អ្នកជំនាញគម្រោង MUSEFO ៖ ប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលកែលម្អការអនុវត្តចំណេះដឹងអាហារូបត្ថម្ភនៅកម្ពុជា

ថ្ងៃអង្គារ៍ ទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 464
1

ភ្នំពេញ - លោកបណ្ឌិត អ៊ុន សំអឿន អ្នកជំនាញរបស់គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (MUSEFO) នៃអង្គការ GIZ  បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលយ៉ាសំខាន់ដល់សកម្មភាពកែលម្អការអនុវត្តអាហារូបត្ថម្ភនៅកម្ពុជាក្នុងចំណោមប្រជាជនកម្ពុជា ពិសេសសម្រាប់ស្ត្រី និងកុមារ ។ ការលើកឡើងនេះ នៅក្នុងសិក្ខាសាលាស្តីពីអាហារូបត្ថម្ភ និងប្រគល់ពានរង្វាន់ជូនអ្នកសារព័ត៌មានឆ្នើម កាលពីព្រឹកថ្ងៃអង្គារកន្លងទៅ នៅភោជនីដ្ឋានទន្លេបាសាក់ពីរ រាជធានីភ្នំពេញ ។ 

 

លោកបណ្ឌិត អ៊ុន សំអឿន មានប្រសាសន៍ថា ផ្អែកតាមការសិក្សាមួយនៅក្នុងឆ្នាំ២០២១ បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៧១% ជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ដែលបង្ហាញពីសក្តានុពលខ្ពស់នៃបណ្តាញផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋយ៉ាងទូលំទូលាយ ។ 

 

ទន្ទឹមគ្នានេះ លោកបណ្ឌិត អ៊ុន សំអឿន បានបញ្ជាក់ថា ៖ការស្រាវជ្រាវបានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការលើកកម្ពស់ការយល់ដឹង ការបង្កើនចំណេះដឹង និងការផ្លាស់ប្តូរឥរិយាបថអាហារូបត្ថម្ភរបស់មាតា និងទារក និងការអនុវត្តចិញ្ចឹមទារក និងកុមារតូច 

 

អ្នកជំនាញសន្តិសុខស្បៀង និងអាហារូបត្ថម្ភខាងលើបានពន្យល់បន្ថែមទៀតថា ប្រព័ន្ធផ្សព្វផ្សាយមិនត្រឹមតែមានឥទ្ធិពលជាវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែក៏មានហានិភ័យជាអវិជ្ជមានផងដែរ ខណៈដែលព័ត៌មានមិនពិតអាចត្រូវបានចែកចាយយ៉ាងទូលំទូលាយ ជាឧទាហរណ៍ព័ត៌មានតាមរយៈបណ្តាញសង្គមហ្វេសប៊ុកជាដើម ។ ដូច្នេះមុននឹងសាធារណជនជ្រើសរើសព័ត៌មានណាមួយ គួរពិនិត្យឱ្យបានច្បាស់លាស់ពីប្រភពព័ត៌មាន និងថ្លឹងថ្លែងព័ត៌មានមុននឹងជឿជាក់ព័ត៌មានលើបណ្តាញសង្គម ។

 

សូមជម្រាបថា នៅក្នុងសិក្ខាសាលាស្តីពីអាហារូបត្ថម្ភ និងប្រគល់ពានរង្វាន់ជូនអ្នកសារព័ត៌មានឆ្នើម រៀបចំឡើងដោយអង្គការហេឡែន ខេលល័រ អន្តរជាតិ កម្ពុជា ជាការផ្តល់រង្វាន់ជុំទី២ ដល់អ្នកសារព័ត៌មានជ័យលាភីដែលបានចូលរួមសរសេរ ចងក្រង និងផ្សព្វផ្សាយព័ត៌មានស្តីពីចំណេះដឹងអាហារូបត្ថម្ភ សន្តិសុខស្បៀង ទឹកស្អាតនិងអនាម័យ ព្រមទាំងរបបអាហារសុខភាពដល់សាធារជន មានចំនួនជាង ៦០០អត្ថបទព័ត៌មាន ។

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង