អង្គការ FAO បន្តគាំទ្រក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ
ភ្នំពេញ - អ្នកស្រី Rebeckah Bell នាយិកាអង្គការស្បៀងនិងកសិកម្មអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (FAO) មានប្រសាសន៍ថា អង្គការស្បៀងនិងកសិកម្មអង្គការសហប្រជាជាតិ នឹងបន្តគាំទ្រក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅកម្ពុជាឱ្យកាន់តែប្រសើរ ពិសេសគាំទ្រដល់ផែនការនិងសកម្មភាពមួយចំនួនដែលក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទបានដាក់ចេញ ។
ការលើកឡើងនេះនៅក្នុងឱកាសអ្នកស្រីបានជួបពិភាក្សាការងារលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅកម្ពុជា ជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ កាលពីថ្ងៃអង្គារ៍ ទី០៥ ខែមេសាកន្លងទៅ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ។
នាយិកាអង្គការស្បៀងនិងកសិកម្មអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (FAO) មានប្រសាសន៍បញ្ជាក់ថា អង្គការស្បៀងនិងកសិកម្មអង្គការសហប្រជាជាតិនឹងបន្តគាំទ្រដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទតាមរយៈផែនការនិងសកម្មភាពមួយចំនួន ដូចជា ការវាយតម្លៃបឋមលើប្រព័ន្ធគ្រប់គ្រងចំណីអាហារកម្ពុជា, ការន្លឿនការអនុវត្តយុទ្ខសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី២ឆ្នាំ ២០១៩-២០២៣, អាហារូបត្ថម្ភសម្រាប់កំណើន, ផែនទីផ្លូវប្រព័ន្ធស្បៀង, ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី២ឆ្នាំ ២០១៩-២០២៣, ការពង្រឹងបណ្តាញយុវជនប្រព័ន្ធផ្សព្វផ្សាយ និងវិស័យឯកជនសម្រាប់អាហារូបត្ថម្ភ, ការពង្រឹងក្រុមការងារថ្នាក់ខេត្ត-ក្រុងសម្រាប់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ, ការតាមដាននិងវាយតម្លៃការវិនិយោគ ឬវិភាគថវិកាដើម្បីពន្លឿនការអនុវត្តយុទ្ខសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភជាដើម ។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការស្បៀងនិងកសិកម្មអង្គការសហប្រជាជាតិដែលតែងតែផ្តល់ជំនួយបច្ចេកទេស និងថវិកាដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទក្នុងការលើកកម្ពស់វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅកម្ពុជា ។ ឯកឧត្តមមានប្រសាសន៍ថា អង្គការស្បៀងនិងកសិកម្មអង្គការសហប្រជាជាតិដែលបាននិងកំពុងយកចិត្តទុកដាក់គាំទ្ររាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ហើយនេះជាការចូលរួមចំណែកមួយជួយដល់ប្រជាជនកម្ពុជា ។
“ខ្ញុំស្នើសុំឱ្យអ្នកស្រីនាយិកាបន្តកិច្ចសហការដ៏ល្អនេះបន្តទៀតដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិង អាហារូបត្ថម្ភឱ្យកាន់តែប្រសើរឡើង ជាពិសេសគាំទ្រទាំងបច្ចេកទេសនិងថវិកាដល់លេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងគាំទ្រដល់សកម្មភាពអនុវត្តអនុសាសន៍ទាំងប្រាំមួយចំណុចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី២ឆ្នាំ ២០១៩-២០២៣” ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ។
សូមជម្រាបថា អនុសាសន៍ទាំងប្រាំមួយចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ ២០១៩-២០២៣ រួមមាន ៖
- ការសម្របសម្រួល ការរៀបចំយុវជនជើងឯកអាហារូបត្ថម្ភ ផ្សព្វផ្សាយអប់រំស្តីពីសុវត្ថិភាពចំណីអាហារ របបអាហារសុខភាព ។
- ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យដែលគិតគូពីអាហារូបត្ថម្ភ ។
- រៀបចំទិវាជាតិអាហារូបត្ថម្ភ និងទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ ។
- កសាង និងពង្រឹងសមត្ថភាពក្រុមគ្រូបង្គោលសម្រាប់បណ្តុះបណ្តាលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅថ្នាក់ខេត្ត ព្រមទាំងបញ្ជ្រាបការងារសន្តិសុខស្បៀងនិងអាហារូបត្ថម្ភទៅក្នុងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំសង្កាត់ ។
- គាំទ្រដល់ការអនុវត្តផែនការសកម្មភាពការងារនៅគោលដៅយុទ្ធសាស្រ្តនៃចលនាបង្កើនអាហារូបត្ថម្ភពិភពលោក (SUN Movement) (២០២១-២០២៥) ដែលសម្របសម្រួលដោយតំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ ។
- គាំទ្រលើកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន លើកិច្ចសន្ទនាស្តីពីប្រព័ន្ធស្បៀង សុវត្ថិភាពចំណីអាហារ, គាំទ្រលើគំនិតផ្តួចផ្តើមផលិតផលមួយប្រទេសមួយ ដែលដឹកនាំដោយការិយាល័យប្រចាំតំបន់របស់អង្គការ, គាំទ្រលើគំនិតផ្តួចផ្តើមផលិតផលមួយប្រទេសមួយ ដែលដឹកនាំដោយការិយាល័យប្រចាំតំបន់របស់អង្គការស្បៀងនិងកសិកម្មអង្គការសហប្រជាជាតិជាដើម ៕