លោកជំទាវ នង ធួក ៖ ខ្ញុំជឿជាក់និងគាំទ្រការបំបៅកូនដោយទឹកដោះម្តាយ

ថ្ងៃពុធ ទី២២ ខែធ្នូ​ ឆ្នាំ២០២១      ម៉ៅ សំណាង
ចែករំលែក
Views: 598
1

ភ្នំពេញ - លោកជំទាវ នង ធួក នាយិការងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន មានប្រសាសន៍ថា លោកជំទាវជឿជាក់និងគាំទ្រសកម្មភាពបំបៅកូនដោយទឹកដោះម្តាយ ។ លោកជំទាវមានប្រសាសន៍នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ស្តីពីការរាយការណ៍ព័ត៌មានអំពីអាហារូបត្ថម្ភនិងការចិញ្ចឹមទារកនិងកុមារ នាព្រឹកថ្ងៃចន្ទនេះ នៅសណ្ឋាគារភ្នំពេញ ។

លោកជំទាវ នង ធួក មានប្រសាសន៍ថា អ្នកម្តាយគ្រប់រូបត្រូវជ្រើសរើសវិធីបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់បន្ទាប់ពីសម្រាល និងបន្តរយៈពេល ៦ខែក្រោយសំរាល ។

នៅចំពោះមុខអ្នកសារព័ត៌មាន លោកជំទាវ នង ធួក បានឱ្យដឹងថា ៖ "ខ្ញុំបានអនុវត្តការបំបៅទឹកដោះម្ដាយនេះ គឺអនុវត្តចំពោះចៅនាងខ្ញុំផ្ទាល់ សូម្បីតែទឹកក៏មិនឱ្យផឹកដែរក្នុងរយៈពេល ៦ខែក្រោយសំរាល ។ សព្វថ្ងៃចៅខ្ញុំអាយុបានបួនឆ្នាំហើយ តាមការសង្គេតរបស់ខ្ញុំឃើងថា ចៅរបស់ខ្ញុំមានសុខភាពល្អប្រសើរមិនងាយមានជំងឺ ហើយមានភាពឆ្លាតវៃនិងសកម្មជាប់ជានិច្ច បើប្រៀបធៀបជាមួយនឹងទារកនិងកុមារមួយចំនួនដែលបៅទឹកដោះគោ"

លោកជំទាវ នង ធួក បានបញ្ជាក់ថា ក្នុងនាមជាអ្នកដែលធ្វើការលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ កន្លងទៅលោកំទាវបានបញ្ច្រាបចំណេះដឹងស្តីពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន តាមរយៈកម្មវិធីគាំទ្រការបំបៅទឹកដោះម្តាយផ្សព្វផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា ។ 

ទន្ទឹមគ្នានេះដែរ លោកជំទាវ នង ធួក បានអំពាវនាវដល់អ្នកសារព័ត៌មាន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឱ្យជួយបង្កើនការផ្សព្វផ្សាយទាក់ទងនឹងអាហារូបត្ថម្ភការចិញ្ចឹមទារកនិងកុមារ ពិសេសការបំបៅកូនដោយទឹកដោះម្ដាយឱ្យបានទូលំទូលាយនិងជាប្រចាំ ។ ការផ្សព្វផ្សាយនេះ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់លើគុណតម្លៃអាហារូបត្ថម្ភ ការចិញ្ចឹមទារក និងការបំបៅកូនដោយទឹកដោះម្ដាយនេះ។

សូមជម្រាបថា ការបំបៅទឹកដោះម្ដាយបានចំណេញច្រើនយ៉ាង ដូចជា ទឹកដោះម្តាយជួយឱ្យកុមារឆ្លាត និងឈ្នះជំងឺនានា មិនចំណាយប្រាក់ សុវត្ថិភាព និងចំណេញពេលវេលា ៕

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង