ក្រសួងជំនាញបីឯកភាពគ្នាដោះស្រាយបញ្ហាប្រឈមការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក
ភ្នំពេញ - រដ្ឋមន្ត្រីក្រសួងជំនាញបីបានឯកភាពគ្នាដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅជនបទ ដែលភាគច្រើនពឹងផ្អែកទៅលើវិស័យកសិកម្មជាមុខរបរដើម្បីចិញ្ចឹមជីវិត និងលើកកម្ពស់ជីវភាព ។ វត្តមានជួបប្រជុំគ្នាលើកដំបូងរបស់ក្រសួងទាំងបី រួមមាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ។ កិច្ចប្រជុំបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៦ ឧសភានេះ ។
ខ្លឹមសារសេចក្តីប្រកាសព័ត៌មានរួមគ្នាជាត្រីភាគី បានបញ្ជាក់ថា ក្រសួងទាំងបីបានព្រមព្រៀងកំណត់គោលការណ៍ ៤ចំណុចសំខាន់ៗ រួមគ្នាដោះស្រាយបញ្ហាប្រឈមការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក ។ ការឯកភាពជាត្រីភាគី រួមមាន ១. កំណត់គោលដៅយុទ្ធសាស្ត្រអាទិភាពរួមរបស់ក្រសួងទាំងបី ដោយដាក់កម្លាំងនិងធនធានរួមគ្នា ដើម្បីសហការអនុវត្តឱ្យបានជោគជ័យ ។ ២. ប្រឹក្សាយោបល់ជាមួយគ្នាតាមជំនាញ និងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់ ព្រមទាំងជាប់លាប់ ដើម្បីបង្ការនិងទម្លុះរនាំងទាំងឡាយ ឈានទៅសម្រេចគោលដៅដែលបានកំណត់ ។
ចំណុចទី៣. ផ្សារភ្ជាប់គម្រោង និងកម្មវិធីគោលនយោបាយដែលពាក់ព័ន្ធនឹងសហគមន៍របស់ក្រសួងទាំងបី ដូចជា សហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹករបស់ក្រសួងធនធានទឹក និងគម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីបង្កើតអត្ថប្រយោជន៍ជាអតិបរមាដល់កសិករ ។ ចំណុចទី៤. បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការរួមគ្នាឱ្យបានជាប់លាប់ និងប្រជុំឱ្យបានទៀងទាត់រៀងរាល់រយៈពេល ៣ខែម្តង ។
សូមជម្រាបថា យុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល បានជំរុញឱ្យភាគីពាក់ព័ន្ធអនុវត្តវិធានការចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាកសិករនិងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម សន្តិសុខស្បៀង និងនិរន្តរភាព ដោយសំដៅលើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ។ ទន្ទឹមគ្នានេះ កម្មវិធីគោលនយោបាយពង្រឹងវិស័យកសិកម្ម មានដូចជា ការលើកស្ទួយ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់, ព្រមទាំងលើកកម្ពស់ការងារអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប ៕