យុវតី បុប្ផា សម្រេចបំណងបំពេញកម្មសិក្សាពេញមួយថ្ងៃក្នុងការងារដឹកនាំក្រសួងបរិស្ថាន

ថ្ងៃច័ន្ទ ទី០៦ ខែឧសភា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 213
1

ភ្នំពេញ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិចចារាយម្នាក់ សិក្សាស្វែងយល់អំពីតួនាទីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេលមួយថ្ងៃ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ។ តាមរយៈកម្មសិក្សាលើកដំបូងរបស់យុវតីជនជាតិដើមភាគតិចនេះ ក្រសួងបរិស្ថានបានអនុញ្ញាតឱ្យក្មេងស្រីរួមចំណែកជាគំនិត យោបល់ និងយុទ្ធសាស្រ្តនានាក្នុងវិស័យបរិស្ថានកម្ពុជា ។ 

 

យុវតីដែលមានឱកាសស្វែងយល់អំពីតួនាទីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេលមួយថ្ងៃនេះ ឈ្មោះ បុប្ផា ជានិស្សិតបរិញ្ញាបត្រនីតិសាស្រ្ត ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីមានប្រសាសន៍ថា ការផ្តល់ឱកាស និងការបង្ករភាពងាយស្រួលដល់យុវជនកម្ពុជាឱ្យស្វែងយល់អំពីតួនាទីការងារ គឺជាផ្នែកមួយនៃការបណ្តុះគំនិត និងស្មារតីក្នុងភាពជាអ្នកដឹកនាំនាពេលអនាគតសម្រាប់យុវជន ជាពិសេសសម្រាប់កុមារី ក្មេងស្រី ដែលងាយរងគ្រោះមកពីតំបន់ដាច់ស្រយាល និងក្រីក្រ ដើម្បីជួយបណ្តុះស្មារតី និងភាពអង់អាចរបស់ពួកគេ ។

 

សូមជម្រាបថា បើតាមអង្គការភ្លែនអន្តរជាតិកម្ពុជា បានឱ្យដឹងថា បុប្ផា ជាយុវតីម្នាក់ពីខេត្តរតនគីរី បានសម្រេចក្តីបំណងដ៏ធំមួយរបស់ខ្លួន តាមរយៈការចុះកម្មសិក្សាមួយថ្ងៃពេញនៅខុទ្ទការល័យរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ។ កម្មសិក្សារយៈពេលមួយថ្ងៃនេះ យុវតីបុប្ផា បានទទួលចំណេះដឹង បទពិសោធន៍ និងអនុសាសន៍ដ៏មានតម្លៃជាច្រើនពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ៕

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង