ការអនុវត្តគម្រោង​ MUSEFO កំពុងលើកកម្ពស់​​​​​​​សន្តិសុខ​ស្បៀង​​និង​អាហារូបត្ថម្ភ​នៅ​កម្ពុជាកាន់តែប្រសើរ

ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 574
1

ភ្នំពេញ - តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការដឹកនាំ​គម្រោងពហុវិស័យ​សន្តិ​សុខ​ស្បៀ​ងនិងអាហារូបត្ថម្ភនៅកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍នេះ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា គម្រោងពហុវិស័យ​សន្តិ​សុខ​ស្បៀងនិង​អាហារូ​បត្ថម្ភ​នៅ​កម្ពុជា (MUSEFO) បាន​ចូលរួម​​ចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និង​ភាព​អត់​ឃ្លា​ន​​​នៅកម្ពុជា ។ គម្រោង​កំពុង​យកចិត្ត​ទុក​ដាក់​​​ទៅលើការលើកកម្ពស់​សន្តិសុខស្បៀង និង​អាហារូបត្ថម្ភ​របស់​កុមារ​និងស្រ្តីក្នុងវ័យបន្តពូជ ។

ឯកឧត្តមអគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានបញ្ជាក់ថា គម្រោង​ពហុវិស័យ​សន្តិសុខ​ស្បៀងនិងអា​ហា​រូ​ប​ត្ថ​ម្ភ​​នៅកម្ពុជា ​ជា​ជំនួ​យ​​ឥតសំណង​របស់រដ្ឋាភិបាល​នៃសាធារណៈរដ្ឋ​សហពន្ឋ័អា​ល្លឺ​ម៉​ង់ ​តាមរយៈ​អង្គការ GIZ ដែលបានចុះកិច្ចព្រមព្រៀង​អនុវត្ត​ជាមួ​យរាជ​រដ្ឋា​ភិបា​ល​កម្ពុ​ជា​ តំណា​ង​ដោ​យ​​ក្រុមប្រឹក្សាស្តារ​អភិវឌ្ឍន៏​វិស័យ​កសិកម្ម​និង​ជន​ប​ទ​​​​ ។ ​

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ថ្លៃងសន្ទរកថា កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការដឹកនាំ​គម្រោងពហុវិស័យ​សន្តិ​សុខ​ស្បៀ​ងនិងអាហារូបត្ថម្ភនៅកម្ពុជា តាមប្រព័ន្ធអនឡាញ ។  

គម្រោងពហុវិស័យ​សន្តិ​សុខ​ស្បៀងនិង​អាហារូ​បត្ថម្ភ​នៅ​កម្ពុជា (MUSEFO) ជាផ្នែកមួយ​​​នៃ​កម្មវិធី​សកលស្តីពី​សន្តិសុខ​ស្បៀងនិង​អាហារូបត្ថម្ភ ការពង្រឹងភាពធន់​នឹង​​អាកា​ស​ធាតុ​ ក្រោមគំនិត​ផ្តួចផ្តើម​ពិសេសស្តីពី​ពិភពលោក​មួយគ្មាន​ភាពអត់ឃ្លាន ​(One World, No Hunger Initiative) របស់ក្រសួង​សហប្រតិបត្តិការ​សេដ្ឋ​កិច្ចនិង​អភិ​វឌ្ឍន៏​​​នៃសាធារណៈរដ្ឋសហពន្ឋ័​អាល្លឺ​ម៉ង់​ ​តាមរយៈ​អង្គការជីអាយហ្សីត ​។ 

មន្ត្រីជាន់ខ្ពស់កម្ពុជា បានឱ្យដឹងទៀត​ថា ៖ "គម្រោង​ MUSEFO បាន​ចូលរួមចំណែក​ធ្វើឱ្យប្រសើរ​ឡើងនូវ​ស្ថានភាព​​​សន្តិសុខស្បៀង​និងអាហារូបត្ថម្ភ​របស់ជន​ក្រីក្រ​និង​ជន​​ងា​យ​រង​​គ្រោះ ពិសេស​កុមារនិងស្រ្តី​ក្នុង​វ័យ​​បន្តពូជ​នៅក្នុងខេត្តកំពតនិងកំពង់ធំ តាមរយៈ (១)ការផ្តល់​សេវា​លើកកម្ពស់​​សុខភាពនិង​សេវា​អាហារូបត្ថម្ភ​ (២)​ការ​ធ្វើ​​កសិ​កម្ម​​ដោយ​​គិតគូរដល់អាហារូបត្ថម្ភ​តាមរយៈការបង្កើន​ផលិតកម្ម​កសិកម្ម​ចម្រុះ​មុខដំណាំ​សម្រាប់​​បរិភាគ​ក្នុងគ្រួសារផង​និងលក់​នៅ​លើទីផ្សារផង (៣) ការ​ផ្ត​ល់​​ចំ​ណេះ​​​ដឹង ​និង​ធ្វើ​សកម្មភាព​​ដើម្បីផ្លាស់​ប្តូរ​ឥរិយាបទបុគ្គលនិង​សង្គម និង (៤) អភិបាលកិច្ចលើ​វិស័យ​សន្តិសុខស្បៀង​និង​អាហារូបត្ថម្ភ"។ 

គម្រោង MUSEFO ក៏បានជួយ​ដល់​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍វិស័យ​កសិកម្មនិងជនបទ ក្នុងការអនុវត្ត​​នូវ​ផែនការ​សកម្មភាព​​នានា នៅក្នុង​យុទ្ធសាស្រ្ត​​​ជាតិ​ស្តីពី​សន្តិ​សុ​ខ​​ស្បៀង​​និង​អាហារូបត្ថម្ភក្នុងចលនា​បង្កើន​អាហារូបត្ថម្ភនៅកម្ពុជា ព្រមទាំងជួយ​កសាងសមត្ថភាព​របស់​គ្រូ​បង្គោល​លើវិស័យ​សន្តិសុខស្បៀង និង​អាហារូបត្ថម្ភ​​​សម្រា​ប់​​ធ្វើការ​បណ្តុះ​បណ្តាល​បន្ត​នៅថ្នាក់​ជាតិ​និងថ្នាក់ក្រោម​ជាតិ។ នៅពេលបច្ចុប្បន្ននេះ គម្រោង​​ក៏​​នៅជួយផ្សព្វផ្សាយ​យុទ្ធសាស្រ្ត​ជាតិស្តីពី​​សន្តិសុខ​ស្បៀង​និង​អាហា​រូបត្ថម្ភលើកទី២ ទៅដល់​ថ្នាក់​ក្រោមជាតិ ជួយគាំទ្រការឆ្លើយតបទៅនឹង​ការរាតត្បាត​នៃជំងឺ​កូវីដ១៩ ។

គម្រោង​ពហុវិស័យ​សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា បានគាំទ្រការឆ្លើយតបទៅនឹង​ការរាតត្បាត​នៃជំងឺ​កូវីដ១៩ អ្វីខ្លះ? ឯកឧត្តមបានបញ្ជាក់ថា គម្រោង បាន​​ផ្តល់​កញ្ចប់​​អាហារជូន​ស្រ្តីមានផ្ទៃពោះ ការផលិតវីដេអូ​អប់រំ និងការប្រមូល​ទិន្នន័យពីផលប៉ះពាល់​ដោយសារជំងឺ​កូវីដ១៩​​​ ទៅលើ​ការទទួលបានស្បៀង ការមាន​ស្បៀង​ និងប្រាក់ចំណូលគ្រួសារនីមួយៗជាដើម ។ លើសពីនេះ គម្រោងបាន​ជួយ​រៀបចំ​កិច្ចសន្ទនា​ថ្នាក់ជាតិ​ស្តីពី​ប្រព័ន្ធស្បៀង​នៅកម្ពុជានិងផ្តល់សម្ភារ:ប្រជុំវីដេអូពី​ចម្ងាយ​​ (Video​ Conference) សម្រាប់ ២៤ខេត្ត ​​​​​​​និងជួយកសាង​សមត្ថភាព​​ដល់​ក្រុមប្រឹក្សាឃុំ​ សង្កាត់ លើវិស័យសន្តិសុខ​ស្បៀង​​និង​អាហារូបត្ថម្ភ។

ដោយឡែកនៅខេត្តកំពត និងកំពង់ធំ គម្រោងពហុវិស័យសន្តិសុខ​ស្បៀង​​និង​អាហារូបត្ថម្ភ​នៅកម្ពុជា បានចូលរួម​ចំណែក​បង្កើនការមានស្បៀង​ និងការ​ទទួលបាន​ស្បៀង​ដែល​មានសារៈជាតិចិញ្ចឹម តាមរយៈ​​ការបង្កើន​ផលិតកម្មកសិកម្មចម្រុះ​ និងធ្វើឱ្យ​ប្រសើរឡើង​នូវសេវា​អាហារូបត្ថម្ភ​​សម្រាប់ស្រ្តីមានផ្ទៃពោះ និង​កុមារអាយុ​ក្រោម២ឆ្នាំ ។ កម្មវិធីនេះតាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​កម្មវិធីជាតិ​អាហារូបត្ថម្ភ ពិសេសជួយដល់​មន្ទីរ​សុខាភិបាល មណ្ឌល​សុខភាព​ខេត្តកំពតនិងកំពង់ធំ ដើម្បី​បង្កើត​​ជាយន្តការផ្តល់ប្រឹក្សាលើបញ្ហា​អាហារូបត្ថម្ភ ។ 

ទន្ទឹមគ្នានេះ គម្រោង​បាន​និងកំពុងជួយដល់​ក្រុមគាំទ្រ​សុខភាពភូមិ ក្រុមប្រឹក្សាឃុំ តាមរយៈការផ្តល់សេវា​អប់រំ​អាហារូបត្ថម្ភ និងការបង្កើនការយល់ដឹង​អំពីសារៈ​សំខាន់​នៃ​​អាហារូបត្ថម្ភ​ ការរស់នៅស្អាត និងរបៀបធ្វើម្ហូបឱ្យមានសារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ ដើម្បីកាត់បន្ថយបញ្ហាកង្វះ​អាហារូបត្ថម្ភ​របស់ស្ត្រី និងកុមារ ។ 

ក្រុមប្រឹក្សាស្តារ​អភិវឌ្ឍន៏​វិស័យកសិកម្មនិងជនបទ បានបញ្ជាក់ថា ដើម្បីចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបានអត្រា​ការបំបៅ​កូន​ដោយ​ទឹកដោះម្តាយឲ្យបាន ៨៥% នៅត្រឹមឆ្នាំ២០៣០ គម្រោង GIZ និង MUSEFO បានសហការជាមួយ​អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​កំពុងរៀបចំដំណើរការសាកល្បង​ការអនុវត្តគម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស ​និង​កន្លែង​ធ្វើ​ការ ។ 

គម្រោងគម្រោងពហុវិស័យ​សន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅកម្ពុជានឹងផ្តល់ជាវេទិកាមួយដល់ស្ត្រី​ដើម្បីពួកគាត់មានឱកាសចូលរួមក្នុងកម្មវិធីសំខាន់ៗ​​ដូច​ជា​ការ​អប់​​រំ​​អាហារូ​បត្ថម្ភនិងអនាម័យ ការអប់រំ​ការចិញ្ចឹម​ទារក​និង​កុមារ​ ការប្រឹក្សាលើរបបអាហារនិង​សុខភាព​​ស្រ្តីនិងច្បាប់​ការ​ងា​រ​ ។ បន្ថែមលើនេះគ​ម្រោង​ក៏នឹង​ផ្តល់​ជូន​នូវ​ដំណោះស្រាយសមស្រប​​ដែលអនុញ្ញាតឱ្យនិយោជិក​ជា​ស្ត្រីនៅ​​តែអាចបន្តបំបៅកូនដោយទឹកដោះម្តាយ នៅពេលពួកគាត់ត្រឡប់មកពីធ្វើការវិញ ។ 

គម្រោង GIZ និង MUSEFO បានសហការជាមួយ អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ (RACHA) ធ្វើការអន្តរាគមន៍​ផ្តោតលើស្ត្រីក្នុងវ័យ​បន្តពូជ​ជា​ពិ​សេ​ស​ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនដោយ​ទឺកដោះម្តាយ អ្នកថែទាំ បុរសជាប្តីនិងសមាជិកគ្រួសារជាបុរស ដែលមានកូនអាយុក្រោម២ឆ្នាំ ​។ ការលើកកម្ពស​សុ​ខ​​​ភាព​នេះ ​ដើម្បីឱ្យ​ពួក​គាត់​មាន​ចំណេះ​ដឹង និងមានការផ្លាស់ប្តូរឥរិយាបថនៅក្នុងសហគមន៍ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយ​អំពី​អភិបា​ល​កិច្ច​អាហា​រូប​​​ត្ថ​​​ម្ភសហគមន៍ ព្រមទាំង​ជំរុ​ញ​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមប្រឹក្សាឃុំ​ដាក់​បញ្ចូល​សកម្មភាព​​អាហារូបត្ថម្ភដែលទាក់ទងនឹងកសិកម្ម អ​នា​ម័​យ​ទៅ​ក្នុ​ង​ផែ​នការ​វិនិ​យោគ​បី​ឆ្នាំ​រំកិ​ល​ឃុំ សង្កាត់ ។ 

តាមរយៈកិច្ចប្រជុំក្នុងថ្ងៃនេះ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជឿជាក់ថានឹងផ្តល់ឱកាសឱ្យអ្នកពាក់ពន្ឋ័បាន​ស្វែ​ងយ​ល់​ពី​លទ្ឋផល និង​សមិទ្ឋផល​​សំខាន់ៗ ដែលគម្រោងសម្រេចបាន និង​ដាក់​ចេ​ញ​ទិ​សដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត ដើម្បីរួម​ចំណែក​អនុវត្តផែ​ន​ការអាទិភា​ព​នា​នា​​នៅក្នុង​យុទ្ធសាស្រ្ត​ជាតិស្តី​ពី​សន្តិសុខស្បៀង ​និងអាហារូបត្ថម្ភ​ លើកទី២​ ឆ្នាំ​២០​១៩ ដល់២០២៣ ។ ទន្ទឹមគ្នានេះ ស្របតាមផែនការ​យុទ្ឋសាស្រ្ត​ជាតិ​តាម​វិស័យ​នានា​​​ឱ្យទទួលបាន​លទ្ធ​ផលល្អ ដើម្បីឆ្លើយ​តបទៅ​នឹង​គំនិត​ផ្តួចផ្តើម​ពិភពលោក​មួយគ្មាន​ភាពអត់​ឃ្លាន ​(One World, No Hunger Initiative) និង​គោលដៅ​អភិ​វឌ្ឍ​​​​ប្រកបដោយចីរភាព​ឆ្នាំ២០៣០ ពិសេសគោលដៅទី២ គឺបញ្ចប់​​ភាព​អត់​ឃ្លាន សម្រេចឱ្យ​បានសន្តិសុខ​ស្បៀង ធ្វើឱ្យ​ប្រសើ​​រ​​ឡើងស្ថានភាព​អាហារូបត្ថម្ភ និង​លើក​កម្ពស់​​កសិកម្ម​ប្រកបដោយចិរភាព ។ 

សូមជម្រាបថា កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការដឹកនាំ​គម្រោងពហុវិស័យ​សន្តិ​សុខ​ស្បៀ​ងនិងអាហារូបត្ថម្ភនៅកម្ពុជា មាន​គោលបំណង​​​សំខាន់បី រួម​មាន​ ទី១ ពិនិត្យលើ​​របាយការណ៌​វឌ្ឍនភាព​និង​សមិទ្ធផល​ការងារ​សម្រេចបាននិងបញ្ហាប្រឈមនានាក្នុងឆ្នាំ២០២១ ទី២ ពិនិត្យសម្រេចលើផែនការ​សកម្មភាព​ការ​ងារ​សម្រាប់អនុវត្ត​ក្នុង​ឆ្នាំ២០២២ ទី៣ រៀបចំផែនការ​​យុទ្ធសាស្ត្រ​​រយៈពេល​វែងរបស់​គម្រោងពហុវិស័យ​សន្តិសុខស្បៀង​និង​អាហារូបត្ថម្ភនៅកម្ពុជា និងស្វែងរក​ការ​គាំទ្រ​​ពី​ក្រសួង​ស្ថា​ប័ន​ពាក់ព័ន្ឋ​នានា ។

កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការដឹកនាំ​គម្រោងពហុវិស័យ​សន្តិ​សុខ​ស្បៀ​ងនិងអាហារូបត្ថម្ភនៅកម្ពុជា មានការចូលរួមពីលោក ជូស កាឌែល (Jost KADEL) អនុប្រធានបេសកកម្ម និងជាប្រធាន​កិច្ចសហប្រតិបត្តិការ នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំ​កម្ពុជា, លោកជំទាវ យូ សុគន្ធ អភិបាលរង​នៃគណៈ​អភិ​បាល​ខេត្តកំពត, ឯកឧត្តម ព្រីម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ, លោក Farid Salmi ប្រធាន MUSEFO, លោកស្រី ចាន់ ធារី នាយិកាអង្គការ RACHA, លោក​ ហូ ក្រើន នាយករងអង្គការហេទ្បែន ខេលល័រ អន្តរជាតិ, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងលោក លោក​ស្រី​ដែល​ជាមន្ត្រីគម្រោង MUSEFO ៕ 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង