រដ្ឋបាលខេត្តសៀមអំពាវនាវឱ្យប្រជាពលរដ្ឋវេចខ្ចប់សំរាមនៅមុខផ្ទះឱ្យបានត្រឹមត្រូវ


សៀមរាប - នៅព្រឹកថ្ងៃពុធនេះរដ្ឋបានខេត្តសៀមរាប បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថានជាប្រចាំ តាមរយៈការទុកដាក់វេចខ្ចប់សំរាមនៅមុខផ្ទះរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ការគិតគូរដល់បរិស្ថាននេះ ដើម្បីឱ្យសមិទ្ធផលហេដ្ឋារចនាសម័ន្ធផ្លូវថ្នល់ ៣៨ខ្សែនៅក្នុងក្រុងសៀមរាបកាន់តែមានភាពស្រស់បំព្រង និងបង្ហាញពីសណ្តាប់ធ្នាប់ថែទាំបរិស្ថាន ។
នាឱកាសចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម័ន្ធផ្លូវថ្នល់ ៣៨ខ្សែនៅក្រុងសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមក ជាពិសេសលើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកទស្សនាខេត្តសៀមរាប ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានជាប្រចាំ ។
“រដ្ឋបាលខេត្តសៀមរាបសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ត្រូវថែរក្សាអនាម័យ ទុកដាក់វេចខ្ចប់សំរាមនៅមុខផ្ទះរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ ឱ្យស័ក្ដិសមជាទីក្រុងទេសចរណ៍”។ នេះជាការបញ្ជាក់របស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។
សូមជម្រាបផងដែរថា ប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកាជាតិធ្វើផ្លូវថ្នល់ចំនួន ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដើម្បីកែលម្អសោភ័ណភាពក្រុងឱ្យបានកាន់តែល្អប្រសើរ ព្រមទាំងរៀបចំប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងគម្រោងកែលម្អស្ទឹងសៀមរាប ។

