រាជធានីភ្នំពេញ និងក្រុងតាខ្មៅមានតម្រូវការទឹកស្អាតជាង ៧សែនម៉ែត្រគូបក្នុងថ្ងៃ
ភ្នំពេញ - តាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសបើកសម្ពោធការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង (ជំហ៊ាន១) កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បច្ចុប្បន្នតម្រូវការប្រើប្រាស់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ កើនឡើងរហូតដល់ជាង ៧សែនម៉ែត្រគូបក្នុងថ្ងៃ ។ តម្រូវការនេះលើសពីសមត្ថភាពផលិត ដែលមានត្រឹមតែ ៦សែនម៉ែត្រគូបក្នុងមួយថ្ងៃ គួបផ្សំនឹងរដូវក្តៅចូលមកដល់ធើ្វឱ្យតម្រូវការកើនឡើងយ៉ាងគំហុគ ។ នេះជាហេតុនាំឱ្យសំពាធទឹកធ្លាក់ចុះ ជាពិសេសប្រជាពលរដ្ឋនៅតំបន់ជាយរាជធានីភ្នំពេញ ។
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងខិតខំពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ មានសមត្ថភាពផលិតទឹកស្អាតជាង ១សែនម៉ែត្រគូបក្នុងថ្ងៃ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ ។ ទន្ទឹមគ្នានេះ រដ្ឋករទឹកនឹងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ មានសមត្ថភាពផលិតទឹកស្អាតបានជាង ១សែនប្រាំបួនម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ។
សូមជម្រាបថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតជាមធ្យមបានប្រហែល ៩០% នៃតម្រូវការទឹកស្អាតប្រចាំថ្ងៃនៅរាជធានីភ្នំពេញ ។ នៅក្នុងនោះរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទាំងអស់ចំនួនបួន រួមមាន រោងចក្រផលិតទឹកស្អាតភូមិព្រែក ជ្រោយចង្វារ និរោធ និងចំការមន និងកំពុងកែលំអរនិងពង្រីកសមត្ថភាពផលិត។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង (ជំហ៊ាន១) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ។ ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនេះ នឹងត្រូវធ្វើឡើងពីរជំហានបន្តបន្ទាប់ដែលគ្រោងចំណាយថវិកាអស់ ៣៤៨លានដុល្លារអាមេរិក។ ជំហានទី១ និងទី២ អាចផលិតទឹកស្អាតបានប្រមាណ ៣៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ៕