មន្ត្រីថែទាំសុខភាពជនបទបន្តអប់រំពីជំងឺផ្លូវដង្ហើមកូវីដ-១៩ នៅខេត្តកំពង់ចាម

ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 458
1

កំពង់ចាម - មន្ត្រីជំនាញថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បន្តយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋពីជំងឺផ្លូវដង្ហើមកូវីដ-១៩ នៅស្រុកកងមាស ខេត្តកំពង់ចាម ។ យុទ្ធនាការផ្សព្វ​ផ្សា​យវិធានការការពារ និងទប់ស្កាត់​ការរីករា​ល​ដាល​ជំងឺនេះ ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ៍កន្លងទៅ ។ 

 

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ​បានដឹកនាំក្រុមការងារលើកកម្ពស់អនាម័យជន អាជ្ញាធរមូលដ្ឋានស្រុកកងមាស ខេត្តកំពង់ចាម​ បាន​ចុះផ្សព្វ​ផ្សាយ​ពីវិធានការការពារ ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-​១៩ ​ដល់ខ្នងផ្ទះប្រជាពលរដ្ឋនៅតាម​ភូមិក្នុងឃុំទាំង១១ នៃស្រុកកងមាស ។ 

 

ទន្ទឹមគ្នានេះដែរ លោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុកកងមាស មានប្រសាសន៍ប្តេជ្ញាថា រដ្ឋ​បាល​ស្រុកនិងអាជ្ញារធរមូលដ្ឋាននៅបន្តអប់រំផ្សព្វផ្សាយវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ​ដល់​ប្រជា​ពលរដ្ឋ​ជា​និច្ច​ ព្រមទាំងបង្កើនការប្រុងប្រយត្ន័ខ្ពស់ តាមរយៈរក្សាអនាម័យខ្លួនប្រាណជាប្រចាំ លាងសម្អាត​ដៃជាមួយសាប៊ូ អាល់កុល ឬជែល កាត់បន្ថយការជួបជុំគ្នាច្រើន និងពាក់ម៉ាស់ជាប្រចាំ ។

 

សូមបញ្ចាក់ថា នាយកដ្ឋានថែទាំសុខភាពជនបទ បានប្រគល់សម្ភារៈមួយចំនួនទៅរដ្ឋបាលឃុំទាំង១១ ដោយក្នុងមួយឃុំទទួល​បា​​ន​​ទឹក​អាល់កុលចំនួន ១០លីត្រ ម៉ាសចំនួន ២ប្រអប់ សាប៊ូ ២៧០ដុំ និងផ្ទាំងរូបភាពអប់រំចំនួន ២៧​៩០​សន្លឹ​ក​ ព្រមទាំង​​​ថវិកា​មួយ​ចំនួន​សម្រាប់បន្តចុះផ្សព្វផ្សាយនៅតាមមូលដ្ឋានរបស់ខ្លួន។ យុទ្ធនាការផ្សព្វផ្សាយនេះ ចូ​ល​រួមគាំទ្រពីក្រុមប្រឹក្សាសហប្រតិបត្តិការវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៃអង្គការសហប្រជាជាតិ ហៅកាត់ថា WSSCC

 

កន្លងទៅស្រុកកងមាស ខេត្តកំពង់ចាម បានរកឃើញករណីជម្ងឺកូវីដ១៩ លើប្រជាពលរដ្ឋចំនួ​ន​ ០​៨​រូប ក្នុងនោះជនជាតិខ្មែរមួយរូប និងជនជាតិម៉ាឡេប្រាំពីររូប ។ បច្ចុប្បន្នករណីកូវីដ-១៩ ទាំងប្រាំបីនាក់នៅស្រុក​កង​មាស បានព្យា​បាល​ជា​សះ​ស្បើយ និង​បាន​វិលត្រឡប់​ទៅកាន់ស្រុកកំណើតរៀងៗខ្លួន

 

អត្ថបទពេញនិយម