កសិករកម្ពុជាជាង ១៤ម៉ឺនគ្រួសារទទួលបានការគាំទ្រពីគម្រោងកសិកម្ម ASPIRE

ថ្ងៃពុធ ទី៣០ ខែមិនា​ ឆ្នាំ២០២២      Ratha
ចែករំលែក
Views: 409
1

ភ្នំពេញ - គិតត្រឹមពេលវេលាដើមឆ្នាំ២០២២ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ឬហៅកាត់ថាកម្មវិធី ASPIRE បានគាំទ្របច្ចេកទេសកសិកម្មដល់គ្រួសារកសិករចំនួនជាង ១៤ម៉ឺនគ្រួសារ ស្មើនឹង ១០៣ភាគរយនៃគ្រួសារគោលដៅ ដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុដល់គ្រួសារកសិករក្រីក្រ និងជនងាយរងគ្រោះ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានការគាំទ្រហិរញ្ញប្បទានពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់រយ:ពេល ៧ឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មបានបន្តថា ការអនុវត្តន៍កម្មវិធីរយៈពេលជាង ៦ឆ្នាំកន្លងមកនេះ សម្រេចលទ្ធផល ដូចជា បានបង្កើនតម្លៃទ្រព្យសម្បត្តិគ្រួសារកសិករគោលដៅពី ១,៤៥៣ដុល្លារ នៅឆ្នាំ២០១៨ ដល់ ២,០៥៥ដុល្លារនៅឆ្នាំ២០២១ ពោលគឺកើនបានចំនួន ៤១% , បានបង្កើនតម្លៃផលិតកម្មកសិកម្មរបស់គ្រួសារកសិករគោលដៅពី ១,២០៦ដុល្លារ នៅឆ្នាំ២០១៨ ដល់ ១,៤៤៨ ដុល្លារនៅឆ្នាំ២០២១ ពោលគឺកើនឡើងបានចំនួន ១៨% ។ ទន្ទឹមគ្នានេះ បានចងក្រងបណ្តុំអាជីវកម្មបានចំនួន ២,៥៨៤ បណ្តុំ, បានសាងសង់ផ្ទះសំណាញ់បានចំនួន ៤១៦ សម្រាប់ដំណាំបន្លែសុវត្ថិភាព, បានសាង់សង់អគារប្រមូលផ្តុំ និងទុកដាក់កសិផលបានចំនួន ១៦៦អគារ និងបានគាំទ្រការសិក្សា និងរៀបចំឯកសារគោលនយោបាយជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វិស័យកសិកម្ម។

ដោយឡែកលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ រួមមាន បានបញ្ចប់ការសិក្សាអំពីផលិតភាពកសិកម្មកម្ពុជា ផ្តោតលើបញ្ហាប្រឈម និងទិសដៅគោលនយោបាយ, បាននិងកំពុងធ្វើបច្ចុប្បន្នភាពអំពីគោលនយោបាយផ្សព្វផ្សាយកសិកម្ម , បាននិងកំពុងសិក្សាអំពីកាផ្តល់ថវិកាសម្រាប់សេវាកម្មផ្សព្វផ្សាយកសិកម្មនាពេលអនាគត , បានបង្កើតកម្មវិធី App ស្តីពីការបញ្ចូលវិធី សាស្រ្តវាស់វែងការអនុវត្តថវិកាកម្មវិធី ក្នុងការធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធតាមដាន និងវាយតម្លៃថវិកាកម្មវិធី។ បានបង្កើតកសិដ្ឋានបង្ហាញនិងផ្តល់វិញ្ញាបនបត្រ CamGAP លើកសិដ្ឋានបន្លែ និងផ្លែឈើ ព្រមទាំងបង្ហាញអំពីប្រព័ន្ធធានាដែលមានការចូលរួម , បានដាំពង្រីកពូជដំឡូងមី KU-៥០ លើផ្ទៃដី ១៥ហិកតានៅកសិដ្ឋានផលិតគ្រាប់ពូជដំណាំចំការលើ។

ស្របគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងកសិកម្មបានគាំទ្រសហគមន៍កសិកម្ម តាមរយៈការផ្តល់ពូជ គាំទ្របច្ចេកទេស និងការគ្រប់គ្រងដំឡូងមី ដែលមិនមានជំងឺម៉ូសាអ៊ិច, ធ្វើការអភិវឌ្ឍន៍មូលដ្ឋានគេហទំព័រសម្រាប់កម្មវិធី E-Learning ក្នុងការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ, បាននិងកំពុងសិក្សាអំពីតំបន់សក្តានុពលសម្រាប់ការជំរុញផលិតកម្មដំណាំអាទិភាព, និងកំពុងអភិវឌ្ឍប្រព័ន្ធឌីជីថលគ្រប់គ្រងទិន្នន័យផលិតកម្មដំណាំ ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជឿជាក់ថា លទ្ធផលនៃកម្មវិធីកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុដល់គ្រួសារកសិករក្រីក្រ និងជនងាយរងគ្រោះដែលបានប្រកាន់យករបរកសិកម្មជាការងារស្នូលប្រចាំគ្រួសារ ហើយក្រសួងសង្ឃឹម និងជឿជាក់ថារាជរដ្ឋាភិបាលកម្ពុជា និងអង្គការ IFAD នឹងបន្តគាំទ្រកម្មវិធីនេះ ៕

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន