ក្រសួងសុខាភិបាលគ្រោងដាក់ឱ្យប្រើប្រាស់ឯកសារយុទ្ធសាស្រ្តលើកកម្ពស់អាហារូបត្ថម្ភសម្រាប់ស្ត្រីនិងកុមារ
ភ្នំពេញ - ក្រសួងសុខាភិបាលសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍បានរៀបចំចងក្រងឯកសារថ្មីមួយ ស្តីពីយុទ្ធសាស្រ្តប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថសម្រាប់លើកកម្ពស់អាហារូបត្ថម្ភមាតា ទារក និងកុមារតូចនៅកម្ពុជា ។ ឯកសារថ្មីនេះ គ្រោងនឹងប្រកាសឱ្យប្រើប្រាស់នៅពេលឆាប់ៗខាងមុខ ដើម្បីកាត់បន្ថយកង្វះអាហារូបត្ថម្ភលើស្ត្រីមានផ្ទៃពោះនិងក្រោយសម្រាល មាតា ទារក និងកុមារតូច ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិកាក្រសួងសុខាភិបាល មានប្រសាសន៍នៅក្នុងវេទិកាប្រគល់ពានរង្វាន់អ្នកសារព័ត៌មានឆ្នើមលើកកម្ពស់អាហារូបត្ថម្ភ កាលពីថ្ងៃសុក្រ ទី២២ ខែមេសាកន្លងទៅ នៅសណ្ឋាគារភ្នំពេញ ។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិកាក្រសួងសុខាភិបា មានប្រសាសន៍ថា ឯកសារយុទ្ធសាស្ត្រថ្មីនេះមានគោលដៅផ្លាស់ប្តូរឥរិយាបថសម្រាប់លើកកម្ពស់អាហារូបត្ថម្ភ មាតា ទារក និងកុមារតូចនៅកម្ពុជា ផ្តោតសំខាន់លើក្រុមគោលដៅចំនួនបីដែលក្រសួងបានកំណត់ ។
- ក្រុមគោលដៅទី១ ជាបុគ្គលដែលទទួលខុសត្រូវជាចម្បងលើលទ្ធផលអាហារូបត្ថម្ភរបស់មាតា ទារក និងកុមារតូច អាយុក្រោម ២ឆ្នាំ រួមមាន ស្ត្រីមានផ្ទៃពោះ ម្ដាយ និងអ្នកថែទាំកុមារអាយុសូន្យដល់ ២៤ខែ ។
- ក្រុមគោលដៅទី២ រួមមាន អ្នកផ្ដល់សេវាសុខភាព សមាជិកគ្រួសារ និងសហគមន៍ ក្រុមទ្រទ្រង់សុខភាពភូមិ ក្រុមប្រឹក្សាឃុំ ជាដើម គឺជាក្រុមមនុស្សសំខាន់ៗដែលអាចមានឥទ្ធិពល លើក្រុមគោលដៅទី១ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរឥរិយាបថដែលក្រសួងកំពុងលើកកម្ពស់ និងជាក្រុមមនុស្សដែលអាចជួយលុបបំបាត់ឧបសគ្គផ្សេងៗ ព្រមទាំងបង្កើតបរិយាកាសអំណោយផលលើការផ្លាស់ប្តូរឥរិយាបថ ។
- ក្រុមគោលដៅទី៣ ជាអ្នកពាក់ព័ន្ធដែលអាចកៀរគរនិងវិភាជធនធាននានា ។ ក្រុមនេះមានឥទ្ធិពលលើការតាក់តែងគោលនយោបាយតាមវិស័យនានាពាក់ព័ន្ធនឹងអាហារូបត្ថម្ភមាតា ទារក និងកុមារតូច និងមានឥទ្ធិពលលើក្រុមគោលដៅទី១ និងទី២ តាមរយៈការឆ្លើយតបចំពោះឧបសគ្គនានា និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការផ្លាស់ប្ដូរឥរិយាបថពាក់ព័ន្ធនឹងអាហារូបត្ថម្ភមាតា ទារក និងកុមារតូច។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី មានប្រសាសន៍បញ្ជាក់ថា ៖ “ក្រសួងសុខាភិបាលនិងដៃគូពាក់ព័ន្ធ ចាំបាច់ត្រូវតែរៀបចំយុទ្ធសាស្ត្រប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ប្ដូរឥរិយាបថឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងផែនការសកម្មភាពជាក់លាក់សម្រាប់កម្ពុជា ដោយសារតែបច្ចុប្បន្ននេះ អត្រានៃបញ្ហាអាហារូបត្ថម្ភនៅកម្ពុជានៅមានកម្រិតខ្ពស់ និងគម្លាតក្នុងការអនុវត្តន៍ឥរិយាបថលើអាហារូបត្ថម្ភរបស់មាតា ទារក និងកុមារតូចនៅតែកើតមាន”។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានសហការជាមួយអង្គការដៃគូនានា មានដូចជា អង្គការ Helen Keller អន្តរជាតិ, អង្គការ UNICEF, ធនាគារពិភពលោក World Bank, អង្គការ WHO, Alive and Thrive និងអង្គការមួយចំនួនទៀត រៀបចំបង្កើតឯកសារស្តីពីយុទ្ធសាស្រ្តប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថសម្រាប់លើកកម្ពស់អាហារូបត្ថម្ភ មាតា ទារក និងកុមារតូចនៅកម្ពុជា នៅក្នុងទិសដៅលុបបំបាត់បញ្ហា អាហារូបត្ថម្ភលើស្រ្តីនិងកុមារ ៕