រដ្ឋបាលរាជធានីភ្នំពេញសាងសង់ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់លើផ្ទៃដី ៣ហិចតាកាត់បន្ថយជាតិពុល


ភ្នំពេញ - នាព្រឹកថ្ងៃអង្គារ៍នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ បៃយ៉េ ( Mr.PIERRE BAILLET ) លេខាធិការអចិន្ត្រៃយ៍ នៃសមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់លើផ្ទៃដី ៣ហិចតា ស្ថិតនៅភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់នេះ សាងសង់ដើម្បីកាត់បន្ថយជាតិពុលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងរាជធានីរាជធានីភ្នំពេញ ។ គម្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានការអភិវឌ្ឍយ៉ាងខ្លាំង ក្នុងនោះព្រំប្រទល់រដ្ឋបាលបានពង្រីកពី ៣០០ ទៅ ៦៩២,៤៦ គីឡូម៉ែត្រក្រឡា មានប្រជាជនរស់នៅនិងបម្រើការងារប្រមាណ ៣លាននាក់ ។ ទន្ទឹមគ្នានេះរាជរដ្ឋាភិបាលបានតម្រង់ទិសអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងរាជធានីភ្នំពេញដោយយកចិត្តទុកដាក់ដោះស្រាយ បញ្ហាកកស្ទះចំនួន ០៣ រួមមាន ទី១. ការកកស្ទះចរាចរណ៍, ទី២. ការកកស្ទះលូ-ប្រឡាយ, និងទី៣. ការកកស្ទះ៖សំរាម ។
ឯកឧត្តម ឃួង ស្រេង ៖ “ជាកត្តាសត្យានុម័ត សេដ្ឋកិច្ចជាតិកើនឡើង ទីក្រុងកាន់តែរីក ប្រជាជនកាន់តែច្រើន សម្ភារៈប្រើប្រាស់កាន់តែសំបូរបែប ! ដូច្នេះការផ្តល់សេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋក៏ត្រូវមានការកើនឡើងដោយចៀសមិនរួច”។
យោងតាមការសិក្សានៅឆ្នាំ២០០១ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនប្រមាណ២៦.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ និងបានបន្តកើនឡើងជាលំដាប់ ។ តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនឹងកើនឡើងដល់ ៣៣ម៉ឺនម៉ែត្រគូបក្នុងមួយឆ្នាំ ដែលទាមទារឱ្យមានការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេសមិនប៉ះពាល់បរិស្ថាន ។នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។
សូមជម្រាបថា រដ្ឋបាលរាជធានីបានឱ្យដឹងថា រាជធានីភ្នំពេញចាំបាច់ត្រូវលើកកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រាកំណើនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ការពង្រីកទីក្រុង និង ការកើនឡើងផ្នែកជីវភាព តម្រូវការរស់នៅកាន់តែស៊ីវិល័យរបស់ប្រជាពលរដ្ឋ ក្នុងនោះ គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ចំនួន ០៣ រួមមាន ទី១. អត្ថប្រយោជន៍ផ្នែកបរិស្ថានតាមរយៈការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ, ទី២) អត្ថប្រយោជន៍ផ្នែកសង្គមតាមរយៈការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី និងទី៣. អត្ថប្រយោជន៍ផ្នែកកសេដ្ឋកិច្ចតាមរយៈការលក់ជីសរីរាង្គ ដែលផលិតបានទៅក្នុងទីផ្សារកសិកម្ម ឬអាចនិយាយបានថា យកសំណល់គ្រប់គ្រងសំណល់។

