កម្មការិនីកម្ពុជា ២ម៉ឺននាក់​នឹងទទួលបានចំណេះដឹងអាហារូបត្ថម្ភ និង​ការ​ចិញ្ចឹម​កូន​នៅកន្លែងធ្វើការ

ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 566
1

ភ្នំពេញ - អង្គការលើកកម្ពស់ចំណេះដឹង​អាហារូបត្ថម្ភ Helen Keller រំពឹងថា បុគ្គលិក កម្មករ និងកម្មការិនីកម្ពុជាប្រមាណជាង ២ម៉ឺន​នាក់​​នឹងទ​ទួលបាន​ចំ​ណេះ​ដឹងស្តីពី​អាហារូបត្ថម្ភ និង​ការ​ចិញ្ចឹម​ទារក​និង​កុមារនៅកន្លែងធ្វើការ ។ ការផ្តល់ចំណេះដឹងតាមរយៈការសា​កល្បងអនុវត្តគម្រោងលើកកម្ពស់សុខភាព អា​ហា​​រូប​ត្ថម្ភ និង​ការចិញ្ចឹម​ទារក​និង​កុមា​រ​នៅ​តាម​រោង​ចក្រ សហគ្រាស និង​កន្លែងធ្វើការ មានរយៈពេល ១៨ខែ កំពុងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២២ ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller អន្តរ​ជាតិ​ ប្រចាំកម្ពុជា ។ 

លោក ហ៊ូ ក្រើន បានឱ្យដឹងថា បច្ចុប្បន្ន​អង្គការ Helen Keller និងគម្រោង MUSEFO របស់អង្គការ GIZ សហ​ការ​ជា​មួ​យ​​​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និង​ដៃ​គូឯក​ជន​កំពុង​រៀបចំ​ដំណើរ​ការ​សា​ក​ល្បង​ការ​​អនុវត្ត​គម្រោង​លើក​កម្ពស់​សុខភាព អាហារូបត្ថម្ភ និងការ​ចិញ្ចឹម​ទារក​និង​កុមារ​នៅតាម​រោង​ចក្រ​ សហ​គ្រា​ស ​​​និង​កន្លែ​ង​ធ្វើ​ការ ​។  

អ្នកជំនាញលើកកម្ពស់​អាហារូបត្ថម្ភរូបនេះ បានបន្តទៀតថា គម្រោង​នេះ​នឹង​ផ្តល់​ជា​វេទិកា​មួយ​ដល់​ស្ត្រី ដើម្បី​ពួក​គេមា​ន​ឱកាស​ចូល​រួម​​ក្នុង​ក​ម្មវិធីសំ​ខាន់ផ្សេង​ៗ ដូចជា ការអប់រំអាហារូបត្ថម្ភនិងអនាម័យ ការអប់រំស្តីពីការចិញ្ចឹមទារកនិងកុមារ ការប្រឹក្សាលើរបបអាហារនិងសុខភាពរបស់ស្រ្តី និងច្បាប់ការងារ ។ 

“គម្រោងនេះក៏នឹងផ្តល់សម្ភារៈអប់រំផ្សព្វផ្សាយនិងឧបករណ៍មួយចំនួន ដូចជា ទី១. សម្ភារ​បរិក្ខារ​សម្រាប់​បំពាក់​នៅក្នុង​បន្ទប់​បំបៅ​ដោះកូននៅតាមរោងចក្រសហគ្រាសនិងកន្លែងធ្វើការគោលដៅនីមួយៗ ដូចជា ទូទឹកកក តុ កៅអី កង្ហារ ម៉ាស៊ីនបូមទឹកដោះ កន្សែងជូតដៃ និងសាប៊ូលាងដៃជាដើម និងទី២. សម្ភារ​ប្រាស្រ័យ​ទាក់​ទង​ដើម្បីការ​ផ្លាស់​ប្តូរ​ឥរិយា​បថ”​។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller អន្តរ​ជាតិ​ ប្រចាំកម្ពុជា  ។

គម្រោងរយៈពេល ១៨ខែនេះ នឹងជ្រើសរើសកន្លែងធ្វើការ ៤ប្រភេទ ដើម្បីអនុវត្តសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និង​ការ​ចិញ្ចឹម​ទារក​និង​កុ​មា​​រ​នៅកន្លែងធ្វើការ រួមមាន រោងចក្រ ស្ថាប័នរដ្ឋ ធនាគារ និងការិយាល័យអង្គការមិនមែនរដ្ឋាភិបាល ឬអង្គកា​រស​ហ​ប្រ​ជាតិ ដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត និងខេត្តកំពង់ធំ ។ 

សូមជម្រាបថា តាមការសិក្សាស្រាវជ្រាវមួយធ្វើឡើងជាមួយកម្មករ-កម្មការនីរោងចក្រនៅឆ្នាំ២០១៨ បោះ​ពុម្ព​ផ្សាយ​លើ​ទស្សនា​វដ្តីឈ្មោះ Nutrients បានបញ្ជាក់ថា ជាទូទៅកម្មការិនីរោងចក្រនៅកម្ពុជា មានបញ្ហាស្លេកស្លាំង ទម្ងន់ទាប​ជាង​ស្តង់​ដារ និងកង្វះជាតិដែក ។  ឆ្នាំ២០១៩ ការសិក្សាមួយបោះពុម្ពផ្សាយលើទស្សនាវដ្តីឈ្មោះ Maternal Child Health Journal ក៏បានឱ្យដឹងថា ជាទូទៅម្តាយនិងអ្នកថែទាំកុមារ​បានផ្លាស់​ប្តូរពី​ការបំ​បៅកូនដោយ​ទឹក​ដោះ​ម្តាយ​ជំនួស​មក​វិញ​នូវការបំបៅកូនដោយទឹកគោម្សៅផ្សំតាមរូបមន្ត ជាពិសេសនៅអំឡុងពេលម៉ោងធ្វើការសម្រាប់កុមារមានអាយុពី ៣-៤ ខែ ។

ស្របគ្នានេះដែរ អ្នកជំនាញសុខភាពសាធារណៈ និងស្ថាប័នពាក់ព័ន្ធផ្នែកអាហារូបត្ថម្ភទាំងអស់នៅកម្ពុជា កំពុង​ស្វែង​រក​ដំណោះ​ស្រាយសមស្របដើម្បីលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភលើកម្មករ កម្មការនី​ទាំងនោះ​ ដើម្បី​ឱ្យ​ពួកគេ​មាន​សុខ​ភាពនិងអាហារូបត្ថម្ភល្អ ជួយជំរុញឱ្យផលិតភាពរបស់ពួកគេឱ្យមាន​ភាពរឹងមាំ ព្រមទាំងលើកកម្ពស់សកម្មភាព​ការ​បំបៅ​ដោះកូ​ន​ដោយទឹកដោះម្តាយ ៕

 

អត្ថបទពេញនិយម