ក្រសួងឧស្សាហកម្ម ៖ បំបៅដោះកូនដោយទឹកដោះម្តាយកាត់បន្ថយអត្រាមរណៈភាពមាតា ទារក និងកុមារ
ភ្នំពេញ - ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូននៅទីស្តីការក្រសួង ដើម្បីការលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ។ ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម មានប្រសាសន៍ថា ការបំបៅដោះកូនដោយទឹកដោះម្តាយកាត់បន្ថយអត្រាមរណៈភាពមាតា ទារក និងកុមារ ព្រមទាំងចូលរួមចំណែកអនុវត្តន៏ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា ទារក និងកុមារនៅកម្ពុជា។
ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍បញ្ជាក់ថា ការបង្កើតបន្ទប់បំបៅដោះកូននេះឡើងដើម្បីជួយសម្រួលដល់មន្ត្រីរាជការជាស្ត្រីដែលមានកូនតូច ឱ្យមានកន្លែងសមរម្យបន្តបំបៅដោះកូនដោយអារម្មណ៍ស្រស់ស្រាយនិងកក់ក្ដៅ ក្រោយពីសម្រាកមាតុភាពរយៈពេល ០៣ខែ។ ទន្ទឹមគ្នានេះ បន្ទប់បំបៅដោះកូននៅកន្លែងធ្វើការនឹងចូលរួមធ្វើប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភស្រ្តី និងកុមារ និងតាមការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យដល់ ០៦ខែ ឱ្យបានដល់៨៥% នៅឆ្នាំ២០៣០។
ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ៖ “ការបំបៅដោះកូនដោយទឹកដោះម្តាយពិតជាបានរួមចំណែកកាត់បន្ថយអត្រាមរណៈភាពរបស់មាតា ទារក និងកុមារ និងជួយឱ្យកុមារមានសុខភាពល្អ មានប្រាជ្ញាឆ្លាតវាងវៃ។
ទន្ទឹមគ្នានេះ ឯកឧត្តម គឹម ទូច បានឱ្យដឹងទៀតថា ក្រសួងបានយកចិត្តទុកដាក់លើកកម្ពស់ស្ថានភាពនិងសុខមាលភាពរបស់ស្រ្តី និងដោយមើលឃើញពីអត្ថប្រយោជន៍នៃទឹកដោះម្ដាយ ដែលជាអាហារូបត្ថម្ភដ៏មានសារៈសំខាន់បំផុតក្នុងការចិញ្ចឹមទារកនិងកុមារ។ គម្រោងសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការ នឹងផ្តល់ជាវេទិកាមួយដល់ស្ត្រីដើម្បីពួកគេមានឱកាសចូលរួមក្នុងកម្មវិធីសំខាន់ផ្សេងៗ ដូចជា ការអប់រំអាហារូបត្ថម្ភនិងអនាម័យ ការអប់រំការចិញ្ចឹមទារកនិងកុមារ ការប្រឹក្សាលើរបបអាហារនិងសុខភាពរបស់ស្ត្រី ព្រមទាំងច្បាប់ការងារ។
គួរបញ្ជាក់ថា គម្រោងសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការ ក៏បានផ្ដល់ឧបករណ៍និងសម្ភារៈអប់រំផ្សព្វផ្សាយមួយចំនួន ដូចជា (១) សម្ភារៈបរិក្ខារសម្រាប់បំពាក់នៅក្នុងបន្ទប់បំបៅដោះកូននៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការគោលដៅនីមួយៗ រួមមាន ទូទឹកកក តុ កៅអី កង្ហា ម៉ាស៊ីនបូមទឹកដោះ កន្សែងជូតដៃ និងសាប៊ូលាងដៃជាដើម និង (២) សម្ភារៈប្រាស្រ័យទាក់ទងដើម្បីការផ្លាស់ប្តូរឥរិយាបថ។ ការចូលរួមអនុវត្តន៍គម្រោងនេះ អាចចាត់ទុកជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះមួយសម្រាប់និយោជកនិងនិយោជិត៕