ក្រសួងសុខាភិបាលពិភាក្សាបង្កើតស្តង់ដាកំណត់បរិមាណសារជាតិចិញ្ចឹមអាហារបន្ថែមសម្រាប់កុមារអាយុពី៦ខែ ដល់បីឆ្នាំ


ភ្នំពេញ - លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចស្ដីពីការបង្កើតស្តង់ដាកំណត់បរិមាណសារជាតិចិញ្ចឹមអាហារបន្ថែមសម្រាប់កុមារអាយុពី ៦ខែ ដល់៣៦ខែ (បីឆ្នាំ) នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនានេះ ។
ផ្អែកតាមខ្លឹមសាររួម ការរៀបចំបង្កើតស្តង់ដាជាតិពីការបង្កើតស្តង់ដាកំណត់បរិមាណសារជាតិចិញ្ចឹមអាហារបន្ថែមសម្រាប់កុមារអាយុពី ៦ខែ ដល់៣៦ខែ គឺផ្អែកជាមូលដ្ឋានតាមកូដិចអន្តរជាតិ គោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ។
គោលបំណងនៃកិច្ចប្រជុំគណៈកម្មការនេះ ធ្វើឡើងដើម្បីពិនិត្យនិងពិភាក្សាលម្អិតទៅលើមាតិកាក្នុងសេចក្តីព្រាងស្តង់ដាជាតិ ស្តីពីផលិតផលអាហារបន្ថែមសម្រាប់កុមារអាយុពី ៦ខែ ដល់៣៦ខែ ដែលរាប់បញ្ជូលទាំងវិសាលភាព និយមន័យ ប្រភេទអាហារបន្ថែម លក្ខខណ្ឌនិងតម្រូវការ អនាម័យច្រវ៉ាក់ផលិតកម្ម របៀបប្រើប្រាស់ និងការទុកដាក់ជាដើម ។
លទ្ធផលនៃការកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចនាថ្ងៃនេះ បានពិភាក្សា និងសម្រេចលើមាតិកា ដូចជា គោលការណ៍ទូទៅ, បញ្ជីគ្រឿងផ្សំ, ជំនួយផ្នែកផលិតផលកែច្នៃ និងការប្រើប្រាស់សារធាតុបន្ថែម, បរិមាណសុទ្ធ និងទម្ងន់សុទ្ធ, ឈ្មោះ និងអាសយដ្ឋាន, ការណែនាំអំពីការកំណត់កាលបរិច្ឆេទ និងការរក្សាទុកផលិតផល, ព័ត៌មានពីការប្រើប្រាស់ផលិតផល, ព័ត៌មានអាហារូបត្ថម្ភ, និងបញ្ជីសារជាតិចិញ្ចឹម ។
សូមជម្រាបថា កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចស្ដីពីការបង្កើតស្តង់ដាកំណត់បរិមាណសារជាតិចិញ្ចឹមអាហារបន្ថែមសម្រាប់កុមារអាយុពី ៦ខែ ដល់៣៦ខែ មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃកម្មវិធីជាតិអាហារូបត្ថម្ភ និងការិយាល័យសុវត្ថិភាពចំណីអាហារ ព្រមទាំងដៃគូអភិវឌ្ឍន៍សុខាភិបាលពាក់ព័ន្ធសំខាន់ៗដែលមានជំនាញ និងបទពិសោធន៍ផ្នែកអាហារូបត្ថម្ភ រួមមាន ថ្នាក់ដឹកនាំ និងតំណាងអង្គការហេឡែន ខេលល័រ អន្តរជាតិកម្ពុជា, អង្គការ UNICEF, អង្គការ Plan International កម្ពុជា, អង្គការសុខភាពពិភពលោក (WHO), តំណាងធនាគាពិភពលោក (WB) និងអង្គការ World Vision Cambodia ។

