កម្ពុជាប្តេជ្ញាលើកកម្ពស់ស្អាតទឹកនិងអនាម័យឱ្យបាន ៩០% ត្រឹមឆ្នាំ២០២៣

ថ្ងៃអង្គារ៍ ទី២២ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 619
1

ភ្នំពេញ - តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១២ នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ជាតិ និងថ្នាក់ខេត្ត ចូលរួមពន្លឿនការងារទឹកស្អាតនិងអនាម័យ និងប្តេជ្ញាលើកកម្ពស់ស្អាតនិងអនាម័យឱ្យបាន ៩០% ត្រឹមឆ្នាំ២០២៣ ។ 

សារលិខិតដដែលបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ជាតិ និងថ្នាក់ខេត្តត្រូវបន្តយកចិត្តទុកដាក់ក្នុងការសម្របសម្រួល និងសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរិះរកវិធានការនិងធនធានក្នុងការលើកកម្ពស់អនាម័យជនបទឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។ 

ទន្ទឹមគ្នានេះសម្ដេចតេជោ បានបញ្ជាក់ថា ភាគីពាក់ព័ន្ធត្រូវជំរុញនិងលើកទឹកចិត្តខេត្ត-ក្រុង ដែលមានអត្រាគ្របដណ្តប់អនាម័យខ្ពស់ឱ្យក្លាយជាខេត្ត ដែលឈប់បន្ទោបង់ពាសវាលពាសកាល ១០០% ។ ចំណែកខេត្តដែលមានកម្រិតកំណើនអនាម័យទាប ត្រូវខិតខំរកលទ្ធភាពគ្រប់បែបយ៉ាងក្នុងការគាំទ្រ និងជម្នះកត្តារាំងស្ទះ ធ្វើយ៉ាងណាឱ្យសន្ទុះអនាម័យតាមខេត្តកើនឡើងល្អប្រសើរជាងមុន ។

លើសពីនេះសម្តេចបានចាត់ទុក សកម្មភាពផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាជាប្រចាំពីបណ្តាខេត្តឈានមុខដែលមានបទពិសោធន៍ និងកំណើន អនាម័យខ្ពស់ ជាចំណែកចូលរួមជំរុញឱ្យការងារលើកកម្ពស់ទឹកស្អាតនិងអនាម័យជនបទឆាប់សម្រេចតាមគោលដៅគ្រោងទុក ។

សម្ដេចតេជោ បានបន្ថែមថា ទន្ទឹមនឹងកំណើនបង្គន់អនាម័យកាន់តែខ្ពស់ ទាំងនៅជនបទ និងទីប្រជុំជន គ្រប់ផ្នែកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់រៀបចំឱ្យមានសេវា និងគោលការណ៍ណែនាំផ្សេងៗ ក្នុងការគ្រប់គ្រងកាកសំណល់លាមកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការបង្ហូរកាកសំណល់លាមកក្នុងបរិស្ថាន ដែលបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ៕

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង