ក្រសួងការងារ​ អង្គការ Helen Keller និងគម្រោង MUSEFO ចុះកិច្ចព្រមព្រៀងលើកកម្ពស់អាហារូបត្ថម្ភនៅតាមរោងចក្រ

ថ្ងៃពុធ ទី០៤ ខែឧសភា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 523
1

ភ្នំពេញ - គម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងចិញ្ចឹមទារកនិងកុមារនៅតាមរោងចក្រសហគ្រាស បានអនុស្សារណៈនៃការយោគយល់គ្នាបីភាគី រួមមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអង្គការ Helen Keller និងតំណាងគម្រោង MUSEFO នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នៅព្រឹកថ្ងៃពុធ​​ ទី០៤ ខែមេសា នៅទីស្តីការក្រសួង ។

 

 

អ្នកស្រី Gwyneth Cotes នាយិការអង្គការ Helen Keller មានប្រសាសន៍ថា បច្ចុប្បន្នអង្គការ Helen Keller កំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារនៅតាមរោងចក្រមួយចំនួន តាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមគ្នាលើកកម្ពស់សុខភាព ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។ 

 

អ្នកស្រីបានបញ្ជាក់ថា កម្មវិធីនេះ បានផ្តោតទៅលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់នៃសុខភាព និងអាហារូបត្ថម្ភ ដូចជា ៖ 

  • សារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់សុខភាព និងការពារពីជំងឺផ្សេងៗ 
  • អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន 
  • ការថែទំាសុខភាពពេលលំហែមាតុភាព និងក្រោយសម្រាលកូន 
  • ការអប់រំ ស្តីពីការចិញ្ចឹមទារក និងកុមារតូចក្នុងកំទ្បុងពេលធ្វើការងារដើម្បីឱ្យកូនៗរបស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត ។

 

អ្នកស្រី Gwyneth Cotes នាយិការអង្គការ Helen Keller មានប្រសាសន៍បញ្ជាក់ថា ៖ការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារនៅតាមរោងចក្រនេះ នឹងផ្តល់សម្ភារអប់រំផ្សព្វផ្សាយព្រមទំាងបំពាក់ឧបករណ៍មួយចំនួន ដូចជា ទូទឹកកក តុ កៅអី កង្ហារ ម៉ាស៊ីនបូមទឹកដោះ កន្សែងជូតដៃ និងសាប៊ូលាងដៃជាដើម នៅដល់បន្ទប់បំបៅដោះកូនដែលមានស្រាប់នៅតាមរោងចក្រគោលដៅនីមួយៗ

 

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ការបង្កើតកម្មវិធីពាក់ព័ន្ធនឹងអនាម័យ និងលើកកម្ពស់អាហាររូបត្ថម្ភកុមារនៅតាមរោងចក្រសហគ្រាសនេះ គឺស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងតែអនុវត្តនៅតាមបណ្តារោងចក្រសហគ្រាសនានាក្នុងប្រទេសកម្ពុជា ។ 

 

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង  រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់បន្ថែម ៖ខ្ញុំសូមអរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈគម្រោងGIZ ដែលបានផ្តល់ការគំាទ្រយ៉ាងសកម្មក្នុងការចូលរួមអនុវត្តគម្រោងនេះ !​ គម្រោងនេះបានរួមចំណែកជំរុញបន្ថែមដល់ការថែទាំសុខភាព អនាម័យ ស្ត្រី និងកុមារឱ្យមានភាពកាន់តែប្រសើរ ស្របពេលដែលក្រសួងការងារកំពុងអភិវឌ្ឍន៍សេវា និងចេញលិខិតបទដ្ឋានថ្មីៗរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត

 

សូមជម្រាបថា ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាមួយសម្រាប់គម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងចិញ្ចឹមទារកនិងកុមារ នៅតាមរោងចក្រសហគ្រាស ប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Gwyneth Cotes នាយិការអង្គការ Helen Keller និង លោកបណ្ឌិត Farid Selmi នាយកគម្រោង MUSEFO នៃអង្គការ GIZ និងក្រុមការងារជំនាញនៃអង្គការទាំងពីរ ៕

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង