អ្នកសារព័ត៌មានជាដៃគូដ៏សំខាន់លើកកម្ពស់ការយល់ដឹងអាហារូបត្ថម្ភ សន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ


ភ្នំពេញ - អង្គការហេទ្បែន ខេលល័រ អន្តរជាតិកម្ពុជា បានផ្តួចផ្តើមឱ្យមានក្រុមអ្នកសារព័ត៌មានជើងឯងអាហារូបត្ថម្ភ (Media Nutrition Champions) ចាប់តាំងពីឆ្នាំ២០២១ រហូតមកទល់បច្ចុប្បន្ន ។ ការបង្កើតឱ្យមានក្រុមអ្នកសារព័ត៌មានជើងឯងអាហារូបត្ថម្ភក្នុងគោលបំណងបង្កើនការផ្សព្វផ្សាយព័ត៌មានជុំវិញប្រធានបទការយល់ដឹងអំពីចំណេះដឹងអាហារូបត្ថម្ភ, សុវត្ថិភាពស្បៀង, ការចិញ្ចឹទារក និងកុមារ, ការថែទាំសុខភាពមាតា និងទារក, ការលើកកម្ពស់ទឹកស្អាត និងអនាម័យ, ព្រមទាំងចំណេះដឹងពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារជាដើម ។ អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ចូលរួមលើកកម្ពស់សុខុមាលភាពសង្គមតាមរយៈការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់ទៅកាន់សាធារណជន ។ នេះបើតាមការលើកឡើងរបស់លោក ហ៊ូ ក្រើន នាយកអង្គការហេទ្បែន ខេលល័រ អន្តរជាតិកម្ពុជា ។
លោក ហ៊ូ ក្រើន នាយកអង្គការហេទ្បែន ខេលល័រ អន្តរជាតិកម្ពុជា មានប្រសាសន៍បញ្ជាក់បន្ថែមថា អង្គការជាតិ អង្គការអន្តរជាតិ និងរាជរដ្ឋាភិបាល មានលទ្ធភាពកាន់តែទូលំទូលាយទ្រដល់អ្នកសារព័ត៌មានឱ្យមានលទ្ធភាព និងសមត្ថភាពរាយការណ៍ព័ត៌មានជុំវិញប្រធានបទអាហារូបត្ថម្ភ, សុវត្ថិភាពស្បៀង និងប្រព័ន្ធស្បៀង, ការចិញ្ចឹទារក និងកុមារ, ការថែទាំសុខភាពមាតា និងទារក, និងសុវត្ថិភាពចំណីអាហារ ។ អ្នកសារព័ត៌មានកំពុងចាប់អារម្មណ៍ប្រធានបទទាំងនេះ ហើយកំពុងចូលរួមចំណែកផ្លាស់ប្តូរឥរិយាបថរស់នៅរបស់ប្រជាពលរដ្ឋឱ្យយល់ដឹងពីសុខភាព និងសុវត្ថិភាពអាហារទទួលទានប្រចាំថ្ងៃ ។
នៅក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនដល់ក្រុមអ្នកសារព័ត៌មានជើងឯងអាហារូបត្ថម្ភជុំទី៦ កាលពីថ្ងៃទី១៩ ខែកក្កដាកន្លងទៅ លោក ហ៊ូ ក្រើន នាយកអង្គការហេទ្បែន ខេលល័រ អន្តរជាតិកម្ពុជា បានលើកឡើងថា ក្រុមអ្នកសារព័ត៌មានជើងឯងអាហារូបត្ថម្ភបានចូលរួមផលិតមាតិកា និងអត្ថបទព័ត៌មានប្រមាណជាង ១ពាន់ចំណងជើងដែលឆ្លុះបញ្ចាំងពីបទពិសោធន៍ ចំណេះដឹងពីអ្នកជំនាញ លទ្ធផលសិក្សាស្រាវជ្រាវនានាជុំវិញទិដ្ឋភាពនៃការលើកកម្ពស់អាហារូបត្ថម្ភ និងប្រធានបទពាក់ព័ន្ធ ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មាន និងការចូលរួមយ៉ាងសកម្មរបស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងទៅកាន់ប្រជាពលរដ្ឋកម្ពុជា ។
គួរបញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានជើងឯងអាហារូបត្ថម្ភ បានបង្កើតឡើងតាមរយៈគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា (MUSEFO) ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណៈរដ្ឋសហពន្ឋ័អាល្លឺម៉ង់ អនុវត្តដោយអង្គការ GIZ បានចុះកិច្ចព្រមព្រៀងអនុវត្តជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
គម្រោងបានចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ព្រមទាំងផ្ដល់ឱកាសឲ្យអ្នកសារព័ត៌មានរាយការណ៍ព័ត៌មានជាច្រើនទាក់ទងទៅនឹងចំណេះដឹងស្ដីពីអាហារូបត្ថម្ភ ។ លើសពីនេះ គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្ម និងជនបទ (CARD) ,ក្រសួងសុខាភិបាល, ក្រសួងព័ត៌មាន, ក្រសួងពាណិជ្ជកម្ម, និងក្រសួងផែនការ ព្រមទាំងអង្គការដៃគូរអភិវឌ្ឍន៍នានា ដើម្បីពង្រឹងចំណេះដឹងជំនាញ និងសមត្ថភាពដល់អ្នកសារព័ត៌មាន ។
សូមជម្រាបថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ រយៈពេលជាង ៣ឆ្នាំ គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា (MUSEFO) បានគាំទ្រការបណ្តុះបណ្តាលចំណេះដឹងជាបន្តបន្ទាប់ដល់អ្នកសារព័ត៌មាន, រៀបចំដំណើរទស្សនកិច្ចសិក្សាអ្នកសារព័ត៌មានទៅកាន់ខេត្តគោលដៅគម្រោង, ព្រមទាំងរៀបចំវេទិកាប្រកួតប្រជែងអត្ថបទសារព័ត៌មានចំនួន ៧លើក ។ ការប្រកួតប្រជែងអត្ថបទសារព័ត៌មាន បានផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានបង្កើតគំនិតច្នៃប្រតិដ្ឋថ្មីៗ ជុំវិញប្រធានបទអាហារូបត្ថម្ភនៅកម្ពុជា ៕

