កញ្ញា ឈុន បូរមី ៖ យុវជនមានតួនាទីសំខាន ៥ចំណុចចូលរួមលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា
កំពត - តំណាងយុវជនជើងឯកអាហារូបត្ថម្ភ កញ្ញា ឈុន បូរមី បានលើកឡើងមូលហេតុប្រាំចំណុចដែលយុវជនកម្ពុជា មានតួនាទីសំខាន់លើកកម្ពស់អាហារូបត្ថម្ភ ។ មានវត្តមាននៅចំពោះមុខយុវជនខេត្តកំពត និងអ្នកពាក់ព័ន្ធប្រមាណ ២៥៦នាក់ កញ្ញាបូរមី ជឿកជាក់ថា ការចូលរួមរបស់យុវជនក្នុងសកម្មភាពប្រពន្ធ័ស្បៀងដើម្បីរបបអាហារសុខភាព នឹងរួមចំណែកលុបបំបាតបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅប្រទេសកម្ពុជា ។
ទី១. យុវជនជាតួអង្គដ៏សំខាន់លុបបំបាតបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ ៖ យុវជនជាតួអង្គជំរុញការផ្លាស់ប្តូរនិងជាកម្លាំងចលករមិនអាចខ្វះបានដើម្បីធានានិងលើកម្ពស់ការយល់ដឹង ព្រមទាំងអនុវត្តការងារពាក់ព័ន្ធនឹងប្រពន្ធ័ស្បៀង សម្រាប់មនុស្សទាំងអស់គ្នា ។ ការចូលរួមរបស់យុវជនក្នុងសកម្មភាពនេះ នឹងរួមចំណែកលុបបំបាតបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា ។
ទី២. យុវជនជាអ្នកសិក្សាពីប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព ៖ ដើម្បីប្រើតួនាទីរបស់់ខ្លួនឱ្យបានពេញលេញក្នុងការចូលរួមអនុវត្តន៍ផែនទីបង្ហាញផ្លូវប្រព័ន្ធស្បៀង ដំបូងយុវជនត្រូវបង្កើនចំណេះដឹងលើប្រព័ន្ធស្បៀង និងរបបអាហារសុខភាព ។ ចំណេះដឹងលើប្រព័ន្ធស្បៀង និងរបបអាហារសុខភាព ទទួលបានតាមរយ:ការអាន ស្តាប់ បញ្ចេញទស្សនៈ យោបល់ និងចូលរួមព្រឹត្តិការណ៍ផ្សេងៗពាក់ព័ន្ធនឹងប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព ។
ទី៣. យុវជនជាអ្នកផ្សព្វផ្សាយសារស្តីពីប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព ៖ យុវជនមានតួនាទីដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយសារគន្លឹះដល់ប្រជាពលរដ្ឋទាំងអស់លើការអនុវត្តចំណេះដឹងអាហារូបត្ថម្ភឱ្យកាន់តែល្អប្រសើរប្រចាំ ។ ចំណេះដឹងទាំងនោះ រួមមាន ការបរិភោគអាហារចម្រុះមុខសម្បូរសារជាតិចិញ្ចឹមខ្ពស់ ការបរិភោគអាហារមានជាតិខ្លាញ់ អំបិលនិងស្ករតិច ជំរុញសកម្មភាពលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ និងអាហារបន្ថែមដល់កុមារ ព្រមទាំងហាត់ប្រាណជាប្រចាំដើម្បីសុខភាពល្អជាដើម ។
"យុវជនមានតួនាទីសំខាន់ជួយឱ្យមានការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមលើរបបអាហាររបស់ស្រ្តីនិងកុមារនៅសហគមន៏ រួមចំណែកយ៉ាងសំខាន់ក្នុងការលើកម្ពស់របបអាហារសុខភាពក្នុងប្រព័ន្ធស្បៀង" - កញ្ញា ឈុន បូរមី តំណាងយុវជនជើងឯកអាហារូបត្ថម្ភ ។
ទី៤. យុវជនជាអ្នកលើកកម្ពស់ផលិតកម្មកសិកម្ម ៖ យុវជនមានតួនាទីក្នុងការលើកកម្ពស់ផលិតកម្មកសិកម្មដែលមានសារជាតិចិញ្ចឹមខ្ពស់ ដូចជាបន្លែ ផ្លែឈើ ត្រីសាច់មានសុវត្តិភាព ការកែឆ្នៃចំណីអាហារ ការជួយផ្នែកទីផ្សារកសិកម្មដែលទាំងអស់នេះសុទ្ធតែពាក់ព័ន្ធការធ្វើកសិកម្មដើម្បីលើកកម្ពស់អាហារូបត្ថម្ភ ។
ទី៥. យុវជនជាអ្នកដើរតួលើកទឹកចិត្តស្ត្រីគ្រប់តំណាក់កាលនិងសកម្មភាពនៃប្រពន្ធ័ស្បៀង ៖ ចំណុចនេះយុវជនមានតួនាទីជួយលើកទឹកចិត្ដស្ត្រីឱ្យចូលរួមនិងដឹកនាំគ្រប់តំណាក់កាលនិងសកម្មភាពនៃប្រពន្ធ័ស្បៀង ដើម្បីលើកកម្ពស់ភាពអង់អាចនិងជំនឿចិត្តស្រ្តីក្នុងការចូលរួម ដឹកនាំ និងធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព ។
សូមបញ្ជាក់ថា កញ្ញា ឈុន បូរមី តំណាងយុវជនជើងឯកអាហារូបត្ថម្ភ មានប្រសាសន៍ខាងលើនៅវេទិកាយុវជន ស្តីពីកិច្ចពិភាក្សាអំពីតួនាទីយុវជនក្នុងប្រពន្ធ័ស្បៀងដើម្បីរបបអាហារសុខភាព រៀបចំដោយ អង្គការ Helen Keller និងគម្រោង MUSEFO របស់ អង្គការ GIZ កាលពីចុងខែធ្នូកន្លងទៅ ។
កម្មវិធីនេះ បានចូលរួមពិភាក្សាពីវាគ្មិនជាយុវជនតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មន្ទីរកសិកម្មមរុក្ខាប្រម៉ាញ់និងនេសាទ មន្ទីរកិច្ចការនារី តំណាងយុវជនអង្គការ Helen Keller និងតំណាងយុវជនអង្គការ WaterAid ៕
សូមជម្រាបថា កន្លងទៅអ្នកជំនាញអាហារូបត្ថម្ភនៃសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា បានអះអាងថា កង្វះអាហារូបត្ថម្ភ ធ្វើឱ្យកម្ពុជាខាតបង់ទឹកប្រាក់ ២៦៦លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ខណៈកង្វះអាហារូបត្ថម្ភជាឧបសគ្គដ៏ធំបំផុតសម្រាប់ការលូតលាស់កុមារនៅកម្ពុជា និងរាំស្ទះដំណើរនៃអភិវឌ្ឍន៍ប្រទេសជាតិ ។