ឯកឧត្តម សុខ ស៊ីឡូ ៖ សុវត្ថិភាពអាហារជាសសរស្តម្ភគ្រឹះមួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព


ភ្នំពេញ - នៅក្នុងពិធីបើកសិក្ខាសាលាស្តីពីការវិភាគប្រកបដោយគុណភាពប្រព័ន្ធត្រួតពិនិត្យស្បៀងអាហារនៅកម្ពុជា នាព្រឹកថ្ងៃពុធ ទី២២ ខែមិថុនានេះ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ឯកឧត្តមសុខ ស៊ីឡូ មានប្រសាសន៍ថា សុវត្ថិភាពអាហារគឺជាសសរស្តម្ភគ្រឹះមួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយប្រព័ន្ធត្រួតពិនិត្យស្បៀងអាហាររបស់ជាតិ គឺជាកត្តាសំខាន់សម្រាប់សុខភាពសាធារណៈ និងជាកត្តាទាក់ទាញសម្រាប់ការធ្វើពាណិជ្ជកម្ម ទេសចរណ៌ និងអ្នកវិនិយោគពីក្រៅប្រទេស ។
ឯកឧត្តម សុខ ស៊ីឡូ មានប្រសាសន៍បញ្ជាក់ថា អាហារដែលមានសុវត្ថិភាពសំខាន់ខ្លាំងណាស់ចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្ស ។ អាហារគ្មានសុវត្ថិភាពបង្កការគំរាមកំហែងដល់សុខភាពជាសាកល ដែលបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប ។ ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ គឺជាអ្នកងាយរងគ្រោះដោយសារបញ្ហាសុវត្ថិភាពស្បៀងអាហារ។ ស្បៀងអាហារគ្មានសុវត្ថិភាព គឺជាមូលហេតុបណ្តាលឱ្យមានជំងឺជាច្រើន រួមមានជំងឺមិនឆ្លង និងជំងឺឆ្លង ព្រមទាំងបានបង្កើតវដ្តដ៏កាចសាហាវនៃបញ្ហាកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់អ្នកដែលងាយរងគ្រោះបំផុត។
ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ធ្វើឱ្យសុវត្ថិភាពស្បៀងអាហារក្លាយជាអាទិភាពសុខភាពសាធារណៈ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតគោលនយោបាយ ច្បាប់និងក្របខ័ណ្ឌបទប្បញ្ញត្តិ ព្រមទាំងរៀបចំបង្កើតនិងអនុវត្តប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពស្បៀងអាហារប្រកបដោយគុណភាពដើម្បីធានាបាននូវសុវត្ថិភាពស្បៀងអាហារសម្រាប់អ្នកទទួលទានទាំងអស់គ្នា។
ប្រសាសន៍ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ៖ “អាហារអាចក្លាយទៅជាវត្ថុកខ្វក់ ឬគ្មានសុវត្ថិភាពសម្រាប់ការបរិភោគ ដោយសារតែមានកាកសំណល់សារធាតុគីមីហួសកម្រិត អាហារមានវត្តមានពពួកអតិសុខុមប្រាណបង្កជំងឺ ដូចជា បាក់តេរី ប៉ារ៉ាស៊ីត និងភ្នាក់ងារបង្ករោគផ្សេងៗ ឬមានវត្តមានលោហៈ កញ្ចក់ ឬប្លាស្ទិកដែលអាចកើតមានឡើងនៅចំណុចណាមួយនៃការផលិត ការកែច្នៃ ការចែកចាយ និងការរក្សាទុក”។
បើតាមក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានឱ្យដឹងថា សុវត្ថិភាពស្បៀងអាហារមានចំណងពាក់ពន្ធ័ដោយផ្ទាល់លើប្រព័ន្ធស្បៀង ប្រព័ន្ធត្រួតពិនិត្យស្បៀងអាហារ គឺចាប់ពីដំណាក់កាលផលិតកម្ម ការកែច្នៃ ការចែកចាយនិងរក្សាទុក រហូតដល់ការរៀបចំ និងការបរិភោគអាហារ ពោលគឺចាប់ពីកន្លែងផលិតរហូតដល់កន្លែងបរិភោគ។ ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ការពង្រឹងប្រព័ន្ធស្បៀងអាហារ ប្រព័ន្ធត្រួតពិនិត្យស្បៀងអាហារ ដើម្បីសុវត្ថិភាពស្បៀងអាហារនិងរបបអាហារសុខភាព កាន់តែមានសារៈសំខាន់ ដែលតម្រូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់៕
សូមជម្រាបថា សិក្ខាសាលាស្តីពីការវិភាគប្រកបដោយគុណភាពប្រព័ន្ធត្រួតពិនិត្យស្បៀងអាហារនៅកម្ពុជា រៀបចំឡើងដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានការគាំទ្រដោយអង្គការ FAO តាមរយៈគម្រោង FIRST ក្នុងគោលបំណងធ្វើការវិភាគប្រកបដោយគុណភាពលើប្រព័ន្ធត្រួតពិនិត្យស្បៀអាហារនៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់ឧបករណ៍វាយតម្លៃ និងវិធីសាស្ត្ររបស់អង្គការ FAO និង WHO តាមរយៈការពិគ្រោះយោបល់ជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធ ដោយផ្តោតជាពិសេសទៅលើគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិ និងហេដ្ឋារចនាសម្ព័ន្ឋដែលទាក់ទងនឹងប្រព័ន្ធត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពស្បៀងអាហារ ដូចជាមន្ទីរពិសោធន៍ ការចុះពិនិត្យផ្ទាល់នៅតាមទីផ្សារ កន្លែងផលិត ឬនៅតាមច្រកព្រំដែនជាដើម ។

