នាយករដ្ឋមន្ត្រីស្នើឱ្យភាគីពាក់ព័ន្ធសិក្សាលទ្ធភាពបង្កើតទារកដ្ឋាននៅតាមតំបន់រោងចក្រ


ភ្នំពេញ - នាជំនួបសំណះសំណាលលើកដំបូងជាមួយកម្មករ-កម្មការិនីរោងចក្រជាង ២ម៉ឺននាក់នៅព្រឹកថ្ងៃអង្គារ៍នេះ ឯកឧត្តមទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍នៅតាមតំបន់រោងចក្រ ដើម្បីជួយគាំទ្រដល់សុខភាព និងផ្តល់ការអប់រំដល់កូនចៅប្រជាពលរដ្ឋ ។
ឯកឧត្តមទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងភាគីកម្មករ-និយោជិត ព្រមទាំងភាគីកម្មករ ត្រូវរួមគ្នាសិក្សាពីលទ្ធភាពបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍នៅក្បែរតំបន់ដែលមានរោងចក្រ ។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវសហការជាមួយភាគីពាក់ព័ន្ធជំរុញលើការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រដែលកំពុងដំណើរឱ្យបានសមរម្យសម្រាប់កម្មករ-និយោជិត ។
សូមជម្រាបថា ការលើកសំណើរដល់ក្រសួងការងាររបស់ឯកឧត្តមទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី គឺស្ថិតនៅក្នុងកម្មវិធីគោលនយោបាយអាទិភាពមួយក្នុងចំណោមគោលនយោបាយអភិវឌ្ឍតាមវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ២០២៣ - ២០២៨ ។ កម្មវិធីនយោបាយនេះ បានដាក់ចេញគោលដៅយុទ្ធសាស្ត្រចំនួន៥ គោលនយោបាយចម្បងៗជាអាទិភាពចំនួន៥ គោលនយោបាយអភិវឌ្ឍតាមវិស័យចំនួន១៨ និងកម្មវិធីគោលនយោបាយជាអាទិភាពចំនួន៦ ត្រូវអនុវត្តចាប់ពីឆ្នាំ២០២៣ តទៅ ដែលជាក្របខ័ណ្ឌសម្រាប់តម្រង់ទិសការងាររបស់រាជរដ្ឋាភិបាលក្នុងការបន្តបំពេញបេសកកម្មបម្រើជាតិ និងប្រជាជននៅក្នុងនីតិកាលទី៧ ៕

