សង្រ្គោះជីវិតផ្ទាល់ខ្លួនផ្តើមពីឥរិយាបថលាងសម្អាតដៃឱ្យត្រឹមត្រូវជាមួយសាប៊ូ និងទឹកស្អាត

ថ្ងៃសុក្រ ទី០៣ ខែឧសភា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 290
1

ភ្នំពេញ - “ទិវាអនាម័យដៃពិភពលោក ៥ឧសភានៅថ្ងៃទី៣ ខែឧសភាឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកទឹកចិត្តបុគ្គលិកសុខាភិបាល និងបំផុសឱ្យសាធារណជនយល់ដឹងពីសារៈសំខាន់នៃអនាម័យដៃ ។ ពិធីអបអរសាទរខួបលើកទី១៤ នៃទិវាអនាម័យដៃពិភពលោក ៥ឧសភា ឆ្នាំ២០២៤ នៅកម្ពុជាបានប្រារព្ធឡើងក្រោមប្រធានបទអនាម័យដៃ សង្រ្គោះជីវិតនៅទីស្តីការក្រសួងសុខាភិបាល ។ 

 

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា បច្ចុប្បន្នជំងឺឆ្លងថ្មីៗជាច្រើនកំពុងកើតមាន និងបានគំរាមកំហែងដល់អាយុជីវិតមនុស្សគ្រប់ពេលវេលា ។ ប្រសិនបើគ្រប់គ្នាមិនបានទប់ស្កាត់ការចម្លងរោគតាមរយៈដៃឱ្យបានត្រឹមត្រូវ នោះវានឹងក្លាយជាបញ្ហាសុខភាពសាធារណៈ ។ រាល់ការចម្លងរោគទាំងនេះភាគច្រើនបណ្តាលមកពីឥរិយាបថមិនបានលាងសម្អាតដៃ និងមិនរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ ។ ការលាងដៃជាមួយសាប៊ូនិងទឹក ឬអាល់កុលបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ នោះនឹងអាចជៀសផុតពីការចម្លងរោគ ។ ដូច្នេះការលាងដៃគឺ សង្រ្គោះជីវិត ។

 

ទន្ទឹមគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកត់សម្គាល់ដែរថា ការសម្អាតដៃឱ្យបានត្រឹមត្រូវអាចបង្ការការបង្ករោគ ដែលកើតឡើងតាមរយៈការផ្តល់សេវាសុខាភិបាលបានជាង ៥០% ។ គោលបំណងវេជ្ជសាស្រ្តនៃការលាងដៃត្រឹមត្រូវតាមបច្ចេកទេស គឺសម្អាតភាពកខ្វក់ មេរោគបាក់តេរី និងវីរុសដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពផ្ទាល់ខ្លួន និងសហគមន៍ ។ 

 

សូមជម្រាបថា នាពិធីអបអរសាទរខួបលើកទី១៤ នៃទិវាអនាម័យដៃពិភពលោក ៥ឧសភា ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជំនាញនៃក្រសួងសុខាភិបាល, លោក Dr. Pascal Ringwald តំណាងអង្គការសុខភាពពិភពលោក, ប្រធាននាយកដ្ឋាននានា, នាយកមន្ទីរពេទ្យជាតិ, មជ្ឈមណ្ឌលជាតិ, តំណាងអង្គការដៃគូ, និងសិស្ស-និស្សិតនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលសរុបចំនួន ៣៦៦នាក់ ។ ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីសុខាភិបាល បានបំពាក់គ្រឿងឥស្សរិយយសមេដាយសំរិទ្ធការងារចំនួន ៥៧គ្រឿង ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលដែលមានស្នាដៃការងារ លះបង់ពេលវេលានិងកម្លាំងកាយចិត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងាររយៈពេលកន្លងមក ៕

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង