គម្រោងលើកកម្ពស់អាហារូបត្ថម្ភនៅតាមរោងចក្រ ជួយឱ្យស្ត្រីបំបៅកូនដោយទឹកដោះម្តាយពេញលេញ
កំពង់ធំ - លោកស្រី Gwyneth Cotes នាយិកាអង្គការហេទ្បែន ខេលល័រ អន្តរជាតិ ប្រចាំកម្ពុជា មានប្រសាសន៍ថា គម្រោងលើកកម្ពស់អាហារូបត្ថម្ភនៅតាមរោងចក្រ នឹងជួយឱ្យស្ត្រីបំបៅកូនដោយទឹកដោះម្តាយបានពេញលេញ ។ លើសពីនេះស្ត្រីជាម្តាយមានអារម្មណ៍ល្អស្រស់ថ្លានៅកន្លែងធ្វើការ មានសុខភាពល្អ ផលិតភាពការងារកើនឡើង ព្រមទាំងកាត់បន្ថយការចំណាយលើការធានារ៉ាប់រងសុខភាពបុគ្គលិក។ ការលើកឡើងនេះ នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូនគំរូនៅសាលាខេត្ត និងមន្ទីរកិច្ចការនារីខេត្តកំពង់ធំ កាលពីថ្ងៃអង្គារ៍កន្លងទៅ ។
នាយិកាអង្គការហេទ្បែន ខេលល័រ អន្តរជាតិ ប្រចាំកម្ពុជា លោកស្រី Gwyneth Cotes បានបញ្ជាក់ថា ការសិក្សាស្រាវជ្រាវនៅប្រទេសផ្សេងនាពេលកន្លងមក បានរកឃើញថា គម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការ បានផ្តល់ដំណោះស្រាយសមស្របដោយចំណាយតិចតួច ហើយអនុញ្ញាតឱ្យនិយោជិកជាស្ត្រីនៅតែអាចបន្តបំបៅកូនដោយទឹកដោះម្តាយនៅពេលពួកគេត្រឡប់មកធ្វើការវិញ ។
នាយិកាអង្គការហេទ្បែន ខេលល័រ អន្តរជាតិ បានបញ្ជាក់ថា ៖ “គម្រោងលើកកម្ពស់អាហារូបត្ថម្ភនៅតាមរោងចក្រផ្តល់ជាវេទិកាមួយដល់ស្ត្រី ដើម្បីពួកគេមានឱកាសចូលរួមក្នុងកម្មវិធីសំខាន់ផ្សេងៗ ដូចជា ការអប់រំអាហារូបត្ថម្ភនិងអនាម័យ ការអប់រំការចិញ្ចឹមទារកនិងកុមារ ការប្រឹក្សាលើរបបអាហារនិងសុខភាពរបស់ស្រ្តី និងច្បាប់ការងារជាដើម”។
ចំពោះគម្រោងសាកល្បងលើកកម្ពស់អាហារូបត្ថម្ភនៅតាមរោងចក្រនៅកម្ពុជា លោកស្រីជឿជាក់ថា គម្រោងនឹងផ្តល់មេរៀនល្អៗទៅកាន់ស្ត្រី ស្តីពីលំហែមាតុភាព និងតម្រូវការរៀបចំបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ ព្រមទាំងខ្លឹមសារលើប្រាក់បៀវត្សដែលមានចែងក្នុងច្បាប់ការងារកម្ពុជា និងគាំទ្រឱ្យម្តាយអាចបន្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយ:ពេល ៦ខែ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងស្របតាមការប្តេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលកម្ពុជា ។
សូមជម្រាបថា ការផ្តល់ចំណេះដឹងតាមរយៈការសាកល្បងអនុវត្តគម្រោងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារនៅតាមរោងចក្រ សហគ្រាស និងកន្លែងធ្វើការ មានរយៈពេល ១៨ខែ កំពុងអនុវត្តនៅឆ្នាំ២០២២ ។ កន្លងទៅអង្គការហេទ្បែន ខេលល័រ អន្តរជាតិ រំពឹងថា បុគ្គលិក កម្មករ និងកម្មការិនីកម្ពុជាប្រមាណជាង ២ម៉ឺននាក់នឹងទទួលបានចំណេះដឹងស្តីពីអាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារនៅកន្លែងធ្វើការ ។
គម្រោងរយៈពេល ១៨ខែនេះ នឹងជ្រើសរើសកន្លែងធ្វើការ ៤ប្រភេទ ដើម្បីអនុវត្តសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារនៅកន្លែងធ្វើការ រួមមាន រោងចក្រ ស្ថាប័នរដ្ឋ ធនាគារ និងការិយាល័យអង្គការមិនមែនរដ្ឋាភិបាល ឬអង្គការសហប្រជាតិ ដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត និងខេត្តកំពង់ធំ ។ ការសាកល្បងអនុវត្តគម្រោងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារនៅតាមរោងចក្រ ទទួលបានការគាំទ្រពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី ៕