អង្គការស្បៀងពិភពលោកប្រគល់សៀវភៅច្បាប់សុវត្ថិភាពម្ហូបអាហារ ១ពាន់ក្បាលដល់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់


ភ្នំពេញ - អង្គការស្បៀងអាហារពិភពលោក ( FAO) ប្រចាំប្រទេសកម្ពុជា បានប្រគល់សៀវភៅច្បាប់សុវត្ថិភាពម្ហូបអាហារ ១ពាន់ក្បាលដល់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីប្រើប្រាស់និងផ្សព្វផ្សាយបន្តដល់គ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានជួបកញ្ញា Rebekah Bell តំណាងអង្គការស្បៀងអាហារពិភពលោក ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បត្តិ៍កន្លងទៅ។
ទន្ទឹមគ្នានេះ ភាគីទាំងពីរបានលើកឡើងពីស្ថានភាពទូទៅនៃការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជា ដែលជាប្រព័ន្ធពហុស្ថាប័នផ្អែកតាមគោលការណ៍ Integrated Food Chain Approach ដើម្បីធានាលក្ខខណ្ឌតម្រូវឱ្យម្ហូបអាហារត្រូវអនុវត្តនៅតាមគ្រប់ដំណាក់កាលនៃខ្សែច្រវ៉ាក់ផលិតកម្ម។
គួរបញ្ជាក់ថា កម្ពុជាបានប្រកាសដាក់ឱ្យប្រើច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ។ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារនេះ មាន១១ជំពូក និង៤៣មាត្រា មានកំណត់អំពីក្របខ័ណ្ឌនិងយន្តការសម្រាប់គ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងភាពស្របច្បាប់ នៃម្ហូបអាហារ ក្នុងគ្រប់ដំណាក់កាល នៃខ្សែចង្វាក់ផលិតកម្ម ម្ហូបអាហារ ដើម្បីផ្ដល់ការការពារសុខភាព និងសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់៕

