អ្នកជំនាញ ៖ ទឹកដោះម្តាយសំខាន់បំផុតនិងជាអាហារតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពីសូន្យដល់ ៦ខែ
ភ្នំពេញ - នៅក្នុងពិធីដាក់ឱ្យដំណើរការបន្ទប់បំបៅដោះកូនគំរូ ស្ថិតនៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក កាលពីថ្ងៃសុក្រម្សិលមិញ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ទឹកដោះម្តាយសំខាន់បំផុតនិងជាអាហារតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពីសូន្យដល់ ៦ខែ ។ ទន្ទឹមគ្នានេះ ការដាក់ឱ្យដំណើរការបន្ទប់បំបៅដោះកូន មានគោលបំណងលើកកម្ពស់សុខភាពទារកនិងកុមារ តាមរយៈការផ្តល់កន្លែងសមសម្របសម្រាប់ម្តាយគ្របរូបបំបៅកូនដោយទឹកដោះម្តាយឱ្យបានពេញលេញ ស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជាជំរុញសកម្មភាពបំបៅទឹកដោះម្តាយឱ្យបានដល់ ៨៥% ត្រឹមឆ្នាំ២០៣០ ខាងមុខ ។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី មានប្រសាសន៍បញ្ជាក់ថា ៖ “ដើម្បីចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់កម្ពុជាបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពីសូន្យដល់ ៦ខែ ឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០ ខ្ញុំសូមអំពាវនាវដល់ក្រសួង ស្ថាប័ន មន្ទីរ រោងចក្រសហគ្រាស ម្ចាស់ជំនួយ អង្គការសហប្រជាតិ អង្គការសង្គមស៊ីវិល ដៃគូឯកជនទាំងអស់ សូមចូលរួមលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយនៅកន្លែងធ្វើការ ជាពិសេសសម្របសម្រួលឱ្យមានបន្ទប់បំបៅដោះកូននៅគ្រប់កន្លែងធ្វើការទាំងអស់ ដើម្បីឱ្យស្ត្រីអាចបន្តការបំបៅដោះកូនដោយងាយស្រួលបន្ទាប់ពីត្រឡប់ចូលធ្វើការវិញ” ។
នៅក្នុងពិធីសម្ពោធន៍សមិទ្ធផលគាំពារទារកនេះដែរ អ្នកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក មានប្រសាសន៍ថា ការបង្កើតបន្ទប់បំបៅដោះកូន និងទារកដ្ឋានដើម្បីសម្រួលដល់ម្តាយដែលបម្រើការងារនៅមជ្ឈមណ្ឌលនេះផ្ទាល់ ក៏ដូចជាម្តាយមកពិនិត្យសុខភាពមានកូនតូចមកជាមួយ អាចមានកន្លែងសមរម្យបន្តបំបៅដោះកូនដោយកក់ក្តៅ ។ បន្ទប់នេះមានកន្លែងបំបៅចំនួន ៤កន្លែង អាចឱ្យម្តាយចំនួន ៤នាក់បំបៅដោះកូនក្នុងពេលតែមួយ បរិយាកាសផាសុកភាព និងមានលក្ខណៈឯកជនសម្រាប់ម្តាយ ។ ស្ត្រីជាម្តាយអាចប្រើប្រាស់បន្ទប់នេះ ដើម្បីច្របាច់ ឬបូមទឹកដោះ ហើយរក្សាទុកទឹកដោះរបស់ខ្លួននៅក្នុងទូរទឹកកក មុនពេលយកវាត្រឡប់ទៅផ្ទះវិញក៏បាន ។
ស្របនឹងទស្សនៈវិស័យគាំទ្រព្រមទាំងលើកទឹកចិត្តម្តាយឱ្យបំបោះកូនដោយទឹកដោះម្តាយតែមួយមុខគត់ពីអាយុសូន្យដល់ ៦ខែ អ្នកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ មានប្រសាសន៍ថា តាមការកត់សម្គាល់បច្ចុប្បន្នស្ត្រី និងនិយោជិតជាស្ត្រីកំពុងចំណាយពេលវេលាពួកគេភាគច្រើននៅកន្លែងធ្វើការ ហើយកន្លែងធ្វើការជាទីតាំងសំខាន់សម្រាប់ស្ត្រីបំបៅដោះកូនដោយទឹកដោះម្តាយ ។
“កន្លែងធ្វើការបានក្លាយទៅជាផ្នែកដ៏សំខាន់សម្រាប់អាហារូបត្ថម្ភ និងសុខភាពរបស់មាតា កុមារ អាហារូបត្ថម្ភ និងសុខភាពរបស់និយោជិតទូទៅ ។ បន្ទប់សម្រាប់បំបៅដោះកូនពុំមែនផ្តល់ប្រយោជន៍សម្រាប់តែបុគ្គលិកជាស្រ្តី ឬម្តាយប៉ុណ្ណោះទេ វាថែមទាំងផ្តល់សុខភាព និងការអភិវឌ្ឍន៍សម្រាប់កុមារ ផ្តល់អត្ថប្រយោជន៍ដល់ក្រុមការងារទាំងមូល ដែលជួយដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិ” ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ ។
ចំណែកលោកវេជ្ជបណ្ឌិត ឈួន វឌ្ឍនា អ្នកឯកទេសសុខភាព និងអាហារូបត្ថម្ភ នៃអង្គការ UNICEF កម្ពុជា មានប្រសាសន៍ដែរថា ក្នុងនាមអង្គការយូនីសេហ្វកំពុងគាំទ្រពេញទំហឹងក្នុងការរៀបចំបន្ទប់បំបៅដោះកូន និងផ្តល់ពេលវេលាឱ្យម្តាយសម្រាប់បំបៅដោះកូននៅកន្លែងធ្វើការ ដែលជាការលើកទឹកចិត្តដល់ម្តាយទាំងអស់បន្តការបំបៅដោះកូននៅពេលត្រឡប់ចូលធ្វើការវិញ ។ លោកថាអង្គការ UNICEF មានបន្ទប់បំបៅដោះកូនរួចហើយសម្រាប់ម្តាយបំបៅដោះកូន ហើយប្រសិនបើកន្លែងធ្វើការទាំងអស់អនុត្តបានដូច្នោះ នោះអត្រានៃការបំបៅកូនដោយទឹកដោះម្តាយអាចនឹងមានសន្ទុះឡើងលឿន ។
សូមជម្រាបថា នៅកិច្ចប្រជុំកំពូលទីក្រុងតូក្យូ ស្តីពីអាហារូបត្ថម្ភដើម្បីកំណើន កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ តាមរយៈឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងឱ្យប្រទេសកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជាបានប្តេជ្ញានឹងបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យដល់ ៦ខែឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០ ដើម្បីលើកកម្ពស់សុខភាព ការលូតលាស់រាងកាយ និងការអភិវឌ្ឍន៍សតិបញ្ញា ស្មារតី របស់កុមារកម្ពុជា ។
បើតាមរបាយការណ៍អង្កេតសុខភាព និងប្រជាសាស្ត្រកម្ពុជា ឆ្នាំ២០១៤ បានបង្ហាញថា អត្រាបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នៅកម្ពុជា មាននិន្នាការធ្លាក់ចុះគួរឱ្យព្រួយបារម្ភពីអត្រា ៧៤% នៅឆ្នាំ២០១០ ទៅ ៦៥% នៅឆ្នាំ២០១៤ ដោយក្នុងនោះមានការធ្លាក់ចុះយ៉ាងខ្លាំង នៅតំបន់ទីប្រជុំជនពីអត្រា ៦៤% ទៅ ៣៤% ។ ចំណែកការរៀបចំបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ គឺស្របតាមមាត្រា១៨៤, ១៨៥, និង១៨៦ នៃច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា ៕