អ្នកជំនាញចំណីអាហារ ៖ ស្រឡាញ់សុខភាពគ្រប់គ្នាត្រូវគិតពីសុវត្ថិភាពចំណីអាហារជាចម្បង
ភ្នំពេញ - ចំណីអាហារជាសារធាតុឬផលិតផលទាំងឡាយណាដែលបានកែច្នៃរួចទាំងស្រុង ឬកែច្នៃបឋម ឬមិនទាន់កែច្នៃក្នុងគោលបំណងបរិភោគដោយមនុស្ស ។ ស្រឡាញ់សុខភាពផ្ទាល់ខ្លួន និងគ្រួសារ មនុស្សគ្រប់រូបត្រូវគិតពីសុវត្ថិភាពចំណីអាហាររាល់ពេលទទួលទានប្រចាំថ្ងៃ ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជំនាញសុវត្ថិភាពចំណីអាហារ ។
លោកឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ក្រសួងសុខាភិបាល មានប្រសាសន៍ថា សុវត្ថិភាពចំណីអាហារ ជាវិទ្យាសាស្ត្រមួយដែលធានាថាគ្រប់ដំណាក់កាលនៃខ្សែច្រវ៉ាក់ផលិតកម្មចំណីអាហារមានអនាម័យ និងគ្មានសារធាតុបង្កគ្រោះថ្នាក់ក្នុងផលិតផលសម្រេច ។
លោកបានបន្តថា អត្ថប្រយោជន៍នៃសុវត្ថិភាពចំណីអាហារ អាចជួយកាត់បន្ថយការពុលចំណីអាហារ, ការពារសុខភាពអ្នកប្រើប្រាស់, បង្កើនសេដ្ឋកិច្ចគ្រួសារ, លើកស្ទួយកិត្តិយសអាជីវកម្មក្នុងស្រុកនិងប្រទេសជាតិ, ពង្រីកទីផ្សារដោយបង្កើនការនាំចេញផលិតផលចំណីអាហារ, បង្កើនការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយចំណាកស្រុក, ព្រមទាំងចូលរួមបង្កើនសេដ្ឋកិច្ចជាតិ ។
លោកឱសថការី អាំង ហុកស្រ៊ុន បានបញ្ជាក់ថា ដើម្បីធានាថា ចំណីអាហារទទួលទានមានសុវត្ថិភាព ប្រជាពលរដ្ឋចាំបាច់ត្រូវដឹងពីសារធាតុបង្កគ្រោះថ្នាក់ក្នុងចំណីអាហារ រួមមាន ពពួកមីក្រូសាពាង្គកាយ (បាត់តេរី ប៉ារ៉ាស៊ីត និងវីរុស) សារធាតុគីមីពុល (ធម្មជាតិ និងកែច្នៃ) ព្រមទាំងសារធាតុរូបសាស្រ្ត ។
“មានតែរក្សាទម្លាប់រស់នៅឱ្យមានអនាម័យ លាងសម្អាតដៃ ប្រើប្រាស់ទឹកស្អាត និងផឹកទឹកដែលមានសុវត្ថិភាព ទើបធានាថា មនុស្សម្នាក់នៅក្នុងគ្រួសារមានសុខភាពល្អ ។ សុវត្ថិភាពចំណីអាហារត្រូវគិតចាប់តាំងពីរូបភាពដាំដុះនៅកសិដ្ឋាន រហូតដល់តុអាហារ” នេះជាការបញ្ជាក់បន្ថែមរបស់លោកឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ក្រសួងសុខាភិបាល ។
សូមជម្រាបថា ក្រសួងសុខាភិបាលបានកំណត់ថា ចំណីអាហារជាសារធាតុ ឬផលិតផលទាំងឡាយណាដែលបានកែច្នៃរួចទាំងស្រុង ឬកែច្នៃបឋម ឬមិនទាន់កែច្នៃក្នុងគោលបំណងបរិភោគដោយមនុស្ស ។ ចំណីអាហារាប់ទាំងភេសជ្ជៈ ស្ករកៅស៊ូសម្រាប់ទំពារ និងសារធាតុផ្សេងៗដែលប្រើប្រាស់ក្នុងការផលិតរៀបចំ ឬប្រព្រឹត្តកម្មចំណីអាហារ លើកលែងតែផលិតផលចំណីសត្វ ផលិតផលឱសថ ផលិតផលថ្នាំជក់ ផលិតផលណាកូទិក ថ្នាំសណ្តំគ្រឿងញៀន ៕