អ្នកជំនាញ ៖ ចំណេះដឹង​យុវជនជាកូនសោសុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភ

ថ្ងៃពុធ ទី១៦ ខែមិនា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 766
1

ភ្នំពេញ - អ្នកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ មានប្រសាសន៍ថា យុវជនជាតួអង្គសំខាន់សម្រាប់ការផ្លាស់ប្តូរឥរិយាបថ និងជាអ្នកដឹកនាំលើការងារលើកកម្ពស់របបអាហារសុខភាព និងសុវត្ថិភាពចំណីអាហារប្រកបដោយនិរន្តរភាពសម្រាប់ទាំងអស់គ្នា ។  ចំណេះដឹងអាហារូបត្ថម្ភសម្រាប់យុវជន អាចជួយដល់ស្ត្រីនិងកុមារតូច ដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ ។ ការលើកឡើងនេះ នៅក្នុងវេទិការយុវជនស្តីពីសុវត្តិភាពចំណីអាហារ កាលពីថ្ងៃអង្គារ៍ម្សិលមិញ នៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ។ 

អ្នកស្រីបណ្ឌិតតំណាងគម្រោង MUSEFO មានប្រសាសន៍បញ្ជាក់ថា ៖ “ចំណេះដឹងសុវត្ថិភាពចំណីអាហារត្រូវគិតគ្រប់ដំណាក់កាលទាំងអស់ រាប់ចាប់ពីការគ្រប់គ្រង រហូតដល់ការរៀបចំ និងការរក្សាទុក។ ទន្ទឹមនេះ យុវជនជាតួអង្គសកម្មខ្លាំងនៅក្នុងប្រព័ន្ធស្បៀង និងសុវត្ថិភាពចំណីអាហារ ដូច្នេះសូមប្រើសំឡេងរបស់អ្នកលើកកម្ពស់ការយល់ដឹង”

ស្របគ្នានេះដែរ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏មានប្រសាសន៍ដែរថា ការចែករំលែកចំណេះដឹងស្តីពីបញ្ហាសុវត្ថិភាពម្ហូបអាហារពីយុវជនទៅកាន់គ្រួសារនិងសហគមន៍ នឹងជួយលើកកម្ពស់សុខភាព និងសុវត្ថិភាពស្បៀងអាហារប្រកបដោយប្រសិទ្ធភាព ។ 

អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានបញ្ជាក់បន្ថែមថា អាហារគ្មានសុវត្ថិភាពបង្កការគំរាមកំហែងដល់សុខភាពជាសាកល និងបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប។ ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺគឺងាយរងគ្រោះជាមួយនឹងបញ្ហាសុវត្ថិភាពម្ហូបអាហារ។  ចំណីអាហារគ្មានសុវត្ថិភាពបានបង្កើតវដ្តដ៏កាចសាហាវនៃជំងឺរាគរូសនិងកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ស្ថានភាពអាហារូបត្ថម្ភរបស់អ្នកដែលងាយរងគ្រោះបំផុត។ 

កញ្ញា ឈុន បូរមី អ្នកសម្របសម្រួលក្រុមយុវជនជើងឯកអាហារូបត្ថម្ភនៃ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ ។

ចំណែកកញ្ញា ឈុន បូរមី អ្នកសម្របសម្រួលក្រុមយុវជនជើងឯកអាហារូបត្ថម្ភនៃ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ បាននិយាយថា បញ្ហាសុវត្ថិភាពចំណីអាហារគឺជាកង្វល់របស់យុវជនទាំងអស់។ យុវជនព្រួយបារម្ភខ្លាំងពីចំណីអាហារដែលដាក់លក់លើទីផ្សារសព្វថ្ងៃនេះ ជាពិសេសបន្លែ ផ្លែឈើ ត្រី សាច់និងផលិតផលិតផលអាហារកែច្នៃ ដែលប្រើប្រាស់សារធាតុគីមីលើសកម្រិត។ 

“សូមស្នើសុំឱ្យសមត្ថកិច្ច និងអ្នកជំនាញគ្រប់លំដាប់ថ្នាក់មេត្តាត្រួតពិនិត្យសុវត្ថិភាព និងគុណភាពចំណីអាហារជាប្រចាំ ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយលើសារអប់រំស្តីពីសុវត្ថិភាពចំណីអាហារទូទាំងប្រទេស ឱ្យបានទៅដល់អ្នកផលិត អ្នកចែកចាយ និងអ្នកលក់ដូរផងដែរ”។  កញ្ញា ឈុន បូរមី អ្នកសម្របសម្រួលក្រុមយុវជនជើងឯកអាហារូបត្ថម្ភនៃ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ ។ 

សូមជម្រាបថា នៅក្នុងកិច្ចពិភាក្សាដែលមានវាគ្មិនចូលរួមមកពីអន្តរក្រសួងទាំង ៦ព្រមទាំងក្រុមយុវជជើងឯកអាហារូបត្ថម្ភអង្គការ ហេទ្បែន  ខេលល័រ អន្តរជាតិ បានផ្តល់នូវសេចក្តីសន្និដ្ឋានសរុប ៧ចំណុច រួមមាន ១. សុវត្ថិភាពចំណីអាហារគឺជាបញ្ហានិងកង្វល់រួមតម្រូវឱ្យភាគីពាក់ព័ន្ធធ្វើការរួមគ្នាដើម្បីដោះស្រាយ។ ២. កម្ពុជាចាំបាច់ត្រូវបញ្ចប់និងប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារឱ្យបានឆាប់រហ័ស និងពង្រឹងការអនុវត្តន៍ច្បាប់ ។ ៣. បង្កើនសកម្មភាពទទួលខុសត្រូវរួមជាអន្តរក្រសួង ។ ៤. គួរមានកម្មវិធីឃោសនាផ្សាយទ្រង់ទ្រាយធំលើ​ផល​ប៉ះ​ពាល់របស់ចំណីអាហារដែលគ្មានសុវត្តិភាពលើសុខភាពនិងសេដ្ធកិច្ចដោយមានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំកំពូល។

ទន្ទឹមគ្នានេះ ចំណុចសំខាន់ទី ៥. គួរមានការត្រួតពិនិត្យជាប្រចាំលើសុវត្តិភាពចំណីអាហារសម្រាប់ផលិតផលម្ហូបអាហារទាំងអស់ ហើយចាត់វិធានការម៉ឺងម៉ាត់លើអ្នកផលិត អ្នកចែកចាយ និងអ្នកលក់ដូរដែលរំលោភបំពានលើច្បាប់ ឬស្តង់ដារ និងបទបញ្ញត្តិពាក់ព័ន្ធសុវត្ថិភាពចំណីអាហារដែលមានជាធរមាន។ ៦. ប្រើប្រាស់យន្តការដែលមានស្រាប់ ឬបង្កើតយន្តការថ្មីដោយមានការចូលរួមពីតំណាងយុវជនក្នុងដំណើរការដោះស្រាយបញ្ហាសុវត្ថិភាពចំណីអាហារ ។ ៧. ត្រូវបន្តពង្រឹងការចេញវិញ្ញាបនប័ត្របញ្ចាក់ជូនកសិករផលិត និងអ្នកលក់ដូរចំពោះបន្លែ ផ្លែឈើ និងចំណីអាហារដែលកំណត់ថាមានសុវត្ថិភាពដើម្បីធានា សុខមាលភាពរបស់អ្នកទទួលទាន៕

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង