ក្រសួងសុខាភិបាលពិចារណាពីការប្រើប្រាស់គ្រាប់ថ្នាំមីក្រូសារជាតិដល់ស្ត្រីមានផ្ទៃពោះ ជំនួសគ្រាប់ថ្នាំជាតិដែក-ហ្វូលីកអាស៊ីត

ថ្ងៃអង្គារ៍ ទី២៦ ខែកក្កដា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 377
1

ភ្នំពេញ -  ទាក់ទងទៅនឹងការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិដល់ស្ត្រីមានផ្ទៃពោះ អ្នកជំនាញមកពីក្រសួងសុខាភិបាលបានបញ្ជាក់ថា គ្រាប់ថ្នាំមីក្រូសារជាតិសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ ប្រយោជន៍ដើម្បីសុខភាពរបស់មាតានិងទារកនៅក្នុងផ្ទៃរបស់ម្តាយ។ បន្ថែមពីលើនេះ ក្រសួងសុខាភិបាលពិចារណាពីការប្រើប្រាស់គ្រាប់ថ្នាំមីក្រូសារជាតិដល់ស្ត្រីមានផ្ទៃពោះ ជំនួសគ្រាប់ថ្នាំជាតិដែក-ហ្វូលីកអាស៊ីត។

 

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការដឹកនាំសម្របសម្រួលការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះនៅកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពីការណែនាំគម្រោងសាកល្បងការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិដល់ស្ត្រីមានផ្ទៃពោះ រៀបចំដោយអង្គការ Helen Keller សហការជាមួយក្រសួងសុខាភិបាល, អង្គការ UNICEF, និងឧបត្ថម្ភដោយអង្គការ Vitamin Angels នាព្រឹកថ្ងៃចន្ទនេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ 

 

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងសិក្ខាសាលាស្តីពីការណែនាំគម្រោងសាកល្បងការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិដល់ស្ត្រីមានផ្ទៃពោះ រៀបចំដោយអង្គការ Helen Keller

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី មានប្រសាសន៍បញ្ជាក់ថា អង្គការសុខភាពពិភពលោកបានអនុម័តបញ្ចូលគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះនេះ ទៅក្នុងបញ្ជីឱសថសារវន្ដរបស់ខ្លួនរួចទៅហើយ ដែលអនុញ្ញាតឱ្យប្រទេសនីមួយៗរួមទាំងកម្ពុជាផងដែរ បញ្ចូលគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះនេះក្នុងបញ្ជីឱសថសារវន្ដរបស់ខ្លួនបាន។ កម្ពុជានឹងសិក្សាសាកល្បងលើការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្រ្តីមានផ្ទៃពោះ ដោយសិក្សាមើលការទទួលយក, អាត្រាគ្របដណ្តប់, ក្លិន, រស់ជាតិ, ផលប៉ះពាល់ និងតម្លៃក្នុងការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ ជំនួសគ្រាប់ថ្នាំជាតិដែកដល់ស្រ្តីមានផ្ទៃពោះ។ 

 

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី បញ្ជាក់ថា ៖ការសិក្សាសាកល្បងការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្រ្តីមានផ្ទៃពោះជំនួសគ្រាប់ថ្នាំជាតិដែកនេះ គឺជាអាទិភាពខ្ពស់របស់ក្រសួងសុខាភិបាលយើង ដូចដែលមានចែងនៅក្នុងឯកសារពង្រាងនៃផែនទីបង្ហាញផ្លូវដើម្បីពន្លឿនការលើកកម្ពស់អាហារូបត្ថម្ភផង និងផែនការជាតិស្តីពីការគ្រប់គ្រងកុមារមានបញ្ហាស្គមស្គាំងផងដែរ   

 

លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមទៀតថា យោងលើលទ្ធផលការអង្កេតថ្នាក់ជាតិកន្លងមកបានឱ្យដឹងថា ស្ត្រីចំនួន ៦២% និងកុមារ ៦៤% មានបញ្ហាកង្វះជាតិស័ង្កសី។ កង្វះជាតិហ្វូលេតនៅតែជាបញ្ហាដែលប៉ះពាល់ដល់ស្ត្រី ១៨% ។ កង្វះជីវជាតិ D ក៏ជាបញ្ហាសុខភាពសាធារណៈកម្រិតមធ្យមនៅក្នុងប្រទេសផងដែរ ដែលប៉ះពាល់ដល់ស្ត្រីកម្ពុជា ៣១%  

 

លើសពីនេះទៀតស្ត្រីចំនួន ៧៨% និងកុមារ ៦៦% មានកំហាប់ជាតិអ៊ីយ៉ូតនៅក្នុងទឹកនោមមិនគ្រប់គ្រាន់តាមស្តង់ដារឡើយ។ កង្វះជីវជាតិ B1 ក្នុងចំណោមស្ត្រីក៏ត្រូវបានរកឃើញថាស្ថិតនៅកំរិតដែលមានបញ្ហាផងដែរ។ ម្យ៉ាងវិញទៀត ទោះបីជាអត្រានៃភាពស្លេកស្លាំងខ្ពស់ក្នុងចំណោមស្ត្រីកម្ពុជាក៏ដោយ ក៏ឃើញថា មានស្ត្រីតែ ០៣% ប៉ុណ្ណោះមានបញ្ហាខ្វះជាតិដែក ហើយជាង ៦០% ទៀតមានបញ្ហាអេម៉ូក្លូប៊ីនមិនប្រក្រតី  ឬបញ្ហា genetic។ ទាំងអស់នេះ សរបញ្ជាក់ច្បាស់ថាស្រ្តីកម្ពុជាត្រូវការមីក្រូសារជាតិមួយចំនួនផ្សេងទៀត ដូចជា ជាតិស័ង្កសី ជាតិហ្វូលេត ជាតិអ៊ីយ៉ូត ជីវជាតិ D ជីវជាតិ B1 ជាដើមក្រៅពីជាតិដែក។  

 

ចំណែកលោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រចំនួន២៦ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនៅទូទាំងពិភពលោកបានរកឃើញថា ការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះជំនួសគ្រាប់ថ្នាំជាតិដែកដល់ស្រ្តីមានផ្ទៃពោះនឹងជួយការពារនិងកាត់បន្ថយហានិភ័យជាច្រើនដល់ស្ត្រីជាម្តាយនិងទារក។ 

 

លោក ហ៊ូ ក្រើន បានឱ្យដឹងថា ការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះជំនួសគ្រាប់ថ្នាំជាតិដែកដល់ស្រ្តីមានផ្ទៃពោះ នឹងជួយការពារនិងកាត់បន្ថយហានិភ័យនឹង ដូចជា បញ្ហាទារកស្លាប់ក្នុងផ្ទៃទារកកើតមិនគ្រប់គីឡូ, ទារកក្នុងផ្ទៃមិនឡើងទម្ងន់, ទារកកើតមិនគ្រប់ខែជាដើម។ 

 

ការសិក្សាក៏បានរកឃើញថា អត្រាស្លាប់របស់ស្រ្តីមានផ្ទៃពោះត្រូវបានកាត់បន្ថយជាអតិបរមា ហើយជួយកាត់បន្ថយ និងការពារស្រ្តីមានផ្ទៃពោះដែលមាបញ្ហាស្លេកស្លាំងស្រាប់ហើយនោះ ពីហានិភ័យធ្ងន់ធ្ងរលើការសម្រាលកូនមុនពេលគ្រប់ខែ, សម្រាលកូនមិនគ្រប់គីឡូ និងបញ្ហាមិនឡើងទម្ងន់របស់ម្តាយក្នុងអំឡុងពេលមានផ្ទៃពោះ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller  

 

ដោយឡែកលោកស្រី Selamawit Negash អ្នកឯកទេសផ្នែកសុខភាព និងអាហារូបត្ថម្ភ នៃអង្គការយូនីសេហ្វ មានប្រសាសន៍ថា យូនីសេហ្វ មានការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងសាកល្បងគ្រាប់ថ្នាំមីក្រូសារជាតិ ដោយសារតែគ្រាប់ថ្នាំនេះ បានផ្តល់អាទិភាពនៅក្នុងផែនទីផ្លូវជាតិសម្រាប់ពន្លឿនការលើសកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា។ 

 

លោកស្រី Selamawit Negash អ្នកឯកទេសផ្នែកសុខភាព និងអាហារូបត្ថម្ភ បានលើកឡើងថា កង្វះអាហារូបត្ថម្ភរបស់មាតា គឺជាកត្តាកំណត់ដ៏សំខាន់នៃលទ្ធផលនៃការមានផ្ទៃពោះមិនល្អ។ កង្វះអាហារូបត្ថម្ភរបស់មាតាមិនត្រឹមតែបង្កើនហានិភ័យនៃជំងឺមាតា និងមរណភាពប៉ុណ្ណោះទេ ថែមទាំងហានិភ័យនៃការផ្តល់កំណើតដល់ទារកដែលមានទំងន់ពីកំណើតទាប ដែលនាំឱ្យទារកស្ថិតក្នុងគន្លងនៃផលវិបាកអវិជ្ជមានរយៈពេលវែង រាប់ចាប់ពីការចុះខ្សោយនៃការលូតលាស់ និងការអភិវឌ្ឍន៍ក្នុងវ័យកុមារភាពរហូតដល់រ៉ាំរ៉ៃ និងជំងឺក្នុងវ័យជំទង់។ 

 

សូមជម្រាបថា គម្រោងសាកល្បងការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិដល់ស្ត្រីមានផ្ទៃពោះ នឹងធ្វើឡើងនៅក្នុងខេត្តកំពង់ធំ សម្រាប់រយៈពេល ២៤ខែ ដោយចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៤ ដើម្បីវាយតម្លៃកត្តាដែលមានឥទ្ធិពលលើការប្រើប្រាស់គ្រាប់ថ្នាំមីក្រូសារជាតិក្នុងចំណោមស្ត្រីមានផ្ទៃពោះនៅកម្ពុជា។ ការសិក្សានេះនឹងជ្រើសរើសអ្នកចូលរួមចំនួន ៧៤៥នាក់ រួមទាំងស្ត្រីមានផ្ទៃពោះនៅក្នុងមណ្ឌលសុខភាពចំនួន២០ ។ ស្ត្រីមានផ្ទៃពោះក្នុងក្រុមថ្នាំជាតិដែកនឹងទទួលបានគ្រាប់ថ្នាំចំនួន ៩០គ្រាប់ ស្របតាមគោលការណ៍ណែនាំរបស់ប្រទេសកម្ពុជា ខណៈដែលស្ត្រីមានផ្ទៃពោះក្នុងក្រុមគ្រាប់ថ្នាំមីក្រូសារជាតិ នឹងទទួលបានគ្រាប់ថ្នាំ ១៨០គ្រាប់ ៕

 

លោកស្រី Selamawit Negash អ្នកឯកទេសផ្នែកសុខភាព និងអាហារូបត្ថម្ភ នៃអង្គការយូនីសេហ្វ នៅក្នុងសិក្ខាសាលាស្តីពីការណែនាំគម្រោងសាកល្បងការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិដល់ស្ត្រីមានផ្ទៃពោះ រៀបចំដោយអង្គការ Helen Keller

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន