ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺជាប់ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង

ថ្ងៃសៅរ៍ ទី២១ ខែធ្នូ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 1K
1

កំពង់ស្ពឺ - នៅព្រឹកថ្ងៃទី០៥ ខែមីនានេះ រដ្ឋបាលស្រុកបរសេដ្ឋនៃខេត្តកំពង់ស្ពឺ និងក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង  ឬស្រុក ODF ក្រោមអធិបតីឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីពាក់ព័ន្ធក្នុងខេត្ត និងប្រជាពលរដ្ឋ ១ពាន់បីរយនាក់ចូលរួមយ៉ាងច្រើនកុះករមកពីគ្រប់ឃុំទាំងអស់។ ការប្រកាសនេះ បន្ទាប់ពីស្រុកបរសេដ្ឋ ត្រូវបានគណៈកម្មការវាយតម្លៃជាប់ជាស្រុកបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០កន្លងទៅ។

ស្រុកបរសេដ្ឋមានឃុំចំនួន១៥ មាន២១៨ភូមិ មានប្រជាជនរស់នៅចំនួនជាង ២ម៉ឺនប្រាំបួនពាន់ខ្នងផ្ទះ ហើយបច្ចុប្បន្នផ្ទះមានបង្គន់អនាម័យប្រើប្រាស់មានចំនួនកៅសិបបីភាគរយ ប្រាំពីរភាគរយកំពុងប្រើប្រាស់បង្គន់អនាម័យរួមគ្នា និងចំនួនតិចតូចបំផុតពុំទាន់មានបង្គន់អនាម័យ។ ប្រជាពលរដ្ឋក្នុងស្រុកបរសេដ្ឋប្រកបរបរកសិកម្ម និងមួយចំនួនជាកម្មកររោងចក្រនៅក្នុងខេត្ត។ ទន្ទឹមគ្នានេះ លោក ប៉ាសួង សៅគន្ធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺមានប្រសាសន៍បញ្ជាក់បន្ថែមថា "ប្រជាជនក្នុងស្រុកបរសេដ្ឋទាំងមូលស្ទើរគ្រប់ខ្នងផ្ទះទៅហើយមានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រួសារ គ្រាន់ថាប្រាំពីរភាគរយទៀតប្រើប្រាស់បង្គន់អនាម័យរួមគ្នា ក្រុមការងារខេត្តនឹងបន្តសហការធ្វើការជាមួយអាជ្ញាធរស្រុក ភូមិ ឃុំ អង្គការដៃគូរអភិវឌ្ឍន៍ ជម្រុញឱ្យការងារបង្គន់អនាម័យនេះបានសម្រេចទាំងអស់តែម្តង"។

លក្ខខណ្ឌជម្រុញឱ្យស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ដោយសារប្រជាពលរដ្ឋក្នុងឃុំនីមួយៗយល់ដឹងខ្ពស់ពីបញ្ហាអនាម័យ នៅតាមផ្ទះបែងចែកនិងទុកដាក់សំរាមឬកាក់សំណល់បានយ៉ាងត្រឹមត្រូវ មានទម្លាប់អនុវត្តអនាម័យលាងដៃនឹងសាប៊ូ ព្រមទាំងចូលរួមផ្សព្វផ្សាយនឹងទប់ស្កាត់មិនឱ្យមានសកម្មភាពបន្ទោបង់ក្រៅបង្គន់អនាម័យ។ ស្របគ្នានឹងសកម្មភាពរបស់ប្រជាពលរដ្ឋនេះដែរ ស្រុកបរសេដ្ឋទទួលបានជោគជ័យក្នុងការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ក៏ដោយសារការចូលរួមលើកម្ពស់បញ្ហាអនាម័យពីអង្គការមួយចំនួនផងដែរ។

សូមបញ្ជាក់ថា បើទោះបីស្រុកបរសេដ្ឋក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលយ៉ាងណាក្តី ប៉ុន្តែបច្ចុប្បន្នអត្រាគ្រប់ដណ្តប់ក្នុងការប្រើប្រាស់ទឹកស្អាតនៅក្នុងស្រុកបរសេដ្ឋ មានត្រឹមតែ៥៩ភាគរយប៉ុណ្ណោះនៃចំនួនខ្នងផ្ទះសរុប។ បញ្ហានៅកង្វះទឹកប្រើប្រាស់គ្រប់គ្រាន់នេះ ដោយយោងទៅតាមតំបន់ភូមិសាស្ត្ររបស់ស្រុក។ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ អាចនឹងក្លាយជាក្រុងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងក្នុងពេលឆាប់ខាងមុខនេះ បច្ចប្បន្នអត្រាគ្របដណ្តប់អនាម័យទូទាំងស្រុងបានចំនួន ៩៦ភាគរយរួចហើយ។  នេះជាការបញ្ជាក់របស់មន្ត្រីអភិវឌ្ឍន៍ជនបទខេត្ត។

គិតរហូតដល់ខែមីនា ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជាមានស្រុកចំនួនបួនហើយដែលទទួលស្គាល់ជាផ្លូវការ បានបញ្ឈប់ការបន្ទោបង់ពាស់វាលពាសកាលទាំងស្រុង។ ស្រុកទាំងបួននោះ រួមមាន ស្រុកបន្ទាយមាស (ខេត្តកំពត ប្រកាសថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦) ស្រុកស្វាយទាប (ខេត្តស្វាយរៀងប្រកាសថ្ងៃទី២៦ ខែមីនា ២០១៨) ស្រុករំដួល (ខេត្តស្វាយរៀងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩) និងស្រុកបរសេដ្ឋ (ខេត្តកំពង់ស្ពឺប្រកាសជាផ្លូវការនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០) ៕

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង