គម្រោងលើកកម្ពស់ការស្រាវជ្រាវរបស់និស្សិតជលផលជួយពង្រឹងនិរន្តរភាពស្បៀង និងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

ថ្ងៃសុក្រ ទី២៦ ខែមករា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 280
1

ភ្នំពេញ - លោកស្រី Rebekah BELL តំណាងអង្គការស្បៀង និងកសិកម្ម (FAO) ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា គម្រោងគាំទ្រការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រជលផល និងកសិកម្ម កំពុងជួយនិស្សិតសិក្សាកសិកម្មឱ្យមានឱកាសស្រាវជ្រាវកាន់តែទូលាយ ព្រមទាំងចូលរួមលើកកម្ពស់ដល់និរន្តរភាពផលិតកម្មស្បៀង អាហារូបត្ថម្ភ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ។  ការលើកឡើងរបស់លោកស្រីនៅក្នុងពិធីអបអរភាពជាដៃគូរយៈពេលពីរឆ្នាំនៃការបំពេញការងារក្នុងវិស័យជលផលជាមួយនឹងសាកលវិទ្យាល័យធំៗចំនួនបួននៅប្រទេសកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ។ 

 

 

កម្មវិធីពង្រីងសមត្ថភាពនិស្សិតកសិកម្មចំនួន ៣៧នាក់មកពីសាកលវិទ្យាល័យទាំងបួនខាងលើនេះ ទទួលបានជំនួយពីមូលនិធិពីសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា តាមរយៈគម្រោងជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (CAPFISH-Capture) ។ លោកស្រី Rebekah BELL មានប្រសាសន៍បញ្ជាក់ថា ក្រៅពីនិស្សិតទទួលបានចំណេះដឹង និងបទពិសោធន៍ការងារពីឱកាសចុះកម្មសិក្សានៅតាមខណ្ឌរដ្ឋបាលជលផលនៅបណ្តាខេត្តនានា ពួកគេបានរកឃើញព័ត៌មានចូលរួមអភិវឌ្ឍន៍វិស័យជលផលឱ្យកាន់តែប្រសើរឡើង និងអាចបើកឱកាសឱ្យនិស្សិតមានសមត្ថភាពបំពេញការងារនៅក្នុងក្របខណ្ឌការងារជលផល និងវិស័យឯកជនផ្សេងៗ ។ 

 

 លោកស្រី Rebekah BELL តំណាងអង្គការស្បៀង និងកសិកម្ម (FAO) ប្រចាំប្រទេសកម្ពុជា បញ្ជាក់យ៉ាងដូច្នេះថា ៖តាមរយៈគម្រោងនេះ យើងអាចនិយាយជារួមបានថា ផ្តោតសំខាន់លើការលើកកម្ពស់សង្គមសេដ្ឋកិច្ចនៅកម្ពុជាឱ្យកាន់តែល្អបប្រសើរ ព្រោះយើងដឹងហើយថា ៧០% នៃប្រជាជនកម្ពុជាយើងទទួលទានត្រីដែលមានជាតិប្រូតេអ៊ីន ដោយប្រូតេអ៊ីនទាំងនោះទទួលបានពីត្រីតែម្តង ។ គម្រោងយើងផ្តោតលើការងារវារីវប្បកម្ម ដែលកិច្ចការងារនេះនឹងជួយដល់ការពង្រឹងសេដ្ឋកិច្ច សុខភាព ផលិតកម្មនិងនិរន្តភាពស្បៀង អាហារូបត្ថម្ភ និងជួយដល់ធនធានជលផលនៅតាមតំបន់បឹងទន្លេសាប

 

ដើម្បីបង្កើនចំណេះដឹងផ្នែកជលផលនៅកម្ពុជា អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានសហការជាមួយរដ្ឋបាលជលផលគាំទ្រដល់ការស្រាវ ជ្រាវ និងកម្មវិធីហាត់ការរបស់និស្សិតសាកលវិទ្យាល័យធំៗ ចំនួនបួន មានដូចជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប, វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម, និងសាកលវិទ្យាល័យក្រចេះ ព្រមទាំងគ្រឹះស្ថានសិក្សាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យជលផល ។ 

 

និស្សិតកសិកម្មដែលបានជ្រើសរើសនៅសាកលវិទ្យាល័យទាំងបួន ទទួលបានជាចំណេះដឹង និងជំនាញពាក់ព័ន្ធផ្នែកជលផលតាមរយៈការស្រាវជ្រាវ និងកម្មវិធីហាត់ការរបស់ពួកគេ ដែលចំណេះដឹងទាំងនេះសុទ្ធសឹងជាជំនាញចាំបាច់សម្រាប់អាជីពការងាររបស់ពួកគេនាពេលអនាគត ។ ទន្ទឹមគ្នានេះគម្រោងគាំទ្រការសិក្សាខាងលើ បាននិស្សិតហាត់ការម្នាក់ៗទទួលបានថវិកាចំនួន ៣ពាន់ដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវរយៈពេល ៦ខែដំបូង ព្រមទាំងថវិកាឧបត្ថម្ភប្រចាំខែចំនួន ៥០០ដុល្លារសហរដ្ឋអាមេរិករយៈពេល ៦ខែបន្ទាប់ សម្រាប់ការចំណាយលើការស្នាក់នៅ និងម្ហូបអាហារកំឡុងពេលនិសិ្សតកំពុងហាត់ការនៅតាមខណ្ឌរដ្ឋបាលជលផល ។

 

តំណាងអង្គការស្បៀង និងកសិកម្ម (FAO) ប្រចាំប្រទេសកម្ពុជា លោកស្រី Rebekah BELL  បន្តយល់ឃើញថា ៖វាពិតជាបានចូលរួមចំណែកជួយដល់ការថែរក្សាព្រៃឈើ វានឹងជួយកាត់បន្ថយដល់ការប្រែប្រួលអាកាសធាតុ ព្រមទាំងជួយបង្កើនភាពធន់នៅក្នុងនោះផលដែរ កាត់បន្ថយការកើនកម្តៅ ពិសេសកម្តៅកើតចេញពីផ្ទៃទឹកសមុទ្រដែលប៉ះពាល់ដល់ធនធានមច្ឆាជាតិ ព្រមទាំងពាក់ព័ន្ធដល់ផ្នែកផ្សេងៗនៃជីវៈចម្រុះនៅតាមបណ្តាផ្ទៃទឹកទាំងអស់

 

គួររំលឹកដែរថា ការពង្រឹងការសិក្សាស្រាវជ្រាវ និងការអប់រំក្នុងវិស័យជលផល គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀត ដែលភាគីពាក់ព័ន្ធកំពុងអនុវត្តជាផ្នែកមួយនៃការគាំទ្របន្ថែមរបស់អង្គការ FAO កម្មវិធី CAPFISH-Capture ក្នុងគោលបំណងជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាព ដែលគិតគូពីភាពធន់នឹងអាកាសធាតុនៅតំបន់ទឹកសាបនិងតំបន់ឆ្នេរ ៕

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង