កម្ពុជាខាតបង់ទឹកប្រាក់ ២៦៦លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំដោយសារកុមារកង្វះអាហារូបត្ថម្ភ
ភ្នំពេញ : អ្នកជំនាញអាហារូបត្ថម្ភនៃសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា បានអះអាងថា កង្វះអាហារូបត្ថម្ភ ធ្វើឱ្យកម្ពុជាខាតបង់ទឹកប្រាក់២៦៦លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ខណៈកង្វះអាហារូបត្ថម្ភជាឧបសគ្គដ៏ធំបំផុតសម្រាប់ការលូតលាស់កុមារនៅកម្ពុជា និងរាំស្ទះដំណើរនៃអភិវឌ្ឍន៍ប្រទេសជាតិ ។
ថ្លែងក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដែលរៀបចំដោយសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSA Cambodia) នៅសណ្ឋាគារភ្នំពេញ កាលពេលថ្មីៗនេះ អ្នកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ប្រធានស្តីទីកម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល មានប្រសាសន៍ថា បញ្ហាកង្វះអាហារូបត្ថម្ភ បង្កើតបានឧបសគ្គជាច្រើនចំពោះសុខភាពកុមារនៅកម្ពុជា ។
អ្នកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ៖ " កុមារមានបញ្ហាកង្វះអាហារូបត្ថម្ភនឹងក្លាយជាកុមារមានទម្ងន់ទាប មានរាងកាយទន់ខ្សោយ និងងាយរងគ្រោះនឹងជំងឺផ្សេងៗ។ ដោយឡែកការសិក្សារបស់ពួកគេយឺតយ៉ាវធៀបនឹងកុមារទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ទាំងនេះហើយជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងការលូតលាស់សេដ្ឋកិច្ចប្រទេសជាតិ" ។
ចំណែកលោក ហ៊ូ ក្រើន អ្នកសម្របសម្រួលនៃសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា បានឲ្យដឹងដែរថា យោងតាមទន្និន័យស្រាវជ្រាវដោយក្រសួងផែនការ ឆ្នាំ២០១៤ ក្នុងចំណោមកុមារកម្ពុជា ១០០នាក់ មានកុមារ ៣២នាក់ខ្វះអាហារូបត្ថម្ភ ហើយកង្វះអាហារូបត្ថម្ភនេះ ធ្វើឲ្យកម្ពុជា ខាតបង់ថវិកាប្រមាណជាង ២៦៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ឬប្រមាណជា១,៧ភាគរយ នៃផលិតផលជាតិសរុប ។
លោក សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាអ្នកសម្របសម្រួលថ្នាក់ជាតិសម្រាប់ចលនាអាហារូបត្ថម្ភនៅកម្ពុជា មានប្រសាសន៍ថា ៖ "ដើម្បីដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភកុមារ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ មិនទុកអ្នកណាម្នាក់មានបញ្ហាកង្វះអាហារូបត្ថម្ភឡើយ នៅត្រឹមឆ្នាំ២០៣០ខាងមុខ" ។
មន្ត្រីជំនាញរូបនេះបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភកុមារកម្ពុជា ចាំបាច់ត្រូវមានការចូលរួមពីគ្រប់ពាក់ព័ន្ធទាំងអស់គ្នា មានរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ជាតិអន្តរជាតិ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ៕