អង្គការភ្លែនអន្តរជាតិកម្ពុជា រៀបចំព្រឹត្តិការណ៍ឆ្លុះបញ្ចាំងប្រចាំឆ្នាំលើការអនុវត្តកម្មវិធីចាប់ផ្តើមជាមួយសុខភាពល្អ

ថ្ងៃច័ន្ទ ទី៣០ ខែឧសភា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 1.1K
1

ស្ទឹងត្រែង - អង្គការភ្លែនអន្តរជាតិកម្ពុជាបានរៀបចំព្រឹត្តិការណ៍រៀនសូត្រឆ្លុះបញ្ចាំងប្រចាំឆ្នាំ អំពីការអនុវត្តកម្មវិធីចាប់ផ្តើមសុខភាព ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២២ ។ ព្រឹត្តិការណ៍រៀនសូត្រនេះ មានគោលបំណងចែករំលែកសមិទ្ធផលនៃកម្មវិធី បង្ហាញពីបញ្ហាប្រឈមនិងមេរៀនដែលបានរៀនក្នុងចំណោមដៃគូអង្គការជាមួយរដ្ឋាភិបាល បង្កើនគុណភាពលើការអនុវត្តកម្មវិធី បង្កើតវិធីសាស្រ្តនិងយន្តការការងារឱ្យរលូន ព្រមទាំងស្វែងរកការគាំទ្របន្ថែមពីភាគីពាក់ព័ន្ធទាំងអស់សម្រាប់ឆ្នាំក្រោយ ។ 

 

 

ព្រឹត្តការណ៍រៀនសូត្រនិងឆ្លុះបញ្ជាំងប្រចាំឆ្នាំរយៈពេលពីរថ្ងៃនេះ មានដៃគូអភិវឌ្ឍន៍ចូលរួមចំនួន ៦០នាក់ មកពីក្រុមប្រឹក្សាស្តារដើម្បីកសិកម្ម និងអភិវឌ្ឍន៏ជនបទ (CARD) កម្មវីធីជាតិអាហារូបត្ថម្ភនៃក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរជំនាញពាក់ព័ន្ធមកខេត្តរតនគិរី ស្ទឹងត្រែង និងសៀមរាប អង្គការយូរីដូ អង្គការវឌ្ឍនៈភាព និងសមាគមន៏បណ្តុះកុមារ ។

 

លោក ហង់ ហ៊ីប៊ុណ្ណា ប្រធានកម្មវិធី និងភាពជាដៃគូរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា ព្រឹត្តការណ៍រៀនសូត្រឆ្លុះបញ្ជាំងជាមួយដៃគូអង្គការពាក់ព័ន្ធខាងលើ នឹងជួយឱ្យអ្នកចូលរួមទាំងអស់បានដឹងច្បាស់ពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីចាប់ផ្តើមសុខភាពល្អ ។ ទន្ទឹមគ្នានេះ ដៃគូអភិវឌ្ឍន៍នឹងរកឃើញចំណុចត្រូវកែលម្អបន្ថែម ឬសកម្មភាពកែតម្រូវ ជាពិសេសការប្តេជ្ញាចិត្តរបស់ដៃគូអភិវឌ្ឍន៍ក្នុងកិច្ចសហការនិងសម្របសម្រួលឱ្យកាន់តែល្អជាមួយអាជ្ញាធរ និងសហគមន៍ ដើម្បីអនុវត្តកម្មវិធីចាប់ផ្តើមសុខភាពល្អ ឱ្យមានប្រសិទ្ធភាព ។

 

 

លោក ហង់ ហ៊ីប៊ុណ្ណា ប្រធានកម្មវិធី និងភាពជាដៃគូរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានបញ្ជាក់បន្ថែមថា ៖ កម្មវិធីចាប់ផ្តើមជាមួយសុខភាពល្អមានគោលបំណងឱ្យក្មេងស្រីនិងក្មេងប្រុសមានសុខភាពល្អ ទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងមានឱកាសរៀនសូត្រ និងអភិវឌ្ឍជីវិតក្នុងដំណាក់កាលដំបូងឱ្យបានល្អប្រសើរ តាមរយៈការផ្លាស់ប្តូរឥរិយាបថនានា ឆ្លើយតបនឹងតម្រូវការយេនឌ័រ ភាពងាយស្រួលក្នុងការទទួលបានសេវាប្រកបដោយគុណភាព និងការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល” ។

 

មន្ត្រីជំនាញនៃអង្គការភ្លែនអន្តរជាតិកម្ពុជារូបនេះបានឱ្យដឹងទៀតថាកម្មវិធីចាប់ផ្តើមជាមួយសុខភាពល្អគឺជាកម្មវិធីស្នូលមួយក្នុងចំណោមកម្មវីធីទាំងបួនរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ។ កម្មវិធីស្នូលនេះ មានរួមបញ្ចូលវិស័យសំខាន់ៗ ចំនួនបី រួមមាន អាហារូបត្ថម្ភ ការគាំពារនិងអភិវឌ្ឍន៍កុមារតូច និងទឹកស្អាតនិងអនាម័យ និងផ្តោតសំខាន់លើក្រុមឳពុកម្តាយវ័យក្មេង អាយុពី១៥ ដល់ ២៤ឆ្នាំ និងកូនៗ អាយុក្រោម ០៦ឆ្នាំ ។

 

 

សូមបញ្ជាក់ផងដែរ អង្គការភ្លែនអន្តរជាតិកម្ពុជាកំពុវអនុវត្តផែនការយុទ្ធសាស្រ្តដំណាក់ទី៤ ពីឆ្នាំ២០២១ -២០២៦ ក្នុងរយៈពេល ០៥ឆ្នាំ គោលដៅផ្តោតលើក្មេងស្រី ជាពិសេសក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅប្រទសកម្ពុជា ចំនួន ២,៥លាននាក់ (អ្នកទទួលផលផ្ទាល់ល់ចំនួន ១លាននាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១,៥លាននាក់)

 

 

អត្ថបទពេញនិយម