ឯកឧត្តមវេជ្ជបណ្ឌិត សយ អ៊ឹង ៖ រដ្ឋបាលឃុំ-សង្កាត់ដើរតួនាទីសំខាន់បញ្ជ្រាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

ថ្ងៃច័ន្ទ ទី៣១ ខែតុលា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 260
1

ត្បូងឃ្មុំ - នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ នៃស្រុកអូររាំងឪ និងក្រុងសួង ខេត្តត្បូងឃ្មុំ ឯកឧត្តមវេជ្ជបណ្ឌិត សយ អ៊ឹង អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា រដ្ឋបាលឃុំ-សង្កាត់ដើរតួនាទីសំខាន់ដើម្បីបញ្ជ្រាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភទៅកាន់ប្រជាពលរដ្ឋ ។ 

 

វគ្គបណ្តុះបណ្តាលដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៣៥នាក់ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលានេះ រៀបចំឡើងដើម្បីផ្តល់ចំណេះដឹងបន្ថែមអំពីសារៈសំខាន់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ស្វែងយល់អំពីសកម្មភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលដឹកនាំសម្របសម្រួលដោយរដ្ឋបាលឃុំ-សង្កាត់ ។ ន្ថែមលើនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងវិធីសាស្ត្រក្នុងបញ្ជ្រាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភទៅក្នុងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ឃុំ -សង្កាត់ ។ 

 

 

ឯកឧត្តមវេជ្ជបណ្ឌិត សយ អ៊ឹង ក៏បានលើកឡើងដែរថា ៖ គ្រប់រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំបញ្ជ្រាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ-សង្កាត់ ៣ឆ្នាំរំកិល ដើម្បីលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិ”

 

ដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ-សង្កាត់ប្រកបដោយបរិយាបន្ន គឺជាវិធីសាស្ត្រ និងជាឧបករណ៍ជួយសម្រួលការអនុវត្តន៍គោនយោបាយ និងយុទ្ឋសាស្ត្រនានា ឱ្យស្របតាមកំណែទម្រង់វិមជ្ឈការសម្រាប់ការអភិវឌ្ឍន៍បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងដើម្បីឱ្យក្រុមប្រឹក្សាឃុំ - សង្កាត់ បង្កើនចំណេះដឹងលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងសហគមន៍  នេះបើតាមប្រសាសន៍ឯកឧត្តមវេជ្ជបណ្ឌិត សយ អ៊ឹង អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។

 

គួររំលឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ថា សន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាសិទ្ធិមូលដ្ឋានរបស់បុគ្គលម្នាក់ៗនៅក្នុងសង្គមកម្ពុជា ដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញាអន្តរជាតិស្ដីពីសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ។ ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ និងចាត់ទុកវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាបញ្ហាអន្តរវិស័យមួយដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ភាពចម្រុងចម្រើននៃសង្គមជាតិ និងសមធម៌សង្គម ។ 

 

 

លើសពីនេះ ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតបទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបា ដាក់ចេញកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ធន់នឹងភាពងាយរងគ្រោះ វិបត្តិ និងបញ្ហាផ្សេងៗ ការពារបរិស្ថាន និងជួយកាត់បន្ថយផលប៉ះពាល់នៃការបប្រួលអាកាសធាតុ និងមានចីរភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប រួមនឹងភពផែនដី និងវិបុលភាព ។

 

បើតាមក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានបង្ហាញថា សន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាបញ្ហាអន្តរវិស័យតម្រូវឱ្យមានកិច្ចសហការល្អ ការសម្របសម្រួល ការអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ ទឹកស្អាតនិងអនាម័យ គ្រប់គ្រងធនធានទឹក គាំពារសង្គម យេនឌ័រ និងវិស័យពាក់ព័ន្ធនានា ។ កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្រសួងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន សហគមន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមយុវជន អ្នកសារព័ត៌មាន ដើម្បីអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រតាមវិស័យនិងអន្តរវិស័យខាងលើ គឺជាកត្តាចាំបាច់ ដើម្បីដោះស្រាយភាពស្មុគស្មាញនៃឫសគល់អសន្ដិសុខស្បៀងនិងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ ។

 

រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បានខិតខំយកចិត្តទុកដាក់ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់ប្រជាជន ហើយបានចាត់ទុកសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានរំលេចនៅក្នុងយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដំណាក់កាលទី៤ (២០១៨-២០២៣) ជាពិសេសក្នុងចតុកោណទី១ មុំទី ៣. ការលើកកម្ពស់សេវាសុខភាពសាធារណៈនិងអាហារូបត្ថម្ភ និងចតុកោណទី៤ មុំទី១ ការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទ នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩ - ២០២៣ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (SDGC) ឆ្នាំ២០១៦ - ០៣០ ៕

 

 

រូបភាពដកស្រង់ពីអង្គការ FAO 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន