អង្គការហេហ្វឺអន្តរជាតិកម្ពុជាផ្តល់ត្រាក់ទ័រ ០២គ្រឿងជួយសហគមន៍កសិកម្មចិញ្ចឹមមាន់នៅខេត្តស្វាយរៀង


ស្វាយរៀង - អង្គការហេហ្វឺអន្តរជាតិកម្ពុជា បានប្រគល់ត្រាក់ទ័រ ០២គ្រឿងដល់សហគមន៍កសិកម្មម៉ឺនជ័យសាមគ្គីស្វាយចេក ខេត្តស្វាយរៀង នៅក្នុងគម្រោង "សហគ្រាសកែច្នៃផលិតផលមាន់ស្រែខ្មែរ សម្រាប់មោទនភាពជាតិកម្ពុជា" ។ ការផ្តល់ជូននឹងចូលរួមពង្រឹងនិងលើកកម្ពស់ការបង្កើនផលិតផលកសិកម្ម និងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ តាមរយៈការបណ្តុះបណ្តាល និងផ្តល់ទុនវិនិយោគសម្រាប់អនុវត្តសកម្មភាពកសិពាណិជ្ជកម្មផ្តោតលើខ្សែច្រវ៉ាក់ផលិតកម្មនៃការចិញ្ចឹមមាន់ស្រែខ្មែរ និងបន្លែសុវត្ថិភាព ។
ការប្រគល់ត្រាក់ទ័រជូនសហគមន៍កសិកម្មនេះ បានប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការសហគមន៍ម៉ឺនជ័យសាមគ្គីស្វាយចេក ភូមិម៉ឺនជ័យ ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក សុខ សុធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេសអង្គការហេហ្វឺអន្តរជាតិកម្ពុជា អភិបាលស្រុក មេឃុំ និងប្រជាសហគមន៍ ។
លោកបណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេសអង្គការហេហ្វឺអន្តរជាតិកម្ពុជា មានប្រសាសន៍ថា អង្គការហេហ្វឺអន្តរជាតិកម្ពុជា បានទទួលថវិកាជំនួយចំនួនជាង ៤សែនបីម៉ឺនដុល្លារសហរដ្ឋអាម៉េរិកតាមរយៈការចូលរួមបដិភាគពីសហគមន៍កសិកម្ម ដើម្បីប្រើប្រាស់សម្រាប់វិនិយោគទៅលើគម្រោងលើកកម្ពស់ជីវភាពប្រជាជន ។
លោកបានបញ្ជាក់ថា ថវិកាខាងលើបានប្រើប្រាស់សម្រាប់ទិញយានយន្តដឹកផលិតផលកសិកម្ម ០៣គ្រឿង បង្កើតផ្សារសហគមន៍កសិកម្ម ០១កន្លែង ទិញត្រាក់ទ័រ ០៣គ្រឿង ម៉ូតូ ០១គ្រឿង ទិញឧបករណ៍បសុពេទ្យក្នុងសហគមន៍កសិកម្មសម្រាប់ ១៤នាក់ ។
ទន្ទឹមគ្នានេះ ដើម្បីសម្រេចគម្រោងកម្មវិធីខ្សែច្រវ៉ាក់សហគ្រាសកែច្នៃផលិតផលមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិកម្ពុជា អង្គការហេហ្វឺអន្តរជាតិកម្ពុជាបានរៀបចំនៅខ្សែច្រវ៉ាក់សំខាន់ៗចំនួន ៥ រួមមាន គ្រួសារកសិករផលិតស៊ុតមាន់ស្រែខ្មែរសម្រាប់ភ្ញាស់, កសាងកសិដ្ឋានភ្ញាស់កូនមាន់ស្រែស្តង់ដារ, គាំទ្រគ្រួសារកសិករផលិតមាន់យកសាច់, កសាងសហគ្រាសកែច្នែផលិតផលមាន់ស្រែខ្មែរ, និងបង្កើតទីផ្សារ និងការចែកចាយផលិតផលមាន់ស្រែខ្មែរយកសាច់ ។
បើតាមអង្គការហេហ្វឺអន្តរជាតិកម្ពុជា គម្រោងខាងលើនឹង ផ្តល់ប្រយោជន៍ដោយ ផ្ទាល់ ដល់គ្រួសារកសិករប្រមាណ ១៥១ ០៨៩ គ្រួសារ (គិតត្រឹមឆ្នាំ ២០២៦) ក្នុងខេត្តចំនួន ១១ ។ កិច្ចការនេះនឹងអាចបង្កើតប្រាក់ ចំណូល ដល់កសិករ និងរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនការផ្គត់ផ្គង់ស៊ុតមាន់ កូនមាន់ មាន់យកសាច់ និងផលិតផលសាច់មាន់កែច្នៃ និងវេចខ្ចប់ លើកកម្ពស់មាន់ស្រែខ្មែរនៅក្នុងស្រុក ព្រមទាំងកាត់បន្ថយការនាំចូលសាច់មាន់ពីប្រទេសជិតខាង៕
សូមជម្រាបថា ដើម្បីសម្រេចគម្រោងកម្មវិធីដ៍ធំនេះ អង្គការហេហ្វឺអន្តរជាតិកម្ពុជាកំពុងសហការជាមួយសហគមន៍កសិកម្មចំនួន៥២ ក្នុងខេត្តចំនួន១១ អង្គការដៃគូ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

