កម្ពុជាត្រូវការយុវជនមានចំណេះដឹងអាហារូបត្ថម្ភដើម្បីលើកកម្ពស់សុខភាពស្ត្រីនិងកុមារ
ភ្នំពេញ - មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជាត្រូវការយុវជនមានចំណេះដឹងនិងសមត្ថភាពចែករំលែកព័ត៌មានអាហារូបត្ថម្ភ ដើម្បីចូលរួមផ្សព្វផ្សាយលើកកម្ពស់សុខភាពស្ត្រីនិងកុមារបញ្ជៀសបញ្ហាកង្វះអាហារូបត្ថម្ភ ។ ការលើកឡើងនេះនៅក្នុងវគ្គបណ្តុះបណ្តាលយុវជនជើងឯកអាហារូបត្ថម្ភ ស្តីពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ កាលពីថ្ងៃអង្គារ៍ ទី១៨ ខែមករា ឆ្នាំ២០២២ ។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិកាក្រសួងសុខាភិបាលកម្ពុជា យុវជនមានឱកាសចូលរួមស្ទើគ្រប់វិស័យក្នុងសង្គម ប៉ុន្តែយុវជនកម្ពុជានៅមានបញ្ហាសុខភាពនិងកង្វះអាហារូបត្ថម្ភ។ ការផ្លាស់ប្តូរឥរិយាបថរបស់យុវជនឱ្យមានចំណេះដឹងអាហារូបត្ថម្ភ ជាគ្រឹះដ៏សំខាន់ជួយបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។
វេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី បានបន្តលើកឡើងថា តាមរបាយការណ៍អង្គការសហប្រជាតិក្នុងឆ្នាំ ២០១៣ បានបង្ហាញថា ប្រទេសកម្ពុជាមានយុវជនអាយុក្រោម ៣០ឆ្នាំ ប្រមាណ៦៥.៣% នៃប្រជាជនសរុប។ ដូច្នេះយុវជនជាកម្លាំងស្នូលនិងមានសក្តានុពលអភិវឌ្ឍប្រទេសជាតិទាំងបច្ចុប្បន្ន និងអនាគត។
សូមជម្រាបថា តាមរយៈអ្នកជំនាញអហារូបត្ថម្ភបានចាត់ទុកយុវជន ជាតួអង្គដ៏សំខាន់លុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ ហើយយុវជនជាតួអង្គជំរុញការផ្លាស់ប្តូរនិងជាកម្លាំងចលករមិនអាចខ្វះបានដើម្បីធានានិងលើកម្ពស់ការយល់ដឹង ព្រមទាំងអនុវត្តការងារពាក់ព័ន្ធនឹងប្រពន្ធ័ស្បៀង សម្រាប់មនុស្សទាំងអស់គ្នា ។ ការចូលរួមរបស់យុវជនក្នុងសកម្មភាពនេះ នឹងរួមចំណែកលុបបំបាតបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា ៕