វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី ៖ កន្លែងធ្វើការគួររៀបចំបន្ទប់សមរម្យគាំទ្រដល់ស្រ្តីបំបៅកូនដោយទឹកដោះម្តាយ


ភ្នំពេញ - លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយមានសារៈសំខាន’សម្រាប់សុខភាព និងសុខុមាលភាពរបស់ទារក និងម្តាយ ។ ទន្ទឹមនឹងនេះសមាជិកគ្រួសារ គឺជាចលករយ៉ាងសំខាន់ក្នុងការជួយគាំទ្រ និងលើកទឹកចិត្តដល់ម្តាយក្នុងការបំបៅកូនដោយទឹកដោះម្តាយប្រកបដោយជោគជ័យ ។ លើសពីនេះ កន្លែងធ្វើការងារនីមួយៗ គួររៀបចំបន្ទប់សមរម្យដែលមានភាពងាយស្រួលគាំទ្រដល់ស្រ្តីបំបៅកូនដោយទឹកដោះម្តាយ ។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បន្តលើកឡើងថា ស្ត្រីអាចបន្តបំបៅកូនដោយទឹកដោះម្តាយបានពេញលេញតាមរយៈការច្របាច់ទឹកដោះទុក ឬបង្កើតបន្ទប់បំបៅនៅកន្លែងធ្វើការ ។ កន្លែងធ្វើការគួររៀបចំទីកន្លែងសមរម្យបង្កលក្ខណៈងាយស្រួលដល់ស្រ្តីក្នុងការបំបៅដោះកូន ដោយប្រាកដថាកូនៗរបស់ពួកគាត់មានសុខភាពល្អ និងចៀសផុតពីបញ្ហាកង្វះអាហារូបត្ថម្ភ ។
ជាមួយគ្នានេះដែរ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី មានប្រសាសន៍ថា តាមរយៈការប្រើប្រាស់បណ្តាញទំនាក់ទំនងចម្រុះ រួមមាន វិទ្យុ ទូរទស្សន៍ កាសែត និងប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីការបំបៅកូនដោយទឹកដោះម្តាយ អត្ថប្រយោជន៍នៃ ទឹកដោះម្តាយ និងការអនុវត្តដ៏ល្អបំផុតដែលម្តាយអាចអនុវត្តតាម ។ ការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងយ៉ាងសកម្មទាំងនេះ រួមចំណែកកាត់បន្ថយកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំនៅកម្ពុជា ។
គួរបញ្ជាក់ថា បើផ្អែកតាមច្បាប់ការងារនៅកម្ពុជា មាត្រា១៨៤ បានចែងថា ស្ត្រីមានរយៈពេល ១ម៉ោងក្នុងមួយថ្ងៃដើម្បីបំបៅដោះកូននៅក្នុងម៉ោងពេលបំពេញការងារ ។ មាត្រា១៨៦ តម្រូវឱ្យសហគ្រាសដែលមានបុគ្គលិកស្ត្រីចាប់ពី ១០០នាក់ឡើងទៅ ត្រូវបង្កើតបន្ទប់ដាច់ដោយឡែកសម្រាប់បំបៅដោះកូននៅក្នុងគ្រឹះស្ថាន ឬមានទីតាំងស្ថិតនៅជិតកន្លែងបំពេញការ ។
សូមជម្រាបថា ការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល នៅក្នុងកម្មវិធីប្រគល់រង្វាន់លើកទឹកចិត្តប្រកួតប្រជែងសរសេរអត្ថបទសម្រាប់អ្នកសារព័ត៌មានឆ្នើម ក្រោមប្រធានបទ “បង្កើតបរិយាកាសងាយស្រួលនៅកន្លែងការងារ ដើម្បីលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ” នារសៀលថ្ងៃទី២១ ខែកញ្ញា នៅសណ្ឋាគាកាំបូឌីយ៉ាណា រាជធានីភ្នំពេញ រៀបចំដោយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា និងអង្គការដៃគូរពាក់ព័ន្ធ ៕

