ADB ផ្តល់កម្ចី ១៨០លានដុល្លារអភិវឌ្ឍន៍ក្រុង ៣ លើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនិងអនាម័យ

ថ្ងៃសុក្រ ទី១០ ខែឧសភា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 341
1

ភ្នំពេញ - ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១៨០លានដុល្លារអាម៉េរិកជួយដល់ក្រុងចំនួនបីនៅកម្ពុជា ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងបង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពីថ្ងៃទី១៩ វិច្ឆិកា ២០២១ កន្លងទៅ ។

គម្រោងវិនិយោគក្រុងទាំងបី រួមមាន ក្រុងបាវិតនៃខេត្តស្វាយរៀង, ក្រុងកំពតនៃខេត្តកំពត, និងក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។ តាមរយៈគម្រោងនេះនឹងជួយប្រជាពលរដ្ឋបានជាង ១៤ម៉ឺននាក់ ។ 

តាមការបញ្ជាក់ពី ADB គម្រោងអភិវឌ្ឍន៍នេះ នឹងជួយឱ្យក្រុងទាំងបីទទួលបានសេវាគ្រប់គ្រងទឹកលូ និងសំណល់រឹងបានល្អប្រសើរ ព្រមទាំងរៀបចំប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង ដើម្បីអាចកាត់បន្ថយទឹកជំនន់ ។

អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Wei Kim Swain មានប្រសាសន៍ថា “ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនកំពុងផ្លាស់ទីលំនៅទៅកាន់ក្រុងលំដាប់ទីពីរ ប៉ុន្តែលទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មទីក្រុង រួមទាំងបរិស្ថានមិនសូវល្អ ធ្វើឱ្យជីវភាពរស់នៅកាន់តែលំបាក និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទីក្រុង ។

លោកស្រី Wei Kim Swain បានបញ្ជាក់ថា គម្រោងនេះនឹងជួយរាជរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត អនាម័យ និងកាកសំណល់ និងលើកកម្ពស់កម្រិតជីវភាពជាពិសេសក្នុងចំណោមគ្រួសារមានប្រាក់ចំណូលទាប ។

ធនាគារអភិវឌ្ឍន៍អាស៊ី បានកត់សម្គាល់ថា ចំនួនពលរដ្ឋរស់នៅទីក្រុងនៅកម្ពុជាបានកើនដល់ ៦លាននាក់ក្នុងឆ្នាំ២០១៩ ពី ២,៦លាននាក់ក្នុងឆ្នាំ២០០៨ ដែលបានបង្កជាបញ្ហាប្រឈមដល់រដ្ឋបាលក្រុងក្នុងការផ្តល់សេវាកម្ម ។ នៅឆ្នាំ២០១៩ ប្រមាណ ៤៧ ភាគរយនៃពលរដ្ឋរស់នៅទីក្រុងនៅកម្ពុជាទទួលបានការផ្គត់ផ្គង់ទឹកស្អាតតាមលំនៅឋាន ។ 

បន្ថែមលើនេះ ទឹកលូដែលមិនបានសម្អាត ជាទូទៅត្រូវបង្ហូរទៅក្នុងទីចំហរយៈលូរួម និងលូទឹកបង្កប់តាមផ្លូវ ឬដោយប្រយោលតាមប្រឡាយចំហ ។ ចំណែកសេវាកម្មសម្អាតសំណល់រឹងក៏នៅមានកម្រិត ។

សូមជម្រាបថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជាឆ្នាំ ២០១៩-២០២៣ បានផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមទាំងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ហើយកំណត់ទិសដៅជាតិសម្រាប់ក្រុងទាំងអស់ ដើម្បីទទួលបានទឹកស្អាតត្រឹមឆ្នាំ២០២៥ និងពង្រឹងការគ្រប់គ្រងកាកសំណល់រឹង ៕

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន