អាហារកខ្វក់មានមេរោគចម្លងជំងឺដល់មនុស្សប្រមាណ ៦០០លាននាក់ជារៀងរាល់ឆ្នាំ
ភ្នំពេញ - នាព្រឹកថ្ងៃពុធនេះ ភាគីពាក់ព័ន្ធជាង២០០នាក់អញ្ជើញមកពីវិស័យកសិកម្ម ម្ហូបអាហារ និងអាហារូបត្ថម្ភបានជួបជុំគ្នានៅសណ្ឋាគារភូគីត្រា រាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការត្រៀមបង្ការហានិភ័យលើសុវត្ថិភាពម្ហូបអាហារ” ។ ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជាឆ្នាំនេះ របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញឱ្យដឹងថា ជារៀងរាល់ឆ្នាំអាហារកខ្វក់មានមេរោគចម្លងជំងឺដល់មនុស្សនៅទូទាំងពិភពលោកប្រមាណ ៦០០លាននាក់ជារៀងរាល់ឆ្នាំ ។ នៅកម្ពុជាជំងឺឆ្លងតាមម្ហូបអាហារ គឺជាកង្វល់ដ៏សំខាន់ក្នុងវិស័យសុខភាពសាធារណៈ ។
នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល បានរាយការណ៍ពីការផ្ទុះឡើងនៃការពុលម្ហូបអាហារចំនួន ១៣៤លើកនៅចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ដែលបណ្តាលឱ្យកើនឡើងរហូតដល់ ៥៨២៥ករណី ដោយក្នុងនោះ ៥៥៩៨ករណីត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែក ៨១ករណីទៀតទទួលមរណភាព។ ក្រសួងពាណិជ្ជកម្មក៏បានរាយការណ៍ផងដែរថា គិតត្រឹមតែឆ្នាំ២០២០ អាហារផុតកំណត់ ឬខូចគុណភាពជាង ២០០តោនត្រូវបានរឹបអូសពីទីផ្សារ និងបានបំផ្លាញចោល ។ ឧប្បត្តិហេតុទាំងអស់នេះបង្ហាញពីភាពចាំបាច់ក្នុងការកែលម្អវិធានការសុវត្ថិភាពម្ហូបអាហារ ដើម្បីជួយការពារសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ជំងឺឆ្លងតាមម្ហូបអាហារ និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងអង្គការសុខភាពពិភពលោក តែងតែប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅថ្ងៃទី៧ ខែមិថុនាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩ ។ ការប្រារព្ធទិវានេះ មានគោលបំណងលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ និងលើកទឹកចិត្តបុគ្គលគ្រប់រូបចូលរួមឱ្យចាត់វិធានការ ដើម្បីធានាឱ្យបាននូវម្ហូបអាហារប្រកបដោយសុវត្ថិភាពសម្រាប់ទទួលទាន ។
សូមរំលឹងផងដែរថា ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក ឆ្នាំ២០២៤ បានដឹកនាំប្រារព្ធដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) គាំទ្រពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ អង្គការសុខភាពពិភពលោក (WHO) អង្គការហេទ្បែនខេលល័រអន្តរជាតិ (HKI) អង្គការទស្សនៈពិភពលោក (WVI) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) អង្គការសហគ្រាសអភិវឌ្ឍន៍អន្តរជាតិ (iDE) និងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៕