ការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជាកំពុងធ្វើដំណើរទាំងរប៉ាក់រប៉ើកគ្មានគោលដៅ
ភ្នំពេញ - តំណក់ទឹកដោះដំបូងរបស់ម្តាយជាអាហារដ៏សំខាន់បំផុត និងចាំបាច់ដែលអ្នកម្តាយគ្រប់រូបត្រូវផ្តល់ឱ្យកូនបន្ទាប់ពីសម្រាលកូនរួច ។ តំណកទឹកដោះដំបូង និងការបំបៅកូនដោយទឹកដោះម្តាយ គឺជាវ៉ាក់សាំងដំបូងសម្រាប់ទារកដែលផ្តល់ការការពារដ៏សំខាន់ទប់ទល់នឹងជំងឺធ្ងន់ធ្ងរជាច្រើន ព្រមទាំងជួយឱ្យទារកអាចបន្តទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុខភាពមាំមួន ។ គ្មានសារធាតុផ្សំទាំងឡាយណា ដែលអាចជំនួសគុណតម្លៃនៃទឹកដោះម្តាយបានឡើយ ។ ទឹកដោះម្តាយសំខាន់បំផុតសម្រាប់ទារក ដែលម្តាយគ្រប់រូបគួរជ្រើសរើសការបំបៅកូនដោយទឹកដោះតែមួយគត់ក្នុងរយៈពេល ៦ខែដំបូងនៃជីវិតទារក ។
ការបំបៅដោះកូនដោយទឹកដោះម្តាយជាជម្រើសល្អបំផុត ជួយដល់សុខភាពទារក និងកុមារពេញមួយដំណើរជីវិតរបស់ពួកគេ ។ បើតាមក្រសួងសុខាភិបាល ភាពឆ្លាតវៃរបស់កុមារ ឬ IQ របស់កុមារនឹងធ្លាក់ចុះ ២,៦ពិន្ទុ ប្រសិនបើកុមារមិនទទួលបានការបំបៅទឹកដោះម្តាយ ។ ទាំងនេះជាខ្លឹមសារនៃសារលើកទឹកចិត្តរបស់ក្រសួងសុខាភិបាល អ្នកជំនាញអាហារូបត្ថម្ភ និងអង្គការដៃគូ តែងផ្សព្វផ្សាយទៅកាន់ប្រជាជនកម្ពុជាឱ្យមើលឃើញពីគុណតម្លៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល ៦ខែដំបូងសម្រាប់ទារក ។
ទោះបីខ្លឹមសារអប់រំលើកទឹកចិត្តនេះ បានបង្ហាញ ផ្សព្វផ្សាយ និងអប់រំជារឿងៗដោយផ្ទាល់ និងដោយប្រយោលជាបន្តបន្ទាប់យ៉ាងណាក្តី ក៏ប៉ុន្តែតម្លៃនៃសារអប់រំនេះ ហាក់ដូចជាមិនទាន់ជ្រួតជ្រាបស៊ីជម្រៅទៅដល់ដួងចិត្តសមាជិកគ្រួសារនីមួយៗ និងអ្នកម្តាយ ពិសេសអ្នកម្តាយវ័យក្មេងនៅកម្ពុជាឡើយ ។ ជាក់ស្តែង ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងចំណោមកុមារអាយុពីសូន្យ - ៥ខែ បានធ្លាក់ចុះយ៉ាងខ្លាំងពី ៦៥ភាគរយនៅឆ្នាំ២០១៤ ធ្លាក់រហូតដល់ ៥១ភាគរយក្នុងឆ្នាំ២០២២ ។ នេះបើតាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ។
ការធ្លាក់ចុះសកម្មភាពបំបៅកូនដោយទឹកដោះម្តាយក្នុងរយៈពេល ៦ខែដំបូងនេះ អាចនិយាយបានថា សកម្មភាពបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជាកំពុងធ្វើដំណើរទាំងរប៉ាក់រប៉ើកគ្មានគោលដៅ និងពុំទាន់មានគោលនយោបាយប្តេជ្ញាជាក់លាក់ ដើម្បីជំរុញលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ខណៈការផ្សព្វផ្សាយផលិតផលម្សៅទឹកដោះគោ ផ្សំតាមរូបមន្តកំពុងរះឡើងព្រោងព្រាតនៅទីសាធារណៈ ក្បែរបន្ទប់សម្រាលកូន និងនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា អមដោយសារបំប៉ោងទាក់ទាញចិត្តឱ្យអ្នកម្តាយលង់ជឿពាណិជ្ជកម្មលើការលូតលាស់ ជម្រើសឆ្លាតវៃរបស់អ្នកម្តាយ ព្រមទាំងភាពឆ្លាតវៃរបស់កុមារ ដែលការពិតមើលមិនឃើញទាល់តែសោះ ។
ហេតុអ្វីកម្ពុជាត្រូវមានគោលនយោបាយគាំពារសុខុមាលភាពសង្គមជាក់លាក់ ដើម្បីគំាទ្រដល់សកម្មភាពបំបៅកូនដោយទឹកដោះម្តាយ? ពិតណាស់ ប្រសិនបើមានគោលនយោបាយគំាទ្រដល់សកម្មភាពបំបៅកូនដោយទឹកដោះម្តាយជាក់លាក់ នោះទំនងជាសកម្មភាពបំបៅកូនដោយទឹកដោះម្តាយនឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលាយ ហើយប្រជាជនមានទំនុកចិត្ត ព្រមទាំងយល់កាន់តែច្បាស់ពីគុណតម្លៃនៃការបំបៅកូនដោយទឹកដោះម្តាយ ។
សព្វថ្ងៃកម្ពុជាមានអនុក្រឹត្យស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ ចុះកាលបរិច្ឆេទឱ្យអនុវត្តនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៥ ។ អនុក្រឹត្យនេះ មានវិសាលភាពត្រួតពិនិត្យ និងកម្រិតលើការប្រើប្រាស់ និងការចែកចាយផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ ស្របតាមស្តង់ដារចំណីអាហារ (Codex Alimentarius) ។ អនុក្រឹត្យស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ និងគោលនយោបាយជំរុញឱ្យស្ត្រីជាម្តាយបំបៅកូនដោយទឹកដោះម្តាយគួរធ្វើដំណើរទន្ទឹមគ្នា ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុក្រឹត្យស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារនេះ មិនមែនមានន័យថា ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ រួមមាន ទឹកដោះគោម្សៅផ្សំតាមរូបមន្ត ទឹកដោះគោម្សៅផ្សំតាមរូបមន្តសម្រាប់បំប៉ន និងទឹកដោះគោម្សៅផ្សំតាមរូបមន្តពិសេស មានតម្លៃស្មើនឹងទឹកដោះម្តាយឡើយ ។ រាល់ការវិនិច្ឆ័យឱ្យទារក និងកុមារម្នាក់ប្រើប្រាស់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ ត្រូវឆ្លងកាត់ពីវេជ្ជបណ្ឌិតជំនាញជាមុនសិន ។ យ៉ាងណាក្តី អង្គការសុខភាពពិភពលោក (WHO) ព្រមទាំងអ្នកជំនាញអាហារូបត្ថម្ភពាក់ព័ន្ធ នៅតែឱ្យអាទិភាពខ្ពស់លើគុណសម្បត្តិនៃទឹកដោះម្តាយ ដែលជួយដល់សុខភាពទារក និងកុមារ ។
និយាយពីឧបសគ្គដែលមិនអាចឱ្យស្ត្រីជាម្តាយនៅកម្ពុជាបំបៅកូនដោយទឹកដោះម្តាយបានពេញលេញរហូតដល់ ៦ខែ (១៨០ថ្ងៃ) អាចមកពីកត្តារួមផ្សំជាច្រើន រួមមាន ១. ពេលវេលាលំហែមាតុភាពនៅកម្ពុជាមានត្រឹមតែរយៈពេលបីខែ (៩០ថ្ងៃ), ២. ផ្នត់គំនិតប្រពៃណីគ្រួសារមិនទាន់យល់ពីគុណតម្លៃទឹកដោះម្តាយ, ៣. អ្នកម្តាយមួយចំនួនបារម្ភខ្លាចខូចរូបរាងកាយ (ខូចទម្រង់សុដន់) រាល់ពេលបំបៅកូន, ៤. ការផ្សព្វផ្សាយពីគុណសម្បត្តិទឹកដោះម្តាយពុំទាន់ទូលាយ, ៥. កង្វះបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ, និងទី៦. ការផ្សព្វផ្សាយពាណិជ្ជកម្មបំពានលើអនុក្រឹត្យស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ។
របាំងខាងលើនេះ ជារនាំងធ្វើឱ្យសកម្មភាពបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជាធ្វើដំណើរទាំងរប៉ាក់រប៉ើកគ្មានគោលដៅ ខណៈគោលនយោបាយជំរុញលើកកម្ពស់ស្ត្រីជាម្តយឱ្យបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល ៦ខែដំបូង ក៏ពុំទាន់មានជាក់លាក់នៅឡើយ ។
ពេលវេលាលំហែមាតុភាពជាគន្លឹះគាំទ្រសកម្មភាពបំបៅកូនដោយទឹកដោះម្តាយឱ្យបានពេញលេញ
មាត្រា១៨២ នៃច្បាប់ការងារព្រះរាជាណាចក្រកម្ពុជា បានចែងថា សហគ្រាសទាំងអស់ដែលមានរាប់ក្នុងមាត្រា១ នៃច្បាប់នេះ ស្ត្រីទាំងឡាយត្រូវមានសិទ្ធិឈប់សម្រាកកៅសិបថ្ងៃ (៣ខែ) ដើម្បីសំរាលកូន ។ ក្រោយពីឈប់សំរាលកូនមកក្នុងរយៈពេលពីរខែ ដែលបានចូលធ្វើការត្រូវឱ្យស្ត្រីនោះធ្វើតែការងារណាស្រាលៗ ។ ត្រូវហាមឃាត់មិនឱ្យនិយោជកបញ្ឈប់ស្ត្រីសំរាលកូននៅពេលឈប់ឆ្លងទន្លេ ឬនៅថ្ងៃណាមួយក្នុងពេលឈប់សំរាលកូននេះ ទោះដោយវិធីឱ្យដំណឹងមុនក៏ដោយ ។
មាត្រា១៨៣ ក្នុងពេលដែលឈប់សំរាកដូចមានចែងក្នុងមាត្រាខាងលើនេះ ស្ត្រីមានសិទ្ធិទទួលប្រាក់ឈ្នួលពាក់កណ្តាល គិតទាំងប្រាក់បន្ទាប់បន្សំផង ដោយនិយោជកបើកឱ្យ ។ ស្រ្តីរក្សាសិទ្ធិខ្លួនទាំងស្រុងក្នុងការទទួលវត្ថុអំណោយផ្សេងទៀតប្រសិនជាមាន ។ អនុសញ្ញារួមដែលផ្ទុយពីនេះ ត្រូវទុកជាមោឃៈដោយពេញច្បាប់ ក៏ប៉ុន្តែការទទួលប្រាក់ឈ្នួលដូចមានចែងក្នុងកថាខ័ណ្ឌទី១ នៃមាត្រានេះនឹងឱ្យបានតែចំពោះស្ត្រីណាដែលធ្វើការក្នុងសហគ្រាសបានយ៉ាងតិចមួយឆ្នាំរៀងមក ។
មាត្រា១៨៤ ក្នុងរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃដែលសំរាលកូនរួច ស្ត្រីដែលឱ្យកូនបៅដោះអាចបានពេលមួយម៉ោងក្នុងមួយថ្ងៃ ដើម្បីបំបៅកូនខ្លួនក្នុងពេលម៉ោងធ្វើការ រយៈពេលមួយម៉ោងនេះអាចចែកជាពីរវគ្គ ដែលមាន ៣០នាទីក្នុងមួយវគ្គ គឺពេលធ្វើការព្រឹកម្តង ពេលធ្វើការរសៀលម្តងនៅម៉ោងណាដែលស្ត្រីនោះព្រមព្រៀងជាមួយនិយោជក ។ បើគ្មានការព្រមព្រៀងទេ ត្រូវយកម៉ោងនៅពាក់កណ្តាលពេលនៃរយៈពេលម៉ោងធ្វើការនីមួយៗ ។
មាត្រា១៨៥ ការឈប់ដើម្បីបំបៅកូនត្រូវគិតដោយឡែក ហើយមិនត្រូវបន្ថយពីការឈប់សំរាកធម្មតា ដែលមានចែងនៅក្នុងច្បាប់ការងារក្នុងបទបញ្ជាផ្ទៃក្នុងនៃគ្រឹះស្ថានក្នុងអនុសញ្ញារួមនៃការងារ ឬក្នុងទម្លាប់ក្នុងស្រុកដែលកម្មករឯទៀតក្នុងប្រភេទជាមួយនេះត្រូវបានឈប់ ។
មាត្រា១៨៦ នាយកសហគ្រាសទាំងឡាយដែលប្រើស្ត្រីចាស់ក្តីក្មេងចំនួនយ៉ាងតិច ១០០នាក់ ត្រូវរៀបចំបន្ទប់សំរាប់បំបៅកូនមួយនៅក្នុងគ្រឹះស្ថាន ឬនៅជិតនោះ ហើយនិងទារកដ្ឋានមួយផង ។ ក្នុងករណីដែលសហគ្រាសពុំមានលទ្ធភាពរៀបចំទារកដ្ឋានសម្រាប់ទទួលកុមារអាយុលើសពីដប់ប្រាំបីខែផ្ទាល់បានទេ នារីជាកម្មករនិយោជិតអាចផ្ញើកូនរបស់ខ្លួននៅទារកដ្ឋានណាមួយដោយនិយោជកជាអ្នកចេញសោហ៊ុយថែរក្សាទារកនោះ ។
ជារួមមកវិញ ពេលវេលាសម្រាកលំហែមាតុភាព ៩០ថ្ងៃដែលច្បាប់ការងារផ្តល់ឱ្យ អាចជាមូលដ្ឋានគាំពារនិងគាំទ្រការបំបៅកូនដោយទឹកដោះម្តាយឱ្យបានត្រឹមត្រូវ ប៉ុន្តែបើពិនិត្យតាមស្ថានភាពជាក់ស្តែងចំពោះពេលវេលាដូចមានចែងនៅក្នុងច្បាប់ការងារនេះ អាចមិនគ្រប់គ្រាន់ឡើយសម្រាប់ការបន្តសកម្មភាពបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល ៦ខែដំបូង ។ បើផ្អែកតាមអ្នកជំនាញអាហារូបត្ថម្ភ និងមន្ត្រីជំនាញសុខាភិបាល បានលើកឡើងថា ទារកអាយុក្រោម ៦ខែជាពេលវេលាដែលម្តាយត្រូវបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ។
ទាក់ទិននឹងពេលវេលាលំហែមាតុភាពនេះ កាលពីចុងខែមករាឆ្នាំ២០២៣ ក្រសួងតំណាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ( NGOs) បានរៀបចំកិច្ចពិភាក្សាមួយលើច្បាប់លំហែមាតុភាពនៅកម្ពុជាឱ្យបាន ៦ខែ ឬស្មើនឹង ១៨០ថ្ងៃ ដើម្បីចូលរួមកាត់បន្ថយកុមារខ្វះអាហារូបត្ថម្ភ ។
លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេសនៃអង្គការហេឡែន ខេលល័រ អន្តរជាតិកម្ពុជា មានប្រសាសន៍ថា ការពិចារណាលើច្បាប់ស្តីពីពេលវេលាលំហែមាតុភាពរយៈពេល ៣ខែ ទៅរយៈពេល ៦ខែ គឺដើម្បីឱ្យម្តាយមានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែ និងបំបៅកូនដោយទឹកដោះម្តាយពីអាយុសូន្យទៅដល់ ៦ខែឱ្យបានពេញលេញ ។ សកម្មភាពនេះ មានគោលដៅចូលរួមកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជា ព្រមទាំងជួយដល់សុខភាពម្តាយ និងទារក ។
នាយកប្រចាំប្រទេសនៃអង្គការហេឡែន ខេលល័រ លោក ហ៊ូ ក្រើន បានបញ្ជាក់បន្ថែមថា ៖ “សកម្មភាពបំបៅកូនដោយទឹកដោះម្តាយផ្តល់ឱ្យទារកនូវអាហារូបត្ថម្ភល្អបំផុតសម្រាប់សុខភាព ! ការបំបៅដោះនេះសំខាន់បំផុតនៅដំណាក់កាល ៦ខែដំបូងនៃជីវិតទារក ! ករណីម្ដាយមិនបានអនុវត្តការបំបៅកូនដោយទឹកដោះម្ដាយ និងផ្ដល់អាហារដែលមានជីវជាតិ ដូចជា សាច់ ត្រី បន្លែ និងអាហារបំប៉នបន្ថែមឱ្យកូនបានគ្រប់គ្រាន់នៅចន្លោះពី ៦ខែទៅពីរឆ្នាំនោះទេ គឺអាចធ្វើឱ្យកុមារមានបញ្ហាប្រឈមក្នុងការខ្វះអាហារូបត្ថម្ភ ។”
គួរបញ្ជាក់ថា លទ្ធភាពផ្តល់ពេលវេលា ៦ខែ ឬ ១៨០ថ្ងៃសម្រាប់ការសម្រាកលំហែមាតុភាពនៅកម្ពុជាអាចធ្វើទៅបាន ប្រសិនបើក្រសួងស្ថាប័នជំនាញ (រាជរដ្ឋាភិបាល) និងដៃគូរវិនិយោគទាំងអស់ចាប់ផ្តើមគិតគូរឱ្យបានពេញលេញទៅលើការកសាងមូលធនមនុស្សចាប់ពីថ្ងៃនេះ ទៅរយៈពេល ១៨ឆ្នាំ ឬ ២៥ឆ្នាំក្រោមមក ។ ការផ្តល់លទ្ធភាពពេញលេញឱ្យស្ត្រីបំបៅកូនដោយទឹកដោះម្តាយ គឺជាការវិនិយោគពេលវេលាត្រឹមត្រូវ ដើម្បីកសាងមូលធនមនុស្សសម្រាប់អ្នកជំនាន់ក្រោយប្រកបដោយសក្តានុពល ។
ជាក់ស្តែង នៅក្នុងតំបន់អាស៊ានមានប្រទេសតែពីរប៉ុណោះ ដែលរដ្ឋាភិបានផ្តល់ពេលវេលាវែងជាងគេសម្រាប់ការសំរាកលំហែមាតុភាព គឺប្រទេសវៀតណាម ១៨០ថ្ងៃ និងប្រទេសសិង្ហបុរី ១១២ថ្ងៃ ។ ប្រទេសទាំងពីរនេះកំពុងគិតគូរយ៉ាងដិតដល់ចំពោះសុខភាពមូលធនមនុស្សជំនាន់ក្រោយ ព្រមទាំងមានគោលនយោបាយគាំពារសង្គមកិច្ចស៊ីជម្រៅ ។ ចំណែករយៈពេលសំរាកលំហែមាតុភាពនៃប្រទេសសមាជិកអាស៊ានផ្សេងទៀត រួមមាន កម្ពុជា ៩០ថ្ងៃ, ថៃឡង់ដ៍ ៩០ថ្ងៃ, ឥណ្ឌូនេស៊ី ៩០ថ្ងៃ, មីយ៉ាន់ម៉ា ៩៨ថ្ងៃ, ម៉ាឡេស៊ី ៦០ថ្ងៃ, ប្រ៊ុយណេ ១០៥ថ្ងៃ, និងឡាវ ១០៥ថ្ងៃ ។
កម្មវិធីនយោបាយរដ្ឋាភិបាល នីតិកាលទី៧ ពុំទាន់បញ្ចូលយន្តការជំរុញឱ្យស្ត្រីបំបៅកូនដោយទឹកដោះម្តាយ
បើតាមអង្គការយូនីសេហ្វ បានកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ពីសារៈសំខាន់នៃទឹកដោះម្តាយជាយូរមកហើយ និងបានធ្វើការងារជាមួយដៃគូនានា ដើម្បីបង្កើនប្រេវ៉ាឡង់នៃការបំបៅកូនដោយទឹកដោះម្តាយរាប់ទសវត្សរ៍មកហើយដែរ ។ តែទោះយ៉ាងណាក៏ដោយ អត្រានៃការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ពី ៦៥ភាគរយ (២០១៤) មកដល់ ៥១ភាគរយ (២០២២) ។ អត្រានេះអាចនឹងបន្តធ្លាក់ចុះទៀត ប្រសិនបើពុំមានការគាំទ្រឱ្យបានជាក់លាក់លើសកម្មភាពជំរុញចលនាការបំបៅកូនដោយទឹកដោះម្តាយ ។
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ចាប់ពីខែសីហាតទៅកម្មការនីដែលមានផ្ទៃពោះនឹងទទួលការឧបត្ថម្ភទ្វេដង តាំងពីការពិនិត្យផ្ទៃពោះរហូតដល់កូនមានអាយុ ២ឆ្នាំ ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ រៀបចំឡើងដើម្បីធានាឱ្យមាតានិងកូនមានសុខភាពល្អ ហើយរដ្ឋត្រូវចំណាយទឹកប្រាក់ប្រមាណ ១៣លានដុល្លារ បន្ថែមទៀតក្នុងមួយឆ្នាំសម្រាប់គោលនយោបាយចាស់ពង្រីកសកម្មភាពថ្មី ដើម្បីគាំទ្រដល់កម្មការិនីសេដ្ឋកិច្ចក្នុងប្រព័ន្ធ ។
ការឧបត្ថម្ភនេះនឹងផ្តល់លទ្ធភាពឱ្យស្ត្រីជាម្តាយចំណាយប្រាក់ ដើម្បីទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់សុខភាពផ្ទាល់ខ្លួន និងការលូតលាស់របស់កូន ។ ចំណែកសកម្មភាពគាំទ្រការបំបៅកូនដោយទឹកដោះម្តាយឱ្យបាន ៦ខែ គឺស្ថិតនៅលើការសម្រេចចិត្តរបស់ស្ត្រីជាម្តាយតែប៉ុណ្ណោះ ។
បើតាមអ្នកស្រី ស្វាយ សារី អ្នកសម្របសម្រួលកម្មវិធីជាតិ ស្ដីពីការអនុវត្តមន្ទីរពេទ្យស្រឡាញ់ទារក នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានប្រសាសន៍ថា ទឹកដោះម្តាយសំខាន់បំផុតសម្រាប់ទារក ដែលម្តាយគ្រប់រូបគួរជ្រើសរើសការបំបៅកូនដោយទឹកដោះតែមួយគត់ក្នុងរយៈពេលប្រាំមួយខែដំបូងនៃជីវិតទារក ។ ទឹកដោះម្តាយជួយដល់ប្រព័ន្ធការពាររាង្គកាយទារក អភិវឌ្ឍន៍ផ្នែកចលនា និងសតិបញ្ញា កាត់បន្ថយជំងឺឆ្លង បង្កើនចំណងចិត្តជាមួយម្តាយ និងកាត់បន្ថយភាពលើសទម្ងន់ជាដើម ។
អ្នកស្រី ស្វាយ សារី បានបញ្ជាក់បន្ថែមថា ៖ “ការបំបៅកូនដោយទឹកដោះតែមួយគត់ក្នុងរយៈពេល ៦ខែដំបូងនៃជីវិតទារក ធានាឱ្យទារកទើបកើត និងកុមារតូចមានសុខភាពល្អ ។ ទារកបៅទឹកដោះម្តាយតែមួយគត់ក្នុងរយៈពេល ៦ខែដំបូង ប្រឈមមុខនឹងការស្លាប់តិចជាង ១៤ដង បើធៀបទៅនឹងទារកដែលមិនបានបៅទឹកដោះម្តាយ”។
ស្របគ្នានេះដែរ បើក្រឡេកមើលពីកម្មវិធីនយោបាយរបស់រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ (២០២៣ - ២០២៨) ដែលទើបដាក់ចេញនៅចុងខែសីហា ឆ្នាំ២០២៣ ចំណុចសំខាន់ៗនៃគោលនយោបាយ គឺពុំបានបង្ហាញពីចំណុចអាទិភាពលើកកម្ពស់យន្តការគាំទ្រសកម្មភាពបំបៅកូនដោយទឹកដោះម្តាយឱ្យបានពេញលេញ ព្រមទាំងពិចារណាឡើងវិញពីពេលវេលាបន្ថែមសម្រាប់ការសម្រាកលំហែមាតុភាពឡើយ ។
ក៏ប៉ុន្តែចំណុចទី៦ នៃសកម្មភាពទី១៦ ស្តីពីការលើកកម្ពស់ស្ថានភាពស្ត្រី និងកុមារ ការអភិវឌ្ឍយុវជន និងកីឡា នៃកម្មវិធីនយោបាយរបស់រដ្ឋាភិបាល នីតិកាលទី៧ បានបញ្ជាក់ខ្លីថា […] (រដ្ឋាភិបាល) ពង្រឹងការអនុវត្តគោលនយោបាយថែទាំជំនួសចំពោះកុមារការថែទាំកុមារតាមគ្រួសារកំណើត គ្រួសារសាច់ញាតិ និងគ្រួសារធម៌ក្នុងសហគមន៍សំដៅទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ ។ ទន្ទឹមគ្នានេះ បង្កើនការគ្រប់គ្រងគុណភាពនៃការថែទាំកុមារនៅតាមមណ្ឌលរដ្ឋ និងមណ្ឌលនៃអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសិក្សាលទ្ធភាពបង្កើតមណ្ឌលថែទាំកុមាររយៈពេលពេញមួយថ្ងៃគ្រប់រូបភាព […] ។
បើពិនិត្យឱ្យលម្អិតនៅក្នុងកម្មវិធីនយោបាយរបស់រដ្ឋាភិបាល នីតិកាលទី៧ គឺគោលនយោបាយនេះពុំទាន់បានរំលេចពាក្យពេចន៍ច្បាស់និងចំៗ ជំរុញឱ្យស្ត្រីបំបៅកូនដោយទឹកដោះម្តាយឡើយ ។ ប៉ុន្តែតាមរយៈគោលនយោបាយចាស់សកម្មភាពថ្មីដែលរដ្ឋាភិបាលទើបដាក់ឱ្យអនុវត្តនៅខែសីហា ឆ្នាំ២០២៣ និងកម្មវិធីនយោបាយគាំទ្រសុខុមាលភាពសង្គមចំពោះស្រ្តី និងកុមារ (គោលនយោបាយនីតិកាលទី៧) ទំនងការលើកទឹកចិត្តឱ្យស្ត្រីបំបៅកូនដោយទឹកដោះម្តាយឱ្យបានពេញលេញ និងបន្តអប់រំគាំទ្រតាមរយៈការផ្តល់សេវាថែទាំសុខភាពមុន និងក្រោយពេលសម្រាលនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកនានារបស់រដ្ឋ ។
ការលើកទឹកចិត្តឱ្យស្ត្រីបំបៅកូនដោយទឹកដោះម្តាយឱ្យបានពេញលេញ អាចមានប្រសិទ្ធភាពតិចជាងយន្តការជាក់លាក់ជំរុញឱ្យស្ត្រីបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ឱ្យបានពេញលេញក្នុងរយៈពេល ៦ខែដំបូងបន្ទាប់ពីសម្រាល ។
ក្តីប្រាថ្នាចង់បានសំឡេងមួយ
ដោយមើលឃើញពីគុណតម្លៃដ៏វិសេសនៃទឹកដោះម្តាយសម្រាប់ទារកនិងកុមារ ខណៈសកម្មភាពបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជាមានការធ្លាក់ចុះ ជាកង្វល់ចំពោះមុខអង្គការយូនីសេហ្វ និងអង្គការទស្សនៈពិភពលោកអន្តរជាតិ បានសេចក្តីប្រកាសព័ត៌មានរួមគ្នានៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ជំរុញឱ្យមានការអនុវត្តវិធានការជាបន្ទាន់ ដើម្បីស្រោចស្រង់ការថយចុះគួរឱ្យបារម្ភនៃអត្រាបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា ។
លោកស្រី ក្រាណា ពូ សែវវី ប្រធានបច្ចេកទេសផ្នែកអាហារូបត្ថម្ភ នៃអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា មានប្រសាសន៍ថា កម្មវិធីសុខភាព និងអាហារូបត្ថម្ភរបស់អង្គការទស្សនៈពិភពលោក កន្លងទៅបានសហការជាមួយមណ្ឌលសុខភាព មាតាបិតា អ្នកផ្តល់ការថែទាំ និងតំណាងសហគមន៍ ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ។
លោកស្រី ក្រាណា ពូ សែវវី បានបញ្ជាក់បន្ថែមថា ៖ “ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការទទួលខុសត្រូវរួម ហើយចាំបាច់ត្រូវមានការគាំទ្រពីគ្រប់ផ្នែកទាំងអស់នៃសង្គម ។ យើងសូមជំរុញឱ្យគ្រប់គ្នាយកចិត្តទុកដាក់វិនិយោគលើការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីកម្ពុជាកាន់តែមានការរីកចម្រើនប្រកបដោយចីរភាព។”
ទន្ទឹមគ្នានេះ យូនីសេហ្វ និងអង្គការទស្សនៈពិភពលោកអន្តរជាតិ ក៏បានបង្ហាញដែរថា ក្នុងឆ្នាំ២០២២ កម្លាំងពលកម្មជាស្ត្រីសរុបនៅកម្ពុជាមាន ៤៧,១% តែទោះជាយ៉ាងនេះក្តីការសម្រាកមាតុភាពដោយទទួលបានប្រាក់ឈ្នួល បច្ចុប្បន្នមានត្រឹមតែ ៩០ថ្ងៃប៉ុណ្ណោះ ពោលគឺតិចជាងចំនួនថ្ងៃអប្បរមាដែលត្រូវបានកំណត់នៅក្នុងអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលកំណត់យក ១៨សប្តាហ៍ (ស្មើនឹង ១២៦ថ្ងៃ) ។
យូនីសេហ្វនិងដៃគូក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ចាត់វិធានការជាក់លាក់ ដើម្បីស្រោចស្រង់ការថយចុះការបំបៅកូនដោយទឹកដោះម្តាយ តាមរយៈការបង្កើតនូវបរិយាកាសកាន់តែប្រសើរ ដើម្បីឱ្យសហគមន៍ គ្រួសារ និងឪពុកម្តាយជួយសម្រួលដល់ការបំបៅកូនដោយទឹកដោះម្តាយ និងបង្កភាពងាយស្រួលឱ្យម្តាយអាចបំបៅកូនរបស់ខ្លួនបាន ។
សកម្មភាពស្រោចស្រង់ការថយចុះការបំបៅកូនដោយទឹកដោះម្តាយតាមរយៈការបង្កើតនូវបរិយាកាសកាន់តែប្រសើរ រួមមាន ពង្រឹងការអនុវត្តលិខិតបទដ្ឋានជាតិដែលមានរួចស្រាប់ (អនុក្រឹត្យលេខ១៣៣) ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ និងផលិតផលផ្សេងៗទៀត ដែលអាចនាំឱ្យការបំបៅកូនដោយទឹកដោះម្តាយមានការថយចុះ ស្របតាមបទដ្ឋានអន្តរជាតិស្តីពីការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយ ។
ម្យ៉ាងទៀតគំាទ្រដល់ម្តាយដែលនៅកំពុងបំបៅដោះកូននៅតាមទីកន្លែងធ្វើការរបស់ពួកគេ តាមរយៈការផ្តល់ពេលវេលាសម្រាកមាតុភាពដោយមានប្រាក់ឈ្នួលយ៉ាងហោចណាស់រយៈពេល ៦ខែ ការផ្តល់ម៉ោងធ្វើការដោយមានភាពបត់បែន មានបន្ទប់បំបៅដោះកូន និងទារកដ្ឋាន ។ ជាមួយគ្នានេះ ត្រូវផ្តល់ប្រឹក្សាអំពីការបំបៅកូនដោយទឹកដោះម្តាយដោយអ្នកជំនាញ និងផ្តល់ការគាំទ្រឱ្យម្តាយអាចបំបៅដោះកូនបានចាប់តាំងពីពេលសម្រាល និងក្រោយពេលម្រាល ។
បន្ថែមលើនេះ ភាគីពាក់ព័ន្ធត្រូវបង្កើនការយល់ដឹងរបស់សាធារណជន និងពង្រឹងការកៀរគរចលនាសង្គម ផ្តោតលើសារៈសំខាន់នៃ ការឆាប់បំបៅកូនដោយទឹកដោះម្តាយ និងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ដោយប្រើប្រាស់ច្រកអប់រំផ្សព្វផ្សាយនានា ។ ពិសេសជាងនេះ ភាគីពាក់ព័ន្ធត្រូវចូលរួមជំរុញឱ្យសមាជិកគ្រួសារ ជាពិសេសឪពុក ជីដូន និងអ្នកផ្តល់ការថែទាំដទៃទៀត ចូលរួមផ្សព្វផ្សាយពីការបំបៅកូនដោយទឹក ដោះ ម្តាយ និងជួយឱ្យម្តាយធ្វើការសម្រេចចិត្តផ្អែកលើព័ត៌មានត្រឹមត្រូវអំពីការបំបៅកូនដោយទឹកដោះម្តាយ ។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្រសួងសុខាភិបាលបាននឹងកំពុងអនុវត្តសកម្មភាពជាច្រើន ដើម្បីលើកទឹកចិត្តឱ្យមានការអនុវត្តទម្លាប់ចិញ្ចឹមទារក និងកុមារតូចឱ្យបានល្អបំផុត ដូចជា ការអនុវត្តគំនិតផ្តួចផ្តើមមណ្ឌលសុខភាពស្រឡាញ់ទារក និងគោលនយោបាយជាតិស្តីពីការចិញ្ចឹមទារក និងកុមារតូចជាដើម ។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី ៖ “យើង (ក្រសួង) សូមលើកទឹកចិត្តឱ្យបុគ្គលិកសុខាភិបាលទំាងអស់អនុវត្តតាមអនុក្រឹត្យលេខ១៣៣ ស្តីពីទីផ្សារផលិតផលសម្រាប់ទារក និងអាហារបំប៉នសម្រាប់កុមារ និងចូលរួមការពារ លើកកម្ពស់ និងគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយនៅតាមកន្លែងធ្វើការរបស់ពួកគេ។”
ចំណែកលោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំប្រទេសកម្ពុជា មានប្រសសន៍ថា ទឹកដោះម្តាយ គឺជាអំណោយដ៏ពិសិដ្ឋមួយដែលម្តាយអាចផ្តល់ឱ្យកូនរបស់ខ្លួន ។ ទារកបៅទឹកដោះម្តាយ ច្រើនតែបន្តរស់រាន ទទួលបានការការពារកាន់តែប្រសើរទប់ទល់នឹងជំងឺដែលបង្កការគំរាមកំហែងដល់ជីវិត និងអាចចម្រើនវ័យក្លាយជាមនុស្សពេញវ័យដែលមានសុខភាពមាំមួន ។
លោកបណ្ឌិត វីល ផាកស៍ បានបន្តទៀតថា ៖ “យើងត្រូវបន្តការប្តេជ្ញាចិត្តរួមគ្នាកសាងនូវបរិយាកាសកាន់តែប្រសើរ ដើម្បីផ្តល់ឱ្យស្ត្រីជាម្តាយទទួលបានចំណេះដឹង និងលទ្ធភាពបំបៅកូនដោយទឹកដោះម្តាយគ្រប់កាលៈទេសៈទាំងអស់ ចាប់តាំងពីពេលសម្រាលកូននៅមណ្ឌលសុខភាព រហូតដល់គេហដ្ឋាន និងកន្លែងធ្វើការរបស់ម្តាយ ។ ការធ្វើបែបនេះ គឺជួយកសាងគ្រឹះសម្រាប់មនុស្ស ជំនាន់ក្រោយរបស់កម្ពុជាឱ្យមានភាពរីកចម្រើន។”
ជាការកត់សម្គាល់ យន្តការមួយជំរុញការបំបៅកូនដោយទឹកដោះម្តាយឱ្យបានពេញលេញរយៈពេល ៦ខែ គឺការប្រើប្រាស់បន្ទប់បំបៅដោះកូននៅកន្លែងធ្វើការឱ្យសកម្ម និងមានភាពរស់រវ៉ើក ។ បន្ទប់បំបៅដោះកូននៅកន្លែងធ្វើការជាបន្ទប់បង្កើនគុណភាពជីវិតទារក និងកុមារ ។ បន្ទប់បំបៅដោះកូននៅកន្លែងធ្វើការអាចជួយឱ្យស្ត្រីបន្តការបំបៅកូនដោយទឹកដោះរហូតដល់កូនអាយុពីរឆ្នាំនិងលើសពីនេះ ។ ការស្វែងយល់ពីច្បាប់ការងារឱ្យបានស៊ីជម្រៅជាចំណែកមួយជំរុញឱ្យបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការកើតឡើង និងដំណើរការជាប្រចាំ ព្រមទាំងអនុវត្តច្បាប់ការងារបានយ៉ាងពេញលេញ ។
គួរបញ្ជាក់ថា ការបង្កលក្ខណៈឱ្យការបំបៅកូនដោយទឹកដោះម្តាយអាចធ្វើទៅបានស្ទើរតែទូទាំងសកលលោក អាចជួយសង្គ្រោះជីវិតកុមារអាយុក្រោម ៥ឆ្នាំ បានចំនួនជាង ៨សែនពីរម៉ឺននាក់ជារៀងរាល់ឆ្នាំនៅទូទាំងសកលលោក និងអាចបង្ការការបាត់បង់ជីវិតបាន ២ម៉ឺនករណីបន្ថែមទៀតពីជំងឺមហារីកដោះ ដែលកើតមានលើស្ត្រីជាម្តាយជារៀងរាល់ឆ្នាំ ។ ទាំងនេះជាអត្ថប្រយោជន៍ផ្នែកសុខភាពដែលគ្រប់គ្នាត្រូវផ្តល់ការគាំទ្រ ៕