ចុងឆ្នាំ២០២៣ អង្គការ FAO ប្រចាំកម្ពុជាគ្រោងអនុវត្តគម្រោងផលិកម្មស្បៀងមានទឹកប្រាក់ជិត ៦៥លានដុល្លារ
ភ្នំពេញ - នៅចុងឆ្នាំ២០២៣ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា មានគោលបំណងចាប់ផ្តើមអនុវត្តគម្រោងថ្មីជាច្រើនដែលមានទឹកប្រាក់សរុបជាង ៦៥លានដុល្លារអាមេរិកដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងដៃគូដទៃទៀត ។ បើតាម FAO គោលដៅអនុវត្តគម្រោងកសិកម្មខាងលើនឹងបង្កើនថវិកាប្រតិបត្តិការសរុបកើនឡើងដល់ ១២០លានដុល្លារ ដែលមានកំណើនជាង ១២០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន ។ នេះបើសេចក្តីប្រកាសព័ត៌មានរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) កាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ ។
កំណើនថវិកាប្រតិបត្តិការសរុបរបស់អង្គការ FAO ថ្មីៗនេះ រួមមានគម្រោង PEARL ដែលទើបទទួលបានការ អនុម័តពី មូលនិធិអាកាសធាតុបៃតង (GCF) ដែលមានថវិកាសរុបចំនួន ៤៣លានដុល្លាអាមេរិក ។ គម្រោង PEARL ផ្តោតលើការលើកកម្ពស់ការបន្សំ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍ មូលដ្ឋាន ហើយគម្រោងនេះវានឹងក្លាយជាគម្រោងដ៏ធំបំផុតសម្រាប់អង្គការ FAO ។
លើសពីនេះ អង្គការ FAO នឹងទទួលបានថវិកាពីមូលនិធិបរិសា្ថនសាកល (GEF) សម្រាប់គម្រោងពង្រឹងផលិតកម្ម សត្វ និងសកម្មភាព ស្ដារធនធានដីនៅតំបន់ការពារធម្មជាតិ ពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) លើគម្រោងការគ្រប់គ្រងព្រៃឈើ និងពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) សម្រាប់គម្រោងក្នុងក្របខណ្ឌ មជ្ឈមណ្ឌលអាសន្នសម្រាប់ជំងឺសត្វឆ្លងដែននៃអង្គការ FAO (ECTAD) ។
អ្នកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជាបានមានប្រសាសន៍ថា ៖ “អង្គការ FAO ប្រចាំប្រទេសកម្ពុជា ទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយនិងរឹងមាំថែមទៀតជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ។ ក្រោមការគាំទ្រដ៏រឹងមាំពីការិយាល័យអង្គការ FAO ប្រចាំតំបន់នៅទីក្រុងបាងកក និងទីស្នាក់ការកណ្ដាលនៅទីក្រុងរ៉ូម ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងអាចសម្រេចបាននូវកិច្ចការទាំងនេះប្រកបដោយផ្លែផ្កា។”
លោកស្រី Bell បានបន្ថែមថា អង្គការ FAO នៅកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តគាំទ្រដល់កម្ពុជា ដើម្បី ជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវអាទិភាពរបស់ខ្លួន តាមរយៈការកសាងប្រព័ន្ធកសិកម្ម ដែលមានប្រសិទ្ធភាព ប្រកបដោយបរិយាប័ន្នមានភាពធន់ និងមាននិរន្តរភាព សម្រាប់ផលិតកម្មល្អ អាហារូប ត្ថម្ភល្អ បរិស្ថានល្អ និងជីវិតកាន់តែប្រសើរឡើងសម្រាប់ទាំងអស់គ្នា ។
សូមជម្រាបថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានបើកជាផ្លូវការការិយាល័យថ្មី របស់ខ្លួននៅក្នុងបរិវេណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងអង្គការ FAO និងប្រទេសកម្ពុជា ៕