ្រដោយគម្រោង គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ហៅកាត់ថា MUSEFO របស់អង្គការ GIZ ដែលបានអនុវត្តរយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ពាក់កណ្តាលឆ្នាំ២០២៤ ។  គួររំលឹកដែរថា ការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់បានផ្ដល់ផលវិជ្ជមានយ៉ាងច្រើនសម្រាប់កសិករ ។ ការដាំដុះបន្លែក្នុងផ្ទះសំណាញ់កំពុងជួយឱ្យកសិករមានបន្លែសេរីរាង្គទទួលទានប្រចាំថ្ងៃ  ។ បន្លែសរីរាង្គទាំងនេះបានជួយកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ ព្រមទាំងជួយទ្រទ្រង់ដល់សុខភាពសមាជិកគ្រួសារទាំងមូល ។

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង