កម្ពុជាប្តេជ្ញាចិត្តបងើ្កនអត្រាការបំបៅកូនដោយទឹកដោះម្តាយឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០

ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 448
1

ភ្នំពេញ - នៅក្នុងកិច្ចប្រជុំកំពូលទីក្រុងតូក្យូស្តីពីអាហារូបត្ថម្ភដើម្បីកំណើននាខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​បង្កើន​អត្រាកា​រ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពីសូន្យដល់ ៦ខែឱ្យបានដល់៨៥% នៅឆ្នាំ២០៣០ ។

 

ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានថ្លែងថា កម្ពុជាប្តេជ្ញា​បង្កើន​អត្រាការ​បំបៅ​កូន​ដោយ​ទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពីសូន្យ ដល់ ៦ខែឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០ ។ ប្រយោជន៍ដើម្បីលើកកម្ពស់សុខភាព ការលូត​លា​ស់​​ផ្នែក​រាង​កាយ និងការអភិវឌ្ឍន៍សតិបញ្ញាស្មារតីរបស់កុមារកម្ពុជា។ ការប្តេជ្ញាចិត្តរបស់កម្ពុជា​នាពេលនេះ​បាន​ធ្វើឡើង​ដោយ​សារ​តែ​អាត្រា​ការ​បំបៅ​ដោះ​កូន​បាន​ធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។

 

ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៅក្នុងកិច្ចប្រជុំកំពូលទីក្រុងតូក្យូស្តីពីអាហារូបត្ថម្ភដើម្បីកំណើននាខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ។

 

របាយការណ៍អង្កេតសុខភាពនិងប្រជាសាស្ត្រកម្ពុជាឆ្នាំ២០១៤ បានបង្ហាញថា អត្រានៃការបំបៅកូនដោយទឹកដោះ​ម្តាយតែមួយ​មុខគត់​នៅ​កម្ពុជា​មាន​និន្នាការ​ធ្លាក់​ចុះគួរ​ឱ្យព្រួយបារម្ភពីអត្រា ៧៤% នៅឆ្នាំ២០១០ ទៅ ៦៥% នៅឆ្នាំ២០១៤ ដោយក្នុងនោះមានការធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់ទីប្រជុំជនពី​អត្រា ៦​៤% ទៅ ៣៤% ។

 

ការសិក្សាបែបគុណភាពដែលធ្វើឡើងក្នុងចំណោមម្តាយជាកម្មការិនីរោងចក្រក្នុងខេត្តកំពង់ឆ្នាំងនៅឆ្នាំ២០១៩ ហើយ​បានបោះពុម្ពផ្សាយលើទស្សនាវដ្តីឈ្មោះ Maternal Child Health Journal បានអះអាងថា ជាទូទៅម្តាយ​និងអ្នកថែទាំ​កុមារ​បានផ្លាស់​ប្តូរពីការបំបៅ​កូនដោយ​ទឹកដោះ​ម្តាយ​ជំនួស​មក​វិញ​នូវ​ការបំបៅ​កូន​​ដោយទឹកគោម្សៅផ្សំតាមរូបមន្តជាពិសេសនៅអំឡុងពេលម៉ោងធ្វើការសម្រាប់កុមារមានអាយុពី ៣-៤ ខែ ។

 

នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលរបស់អង្គការ Helen Keller នាពេលថ្មីៗនេះនៅខេត្តកែប លោកស្រីវេជ្ជបណ្ឌិត គឹម រត្ន័នា ប្រធាន​មជ្ឈមណ្ឌល​គាំពារ​មាតា​និង​ទារក​នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា នេះជាការព្រួយបារម្ភមួយយ៉ាងខ្លាំងពីសំណាក់ស្ថាប័នដែលធ្វើការងារផ្នែកអាហារូបត្ថម្ភទាំងអស់នៅកម្ពុជា​ព្រោះ​ថា​នៅក្នុងប្រទេសកម្ពុជា​មានស្ត្រីដល់ទៅចំនួន ៧០% មាន​​ការងារធ្វើនៅក្នុងប្រព័ន្ធការងារផ្លូវការ ។

 

ប្រធាន​មជ្ឈមណ្ឌល​គាំពារ​មាតា​និង​ទារក​នៃក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា ប្រសិន​​បើមិន​មាន​ដំណោះ​ស្រាយ​សមស្រប​ក្នុង​ការ​លើក​កម្ពស់​ការ​បំបៅ​ដោះ​​កូន​សម្រាប់​ស្រ្តីបំរើការងារនៅតាមរោងចក្រសហគ្រាសនិងកន្លែងធ្វើការទេ នោះនឹងធ្វើឱ្យ​អត្រាការបំបៅដោះកូនបន្តធ្លាក់ចុះទៀត ។ លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ជំរុញនិងលើកទឹកចិត្តស្រ្តីធ្វើការទាំងអស់ ឱ្យ​បន្ត​ការបំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​បន្ត​ទៀតបន្ទាប់ពីត្រលប់មកធ្វើការវិញ ។

 

លោកស្រីវេជ្ជបណ្ឌិត គឹម រត្ន័នា ៖ “ការបង្កបរិយាកាសសមស្របដូចជាការបង្កើតបន្ទប់បំបៅដោះកូនសមរម្យនៅកន្លែង​ធ្វើការ ផ្តល់​ពេល​វេលា​សម្រាក​ដល់​ស្រី្តក្នុង​ការ​បំបៅ​ដោះ​កូន​នៅ​កន្លែង​ធ្វើ​ការ​ ផ្តល់ពេលវេលាក្នុងការច្របាច់​ឬបូមទឹកដោះម្តាយ​ក្នុង​បន្ទប់​បំបៅជាមួយ​នឹង​ការ​បំពាក់​សម្ភារៈ​និង​ឧបករណ៍គ្រប់គ្រាន់ នឹងធ្វើ​ឱ្យស្ត្រី​ពេញចិត្ត មាន​អារម្មណ៍​ល្អ​ស្រស់​ថ្លានៅកន្លែងធ្វើការ ទទួលបានសុខភាពល្អប្រសើរទាំងកូនទាំងម្តាយ​ហើយផលិតភាពការងារនឹងកើនឡើង"

 

កន្លងទៅដោយមើលឃើញពីគុណតម្លៃមហាសាល​របស់ទឹកដោះម្តាយចំពោះសុខភាព ព្រមទាំងការលូតលាស់រាងកាយ និងការអភិវឌ្ឍ​បញ្ញាស្មា​រតីរបស់កុមារ ឯក​ឧត្តម​វេជ្ជ​បណ្ឌិត ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំមួយ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយបញ្ជាក់ថា ភស្តុតាង​វិទ្យា​សាស្ត្រ​បាន​បង្ហាញច្បាស់ថា ទឹកដោះ​ម្តាយជាអាហារ​ដ៏ល្អឥតខ្ចោះ​សម្រាប់​ទារក​និងកុមារ​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់​ហើយ​គ្មាន​ផលិត​ផលណាមួយ​រួម​ទាំង​ទឹក​ដោះ​គោម្សៅផ្សំតាមរូបមន្តផងដែលល្អប្រសើរជាងទឹកដោះម្តាយនោះទេ។

 

"ទឹកដោះម្តាយមាន​ផ្ទុករាល់សារធាតុចិញ្ចឹមទាំងអស់ដែលទារកត្រូវការដោយមិនបាច់បន្ថែមអាហារ ទឹក ឬភេសជ្ជៈអ្វីទៀតទេ​នៅក្នុងអំឡុង​ពេល​ ៦ខែ​ដំបូង​នៃ​ជីវិត​ទារក​" ។ ឯក​ឧត្តម​វេជ្ជ​បណ្ឌិត​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។

 

សូមជម្រាបថា នៅក្នុងសេចក្តីណែនាំខាងលើបានបញ្ជាក់ទៀតថា ការបំបៅកូនដោយផលិតផលជំនួស ទឹកដោះម្តាយរួម​ទាំង​ទឹក​ដោះគោ​ម្សៅផ្សំ​តាម​រូប​មន្ត​អាច​បង្កហានិភ័យជាច្រើ​ន​ចំពោះកុមារដូចជា ជំងឺរាគ ជំងឺសួត ជំងឺហឺត ពិន្ទុភាពឆ្លាតវៃចុះខ្សោយ ជំងឺទឹកនោមផ្អែម ជំងឺលើស សម្ពាធឈាម ជំងឺបេះដូង បញ្ហា​លើស​ទម្ងន់ និងធាត់ជ្រុលជាដើម ៕

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង