ក្រសួងអប់រំដាក់ចេញអភិក្រម ៥ចំណុចទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩
ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញអភិក្រមអប់រំសុខភាពចំនួន ៥ចំណុចដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ការដាក់ចេញអភិក្រមអនុវត្តចំនួន ៥ចំណុចទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅពេលនេះ ក្រសួងមានគោលបំណងធានាសុខសុវត្ថិភាព សុខភាព និងអនាម័យជូនដល់គ្រឹះស្ថានសិក្សា ដែលជាចំណុចសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា អភិក្រមអនុវត្តចំនួន ៥ចំណុចដែលក្រសួងអប់រំបានដាក់ឱ្យអនុវត្ត រួមមាន ទី១. បង្កើតបរិយាកាសក្នុងគ្រឹះស្ថានសិក្សាល្អប្រសើរប្រកបដោយសុវត្ថិភាព ដើម្បីការពារត្រួតពិនិត្យសិស្ស រួមបញ្ចូលទាំងការប្រឹក្សាអំពីសុខភាពផ្លូវចិត្ត និងការលើកទឹកចិត្តដល់មាតាបិតា សហគមន៍ក្នុងការចូលរួមគ្រប់គ្រងសាលារៀន។ ទី២. អនុវត្តសិក្សាតាមបែបចម្រុះ ដោយរួមបញ្ចូលគ្នានូវការរៀនក្នុងថ្នាក់ក្នុងសាលារៀន ការរៀនតាមប្រព័ន្ធឌីជីថល ការរៀនតាមទូរទស្សន៍ ការរៀនតាមក្រដាសកិច្ចការ និងការរៀនដោយខ្លួនឯង។
ចំណែកទី៣. អនុវត្តកម្មវិធីសិក្សាដោយមានភាពទន់ភ្លន់ដោយផ្ដល់អាទិភាពដល់ការរៀនអាន និងគណិតវិទ្យានៅកម្រិតដំបូងនៅបឋមសិក្សា និងការរៀនតាមបែបសង្កេត និងស្វ័យសិក្សានៅកម្រិតមធ្យមសិក្សា ការរៀនតាមកម្មវិធីសិក្សាបង្រួញដោយផ្ដោតលើមុខវិជ្ជាសំខាន់ៗ និងមានរៀបចំជាសេចក្តីសង្ខេបមេរៀនសម្រាប់សិស្សរៀនដោយខ្លួនឯង ។
ទី៤. ប្រើប្រាស់ខ្លឹមសារឌីជីថលបង្កើតឡើងដោយគ្រូឆ្នើមដើម្បីអាចជួយដោះស្រាយបញ្ហាកង្វះគ្រូនៅតំបន់ជនបទ ក៏ដូចជាកង្វះគ្រូដែលមានសមត្ថភាព និងទី៥. បន្តអនុវត្តកំណែទម្រង់សាលារៀន ដើម្បីធ្វើឱ្យសាលារៀនមានទំនួលខុសត្រូវចំពោះមាតាបិតា សហគមន៍ តាមរយៈការផ្លាស់ប្ដូរវប្បធម៌សាលារៀន និងការលើកទឹកចិត្តឱ្យសហគមន៍ចូលរួមក្នុងការគ្រប់គ្រងសាលារៀន និងការគាំទ្រដល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ។
សូមជម្រាបថា ដាក់ចេញអភិក្រមអនុវត្តចំនួន ៥ចំណុច បានប្រកាសនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់គោលការណ៍ប្រតិបត្តិស្ដង់ដា ស្ដីពីការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅនាព្រឹក កាលពីព្រឹកថ្ងៃអង្គារ៍កន្លងទៅ ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ៕