សមាគមនារីកម្ពុជាក្រសួងបរិស្ថានដាំដើមកោងកាង ៥ពាន់ដើមនៅខេត្តកែប


ខេត្តកែប - សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន សហការជាមួយសាលាខេត្តកែប មន្ទីរបរិស្ថានខេត្តកែប រៀបចំពិធីដាំដើមកោងកាងចំនួន ៥ពាន់ដើម នៅទីតាំងព្រៃកោងកាងនៅសហគមនេសាទភូមិថ្មី នាព្រឹកសៅរ៍នេះ ។
កម្មវិធីដាំដើមកោងកាងដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ “ថែទាំភពផែនដី ដើម្បីសុខភាពយើង” ដឹកនាំដោយលោកជំទាវ ឌិត នីតា លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ។
លោកជំទាវ ឌិត នីតា មានប្រសាសន៍ថា ដើមកោងកាងមានសារៈប្រយោជន៍សំខាន់ណាស់ចំពោះមនុស្ស សត្វ និងបរិស្ថាន ជារបាំងធម្មជាតិការពារឆ្នេរសមុទ្រពីគ្រោះធម្មជាតិ, ជាកន្លែងស្តុកកាបូន, ជាស្រទាប់ចម្រោះទឹក (សម្អាតទឹក), ជាកន្លែងសម្រាប់បង្កើតទេសចរណ៍ធម្មជាតិ, ជាប្រភពអាហារដ៏សំខាន់ (ជាជម្រកត្រីពង- កូន និងសត្វស្លាប) ។ ម្យ៉ាងទៀតព្រៃកោងកាងជាប្រភពប្រាក់ចំណូល (ផ្តល់ត្រី ក្តាម បង្គាធម្មជាតិ) ហើយក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន ផ្ដល់នូវប្រាក់ចំណូលដល់ប្រជាសហគមន៍។
លោកជំទាវ ឌិត នីតា មានប្រសាសន៍ថា ៖ “ព្រៃកោងកាង គឺជាសម្បត្តិរួមរបស់សហគមន៍ និងយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារ និងអភិរក្សព្រៃកោងកាង សម្រាប់ប្រយោជន៍រួមដល់កូនចៅជំនាន់ក្រោយ”។
សូមជម្រាបផងដែរថា ពិធីដាំដើមកោងកាងនេះ មានវត្តមានឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ក្រុមការងារយេនឌ័រ កុមារតូច សមាគមនារីក្រសួង និងបងប្អូនប្រជាសហគមន៍មន្រ្តីឧទ្យានុរក្ស ប្រមាណជិត ៣០០នាក់ ៕

