ប្រជាពលរដ្ឋជាង ៥០០គ្រួសារនៅខេត្តស្ទឹងត្រែងទទួលបានស្ថានីយទឹកស្អាតពីអង្គការភ្លែនកម្ពុជា

ថ្ងៃច័ន្ទ ទី២៨ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 497
1

ស្ទឹងត្រែង - ប្រជាពលរដ្ឋជាង ៥០០ គ្រួសារនៅក្នុងភូមិចំនួន ៥ នៅឃុំព្រះរំកិល ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានទទួលប្រព័ន្ធចែកចាយ និងស្ថានីយទឹកស្អាតប្រើប្រាស់នៅក្នុងសហគមន៍ពីអង្គការភ្លែនអន្តរជាតិកម្ពុជា ។ អង្គការភ្លែនអន្តរជាតិកម្ពុជា បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង រដ្ឋបាលស្រុកបូរីអូរស្វាយសែនជ័យ និងអង្គការវឌ្ឍនៈភាព បង្កើតសមិទ្ធផលទឹកស្អាតនេះឡើង ព្រមទាំងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ ។ 

ប្រព័ន្ធចែកចាយនិងស្ថានីយទឹកស្អាតខាងលើជាផ្នែកមួយនៃគម្រោង "១០០០ ថ្ងៃដំបូង" ដែលអន្តរាគមន៌រួមបញ្ចូលការដោះស្រាយសន្តិសុខស្បៀង ការបង្កើនភាពធន់ ការកែលម្អសុខភាពមាតា និងទារកនៅក្នុងភូមិចំនួន៥១ ក្នុងឃុំចំនួន១៧ នៃស្រុកចំនួនបីក្នុងខេត្តស្ទឹងត្រែង ។ គោលបំណងសំខាន់នៃគម្រោងនេះ ដើម្បីកាត់បន្ថយអសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភក្នុងចំណោមទារក និងស្ត្រីក្នុងវ័យបន្តពូជ ដោយអនុវត្តវិធីសាស្រ្តរួមបញ្ចូលគ្នាដើម្បីធានាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅក្នុងតំបន់គោលដៅ ។

លោក យី គីមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកផ្នែកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា កង្វះទឹកស្អាតប្រើប្រាស់ រួមផ្សំនឹងលក្ខខណ្ឌអនាម័យ និងអនាម័យមិនល្អ អាចជះឥទ្ធិពលដល់ការលូតលាស់ និងការអភិវឌ្ឍចំណេះដឹងរបស់កុមារ បង្កើនហានិភ័យសុខភាព ។

លោក យី គីមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកផ្នែកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ៖ “កង្វះទឹកស្អាតប្រើប្រាស់អាចបណ្តាលឱ្យរាគរូស និងកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារ និងមនុស្សពេញវ័យ ធ្វើឱ្យបាត់បង់ប្រាក់ចំណូលគ្រួសារ តាមរយៈការចំណាយលើថ្លៃព្យាបាល បាត់បង់ពេលវេលានៅកន្លែងធ្វើការ និងអវត្តមានរបស់សិស្សនៅសាលារៀន” ។

គួរជម្រាបជូនថា ប្រព័ន្ធចែកចាយ និងស្ថានីយទឹកស្អាតដែលទើបសាងសង់ថ្មីនេះ ចំណាយទឹកប្រាក់ប្រហែល ១០ម៉ឺនដុល្លារអាមេរិក ។ អង្គការភ្លែនអន្តរជាតិកម្ពុជា ចាប់ផ្តើមសាងសង់នៅដើមខែមករា ឆ្នាំ២០២១ ហើយបានបញ្ចប់នៅខែកក្កដា ឆ្នាំ២០២១ ។ គម្រោងនេះផ្តល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) និងអង្គការភ្លែនអន្តរជាតិអាល្លឺម៉ង់ ដែលមានទឹកប្រាក់សរុប ២.៥ លានដុល្លារក្នុងរយៈពេលប្រាំឆ្នាំចាប់ពីឆ្នាំ ២០១៩-២០២៤ ៕

អត្ថបទពេញនិយម