ព្រឹទ្ធសភាអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ

ថ្ងៃពុធ ទី២០ ខែមេសា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 464
1

ភ្នំពេញ - នៅព្រឹកថ្ងៃពុធនេះ សមាជិកព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។ សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ បានតាក់តែងឡើងដើម្បីជំរុញនិងលើកកម្ពស់វិស័យកសិកម្ម ធានាសន្តិសុខស្បៀង អនាម័យ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មឱ្យកាន់តែល្អប្រសើរ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ បង្កើតនិងរៀបចំឡើងដើម្បីកំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិនិងវិធានការភូតគាមអនាម័យ ការការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្ក ការរាលដាលឆ្លង និងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀង អនាម័យ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ។ 

ឯកឧត្តម វេង សាខុន មានប្រសាសន៍បញ្ជាក់ ៖ “ច្បាប់នេះនឹងជួយលើកកម្ពស់សន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិ ផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ការសម្រួលការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលដំណាំ រុក្ខជាតិ និងផលិតផលរុក្ខជាតិ”

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានបន្តថា ច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យនឹងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិនិងការលើកកម្ពស់សុខុមាលភាព និងសុខភាពសាធារណៈប្រកបដោយនិរន្តរភាពធនធានធម្មជាតិនិងប្រព័ន្ធក្សេត្របរិស្ថានដើម្បីធានាការគ្រប់គ្រងការពាររុក្ខជាតិនិងភូតគាមអនាម័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ចំណែកឯកឧត្តម ម៉ម ប៊ុននាង សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភាមានប្រសាសន៍ថា ច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ នឹងជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម និងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កសិករ ។

“សេចកក្តីព្រាងច្បាប់នេះ ជាឧបករណ៍បទដ្ឋានគតិយុត្តិដ៏សំខាន់ និងគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តន៍វិធានការការពាររុក្ខជាតិ ភូតគាមអនាម័យ ពិសេសការពារផលប្រយោជន៍របស់កសិករ កាត់បន្ថយការ ខាតបង់បង្កឡើងដោយសមាសភាពចង្រៃចំពោះធនធានរុក្ខជាតិ ផលិតផលកសិកម្មជាដើម”។ ប្រសាសន៍ឯកឧត្តម ម៉ម ប៊ុននាង ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យមាន ១៥ជំពូក និងមាន ១១៣មាត្រា រដ្ឋសភាបានអនុម័តយល់ព្រមជាលើកដំបូងចំនួន ៩២សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ៕

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន