រយៈពេលបីថ្ងៃយុវជននិងកុមារខេត្តស្ទឹងត្រែង ១២៥នាក់ទទួលបានចំណេះដឹងប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ
1
ភ្នំពេញ - គិតត្រឹមថ្ងៃទី២៨ ខែមេសានេះ មានយុវជននិងកុមារមកពីស្រុកចំនួនបី នៃខេត្តស្ទឹងត្រែង សរុបចំនួន ១២៥នាក់ បានចូលរួមសិក្ខាសាលាស្តីពីប្រព័ន្ធស្បៀង រៀបចំដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រួមជាមួយអង្គការយូនីសេហ្វ និងមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ។ នេះបើតាមព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។
សូមជម្រាបថា សិក្ខាសាលាស្តីពីប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ រៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងស្តីពីប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ (ខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង បរិស្ថានស្បៀង ឥរិយាបថអ្នកប្រើប្រាស់) ដើម្បីចែករំលែកចំណេះដឹងបន្តទៅកាន់មិត្តភក្តិ និងប្រជាជននៅក្នុងសហគមន៍របស់ពួកគេ ។
- ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា សិក្ខាសាលាបានប្រព្រឹត្តទៅនៅស្រុកសេសាន ខេត្តស្ទឹងត្រែង មានអ្នកចូលរួមប្រមាណ ៤៥នាក់ ។
- ថ្ងៃពុធ ទី២៧ ខែមេសា សិក្ខាសាលាបានប្រព្រឹត្តទៅនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានអ្នកចូលរួមប្រមាណ ៣០នាក់ ។
- ថ្ងៃអង្គារ៍ ទី២៦ ខែមេសា សិក្ខាសាលាបានប្រព្រឹត្តទៅនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានអ្នកចូលរួមប្រមាណ ៥០នាក់។